ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធ្យូប កាហ្វេ សម្ពោធផ្លូវការសាខាខេត្តបាត់ដំបង ដំបូងគេបង្អស់បន្ទាប់ពីសាខាទាំង ៣២ នៅទូទាំងរាជធានីភ្នំពេញ

1 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ធ្យូបកាហ្វេ ( TUBE Coffee ) ដែលជាក្រុមហ៊ុនយីហោម៉ាកខ្មែរល្បីមួយបង្កើតឡើងដោយស្ថាបនិកខ្មែរ ៣ រូបក្នុងឆ្នាំ…

ខេត្តបាត់ដំបង ៖ ធ្យូបកាហ្វេ ( TUBE Coffee ) ដែលជាក្រុមហ៊ុនយីហោម៉ាកខ្មែរល្បីមួយបង្កើតឡើងដោយស្ថាបនិកខ្មែរ ៣ រូបក្នុងឆ្នាំ ២០១៧ បានបើកសម្ពោធជាផ្លូវការសាខាថ្មីរបស់ខ្លួនស្ថិតទៅតាមបណ្ដោយផ្លូវជាតិលេខ ៥ ក្នុងក្រុងបាត់ដំបង ដែលជាតំបន់មានសក្ដានុពលខ្លាំងក្នុងវិស័យអាជីវកម្ម និងទេសចរណ៍ ក្រោមអធីបភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ុក ម៉ារ៉េត អ្នកតំណាងរាស្រ្ដខេត្ត តាកែវ និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងលោកជំទាវ ជាភ្ញៀវកិត្តិយសសម្រាប់អង្គពិធីទាំងមូល ។

នៅក្នុងពិធីសម្ពោធជាផ្លូវការនៅកាលពីថ្ងៃទី ២៧ សីហា ២០២៣ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានលើកឡើងថា នៅទឹកដីខេត្តបាត់ដំបងបច្ចុប្បន្នមានសក្ដានុពលកាន់តែរីក ចម្រើនលើគ្រប់វិស័យ ពិសេសវិស័យទេសចរណ៍ និងវិស័យផ្សេងៗទៀតដែលរាជរដ្ឋាភិបាលបានកំណត់យកជាខេត្តស្ថិតក្នុងប៉ូលទី ៤ ក្នុងវិស័យសេដ្ឋកិច្ចជាតិ ។

ឯកឧត្តមបានស្វាគមន៍ និងអបអរសាទរម្ចាស់ហាង ធ្យូប កាហ្វេ ដែលទើបនឹងបើកសម្ពោធជាផ្លូវការនៅលើទឹកដីខេត្តបាត់ដំបងនេះ ហើយក៏នឹងបន្ដគាំទ្រដល់អ្នកវិនិយោគមកដាក់ទុនរកស៊ីនៅខេត្តនេះជាបន្ដបន្ទាប់ផងដែរ ។

កញ្ញា ស៊ូ មុន្នីពេជ្រ អគ្គនាយិកា ក្រុមហ៊ុន ធ្យូប កាហ្វេ មានប្រសាសន៍ថា បច្ចុប្បន្ន ធ្យូប កាហ្វេ មានសាខាសរុបទាំងអស់ ៣២ សាខាទូទាំងរាជធានីភ្នំពេញ ។ ដោយបានមើលឃើញការដឹកនាំយ៉ាងល្អរបស់ថ្នាក់ដឹកនាំកំពូល និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ក្រុមហ៊ុនបានសម្រេចចិត្តបើកដំណើរការសាខានៅខេត្តបាត់ដំបងដែលជាសាខាដំបូងនៅតាមបណ្ដាខេត្ត ជាក្រុងមួយដែលមានសក្ដដានុពលខ្លាំងលើវិស័យពាណិជ្ជកម្ម និងទេសចរណ៍ ។ កញ្ញាបន្ដដោយធ្វើការអបអរសាទរសម្រាប់ការបើកសម្ពោធជាផ្លូវការនៅក្នុងថ្ងៃនេះដែលមានលោកស្រី ចាន់ សុជាតា ជាម្ចាស់ និង សូមជូនពរលោកស្រី ព្រមទាំងក្រុមគ្រួសារទទួលបានជោគជ័យក្នុងអាជីវកម្មផងដែរ ។

ក្រោយពិធីកាត់ខ្សែបូរសម្ពោធជាផ្លូវការក្រោមអធីបតីភាពរបស់ឯកឧត្តម ម៉ុក ម៉ារ៉េត អ្នកតំណាងរាស្រ្ដខេត្ត តាកែវ ឯកឧត្តម សុខ លូ អភិបាលខេត្ដបាត់ដំបង និងលោកជំទាវ ធ្យូប កាហ្វេ សាខាបាត់ដំបង ក៏បានបន្ដសកម្មភាពការបើកសម្ពោធជាផ្លូវការរបស់ខ្លួនដោយបានធ្វើការចែកកាដូជូនដល់អតិថិជនរហូតដល់ទៅ ៩៩៩ រង្វាន់នាថ្ងៃបន្ទាប់ទី ២៨ សីហា ២០២៣ ដែលមានអតិថិជនមកចូលរួមយ៉ាងកុះករតាំងពីព្រឹករហូងដល់យប់ ។

ធ្យូប កាហ្វេ ត្រូវបានគាំទ្រ និង មានការពេញនិយមយ៉ាងខ្លាំងក្លាពីសំណាក់ប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ ។ កាហ្វេថ្នល់ ផ្ទុះការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់យុវវ័យបងប្អូនសិស្សានុសិស្ស បុគ្គលិកធ្វើការ និងអាជីវករគ្រប់ទិសទីចាប់តាំងពីថ្ងៃបើកហាងដំបូងរហូតមកទល់បច្ចុប្បន្ន ។ តាមពិតទៅ កាហ្វេថ្នល់ ពាក្យខ្លីសម្រាប់កាហ្វេតាមចិញ្ចើមថ្នល់ គឺជាប្រភេទកាហ្វេទឹកដោះគោទឹកកក និង ជាកាហ្វេប្រចាំហាងរបស់យើងផងដែរ ដែលត្រូវបានសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់តាមរសជាតិប្រជាជនកម្ពុជា ។

លើសពីនេះ ក្រុមហ៊ុនមានសន្ទុះលូតលាស់អភិវឌ្ឍទៅមុខយ៉ាងគួរឲ្យកត់សម្គាល់ ព្រោះក្រុមការងារបានប្រកាន់ទៅលើពាក្យស្លោក រហ័ស តម្លៃសមរម្យ និងគុណភាពខ្ពស់ ដែលមានចក្ខុវិស័យបម្រើជូនអតិថិជននូវការស្វាគមន៍យ៉ាងកក់ក្ដៅ បុគ្គលិករួសរាយរាក់ទាក់ សេវាកម្មរហ័ស ជាមួយតំលៃសមរម្យ។ ដោយផ្អែកលើពាក្យស្លោក និងចក្ខុវិស័យនេះហើយ ទើបធ្វើឲ្យអតិថិជន និងម្ចាស់អាជីវកម្មផ្ដល់ការជឿទុកចិត្ត និងមានការគាំទ្រយ៉ាងពេញទំហឹងមកកាន់ក្រុមហ៊ុន ។ បន្ថែមពីនេះ ក្រុមហ៊ុនសន្យាថានឹងនៅតេបន្ដយកចិត្តទុកដាក់សម្រិតសម្រាងទៅលើរសជាតិ គុណភាព និងសេវាកម្ម ដើម្បីឱ្យម៉ាកកាហ្វេក្នុងស្រុកទទួលបានការគាំទ្រកាន់តែខ្លាំងឡើងមួយកម្រិតទៀត ។

គួបផ្សំផងដែរ អំឡុងពេលកំណើននៃទីផ្សារកាហ្វេកាន់តែរីកដុះដាលខ្លាំង ធ្យូប កាហ្វេ ក៏មានផែនការគម្រោងពង្រីកទីផ្សាររបស់ខ្លួននៅក្នុងរាជធានីភ្នំពេញ និងទៅតាមបណ្ដាខេត្តនានាដែលមានសក្ដានុពលជាច្រើនទៀតដូចជា កំពង់សោម សៀមរាប ប៉ោយប៉ែត និងខេត្តកំពតជាដើម ដើម្បីផ្ដល់ភាពងាយស្រួលជូនអតិថិជនទាំងអស់ និងពង្រឹងវិស័យម៉ាកកាហ្វេក្នុងស្រុកឲ្យកាន់តែមានភាពល្បីល្បាញទាំងក្នុងជាតិ និងអន្ដរជាតិ ៕ អត្ថបទសហការ