ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សណ្ឋាគារលំដាប់ផ្កាយបួន ហ្វ៊ែ​រ​ហ្វៀ​ល បាយ ម៉ា​រៀត ភ្នំពេញ សម្ពោធ​ជា​ផ្លូវការ !

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សណ្ឋាគារ​លំដាប់​ផ្កាយ​បួន ហ្វ៊ែ​រ​ហ្វៀ​ល បាយ ម៉ា​រៀត ភ្នំពេញ បាន​បើក​សម្ពោធ​ជា​ផ្លូវការ​នៅ​អគារ ជីប ម៉ុង…

រាជធានី​ភ្នំពេញ ៖ សណ្ឋាគារ​លំដាប់​ផ្កាយ​បួន ហ្វ៊ែ​រ​ហ្វៀ​ល បាយ ម៉ា​រៀត ភ្នំពេញ បាន​បើក​សម្ពោធ​ជា​ផ្លូវការ​នៅ​អគារ ជីប ម៉ុង ថៅ​វើ កម្ពស់ ៤៥ ជាន់ នៅ​ព្រឹក​ថ្ងៃ​ទី ៣១ ខែមីនា ឆ្នាំ ២០២៣ នេះ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត និង​លោក​ជំទាវ បណ្ឌិត ពេជ្រ ចន្ទ​មុន្នី ព្រមទាំង​ពី​សំណាក់ ឯកឧត្តម លោក​ជំទាវ ឯកអង្គ​រដ្ឋ​ទូត និង​ឯកអង្គ​រាជទូត អ្នកឧកញ៉ា លោក​ឧកញ៉ា លោក លោកស្រី និង​ភ្ញៀវ​កិត្តិយស​សរុប​ជាង ៧០០ នាក់​ទៀត ។

នា​ថ្ងៃ​កម្មវិធី​ដ៏​នក្ខត្ត​ប្ញ​ក្ស​នេះ​ផង​ដែរ អ្នកឧកញ៉ា លាង ឃុន ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង បាន​ថ្លែង​ថា «​ខ្ញុំបាទ​មាន​ជំនឿ​ចិត្ត​យ៉ាង​មុតមាំ​ថា សណ្ឋាគារ ហ្វ៊ែ​រ​ហ្វៀ​ល បាយ ម៉ា​រៀត ភ្នំពេញ នឹង​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​មក​ពី​គ្រប់​ទិស​ទី​មក​ទឹកដី​កម្ពុជា ហើយ​សណ្ឋាគារ​ដ៏​ថ្មី​សន្លាង​មួយ​នេះ​បាន​ត្រៀម​រួច​ជា​ស្រេច ដើម្បី​ផ្តល់​ជូន​នូវ​បដិសណ្ឋារកិច្ច​ដ៏​ល្អ​ឥត​ខ្ចោះ​សម្រាប់​ភ្ញៀវ​ទេសចរ​ជា​ច្រើន​ពាន់​នាក់​នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម ២០២៣ នា​ពេល​ខាង​មុខ ដែល​នេះ​ជា​ប្រយោជន៍​ដ៏​សំខាន់​ក្នុង​ការ​ចូលរួម​បង្កើន​និរន្តរភាព​ក្នុង​វិស័យ​ទេសចរណ៍ ដែល​ជា​សសរស្តម្ភ​ដ៏​សំខាន់​មួយ​នៃ​សេដ្ឋកិច្ចជាតិ​» ។ អ្នកឧកញ៉ា​ក៏​បាន​បន្ថែម​ទៀត​ថា ការ​នាំ​យក​សណ្ឋាគារ​លំដាប់​ពិភពលោក​មួយ​នេះ​មក​កម្ពុជា ដោយ​ក្រុមហ៊ុន​មាន​ចក្ខុវិស័យ​វែង​ឆ្ងាយ និង​ឈរ​លើ​បន្ទាត់ស្រប​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​ជំរុញ​សក្ដានុពល​វិស័យ​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច​នៅ​កម្ពុជា ។

លោក Jakob Helgen អនុប្រធាន​ប្រចាំ​តំបន់ នៅ​ប្រទេស​ថៃ វៀតណាម កម្ពុជា និង មី​យ៉ា​ន់​ម៉ា បាន​បញ្ជាក់​ថា ខ្ញុំបាទ​មាន​សេចក្តី​សោមនស្ស​រីករាយ និង​មាន​ទំនុកចិត្ត​យ៉ាង​ខ្លាំង ក្នុង​ការ​សហការ​ជាមួយ​ក្រុមហ៊ុន ជីប ម៉ុង នាំ​យក​យីហោ ហ្វ៊ែ​រ​ហ្វៀ​ល បាយ ម៉ា​រៀត មក​កម្ពុជា ហើយ ហ្វ៊ែ​រ​ហ្វៀ​ល បាយ ម៉ា​រៀត ភ្នំពេញ គឺជា​សណ្ឋាគារ​ដែល​មាន​រចនាបថ​ដ៏​ប្រណីត និង​ស៊ី​វិ​ល័យ​តាម​ស្ដង់ដា​អន្ដរជាតិ ដែល​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ដើម្បី​ទទួល​ស្វាគមន៍​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ទាំងអស់ ។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ចូលរួម​អបអរសាទរ​ជាមួយ​ថ្នាក់ដឹកនាំ និង​បុគ្គលិក​-​និយោជិត​ទាំងអស់​នៃ​ក្រុមហ៊ុន ជីប ម៉ុង ចំពោះ​ការ​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​សណ្ឋាគារ Fairfield by Marriott Phnom Penh ដែល​ជា​សណ្ឋាគារ​លំដាប់​អន្តរជាតិ​ដ៏​ទំនើប​ប្រកបដោយ​សេវាកម្ម​សម្បូណ៌​បែប ហើយ​អគារ Chip Mong Tower ក៏​បាន​ក្លាយទៅជា​និមិត្តរូប​ដ៏​លេចធ្លោ និង​ជា​អត្តសញ្ញាណ​មួយ​ថ្មី​របស់​រាជធានី​ភ្នំពេញ ។

ឯកឧត្តម បាន​វាយតម្លៃ​ខ្ពស់​ចំពោះ ក្រុមហ៊ុន Marriott ដែល​បន្ត​មាន​ជំនឿ​ទុកចិត្ត​លើ​ការ​វិនិយោគ និង​ការ​ធ្វើ​ធុរកិច្ច​នៅ​កម្ពុជា តាម​រយៈ​ការ​ពង្រីក​បង្កើត​សណ្ឋាគារ​ទី ២ របស់​ខ្លួន​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដែល​ជា​ចំណុច​ស្នូល​ប្រកបដោយ​សក្តានុពល​មួយ​ក្នុង​ចំណោម​បណ្តាញ​ទីក្រុង​សំខាន់​ៗ​ដទៃ​ទៀត ក្នុង​ការ​ផ្សារ​ភ្ជាប់​រំហូរ​នៃ​ទំនាក់ទំនង​នយោបាយ​, សេដ្ឋកិច្ច​, វប្បធម៌​, វិនិយោគ​, ធុរកិច្ច និង​ទេសចរណ៍​របស់​តំបន់ និង​សកលលោក ។

ឯកឧត្តម បន្ត​ថា ស្រប​ពេល​ដែល​រាជរដ្ឋាភិបាល​កំពុង​ចាត់​ទុក​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ជា​អាទិភាព​ចម្បង ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ទីផ្សារ​ក្នុង​ពេល​បច្ចុប្បន្ន និង​អនាគត​, វត្តមាន​របស់​សណ្ឋាគារ Fairfield by Marriott Phnom Penh លំដាប់​អន្តរជាតិ​មួយ​នេះ គឺ​អាច​នឹង​ចូលរួម​ពង្រឹង​ធនធានមនុស្ស​កម្ពុជា តាម​រយៈ​ការ​ជំរុញ​ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​, ការ​បណ្តុះបណ្តាល​ជំនាញ​ថ្មី (Re-skilling) និង​ការ​បង្កើន​ចំណេះដឹង​បន្ថែម (Upskilling) ដល់​បុគ្គលិក​-​និយោជិត​របស់​ខ្លួន តាម​រយៈ​ការ​ផ្តល់​ការ​គាំទ្រ​ដល់​សិស្ស​-​និស្សិត ដែល​បាន​បញ្ចប់​ការ​សិក្សា​ពី​សាកលវិទ្យាល័យ ឬ​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​នានា​នៅ​កម្ពុជា ឱ្យ​ទទួល​បាន​នូវ​ឱកាស​ការងារ ឬ​ឱកាស​ចុះ​កម្មសិក្សា ដើម្បី​ទទួល​បាន​ចំណេះដឹង និង​បទ​ពិសោធន៍​ជា​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ ។

ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត និង​លោក​ជំទាវ​បណ្ឌិត ព្រមទាំង​ភ្ញៀវ​ដែល​ចូលរួម​បាន​ផ្ដល់​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ការ​ដើរ​ទស្សនកិច្ច​បរិវេណ​សណ្ឋាគារ ដែល​ភ្ជាប់​ទៅ​ដោយ​ផ្ទាំង​ទេសភាព និង​សោភ័ណ​ភាព​នៃ​ទីក្រុង​ទាំងមូល នៅ​ជាន់​អាង​ទឹក​លើ​អាកាស របស់​ហ្វ៊ែ​រ​ហ្វៀ​ល បាយ ម៉ា​រៀត ភ្នំពេញ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា សណ្ឋាគារ ហ្វ៊ែ​រ​ហ្វៀ​ល បាយ ម៉ា​រៀត ភ្នំពេញ មាន​ភ្ជាប់​ទៅ​ដោយ ៣០០ បន្ទប់​គេង អាង​ទឹក​លើ​អាកាស សាល​ប្រជុំ​ដ៏​ប្រណីត ភោជនីយដ្ឋាន ស្កា​យ​បារ​ដ៏​ទំនើប ដែល​គ្របដណ្ដប់ ១៩ ជាន់​ខាងលើ​នៃ អគារ ជីប ម៉ុង ថៅ​វើ មាន​កម្ពស់ ៤៥ ជាន់ ដែល​ជា​អគារ​ពាណិជ្ជកម្ម​ចម្រុះ​ស្ដង់ដារ​អន្តរជាតិ ស្ថិត​នៅ​ចំ​កណ្ដាល​រាជធានី ៕ អត្ថបទ​សហការ