ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន ភី​ភី លីង ស៊ី​ឃ្យួ​រឹ​ធី និងក្រុមហ៊ុន ម៉េ​ង​លី ជេ​.គួ​ចអេ​ឌ្យូខេ​សិន ម​.​ក សហការ​បង្កើត​សិក្ខាសាលា​ពាក់ព័ន្ធ​​សារៈសំខាន់​វិស័យ​អប់រំ​នៅ​កម្ពុជា

1 ឆ្នាំ មុន

ក្រុមហ៊ុន ភី​ភី លីង ស៊ី​ឃ្យួ​រឹ​ធី (PP Link Securities (PPLS)) រួម​ជាមួយនឹង ក្រុមហ៊ុន…

ក្រុមហ៊ុន ភី​ភី លីង ស៊ី​ឃ្យួ​រឹ​ធី (PP Link Securities (PPLS)) រួម​ជាមួយនឹង ក្រុមហ៊ុន ម៉េ​ង​លី ជេ​. គួ​ច អេ​ឌ្យូខេ​សិន ម​.​ក (Mengly J. Quach Education Plc. (MJQE)) បាន​សហការ​រៀបចំ​សិក្ខាសាលា​ក្រោម​ប្រធានបទ «​ការ​យល់​ដឹង​អំពី​វិស័យ​អប់រំ​នៅ​កម្ពុជា​» នា​ថ្ងៃ​ទី​ ១៨ ខែកុម្ភៈ ឆ្នាំ ​២០២៣ នៅ​អគារ​ហ្គោ​ល​ដិ​ន​ថាវ​វើ​រ រាជធានី​ភ្នំពេញ​។

សិក្ខាសាលា​នេះ មាន​គោលបំណង​លើកកម្ពស់​សារៈសំខាន់​នៃ​វិស័យ​អប់រំ​នៅ​កម្ពុជា ហើយ​បាន​ទទួល​ស្វាគមន៍​អ្នកចូលរួម​ជាង ២០០ នាក់ ដែល​ត្រៀមខ្លួន​ចាប់​យក​ឱកាស​វិនិយោគ​ក្នុង​វិស័យ​អប់រំ បង្កើន​ឯករាជ្យ​ភាព​ផ្ទាល់ខ្លួន ចូលរួម​ដល់​វឌ្ឍនភាព​ជាតិ និង​កសាង​សន្តិភាព​សម្រាប់​ពិភពលោក​ទាំងមូល​ ។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួ​ច ម៉េ​ង​លី ដែល​ជា ស្ថាបនិក ប្រធាន​ក្រុមប្រឹក្សាភិបាល និង​អគ្គនាយក​ប្រតិបត្តិ​នៃ ក្រុមហ៊ុន MJQE និង លោក ជា សុធា ដែល​ជា​អគ្គនាយក និង​អភិបាល​នៃ​ក្រុមហ៊ុន PPLS គឺជា​វាគ្មិន​កិត្ដិយស​នៃ​កម្មវិធី​ ។

ក្រុមហ៊ុន MJQE ត្រូវ​បាន​ទទួលស្គាល់ ជា​ស្ថាប័ន​មួយ​ដែល​មាន​ប្រព័ន្ធ និង​កម្មវិធី​អប់រំ​ប្រកបដោយ​គុណភាព​ខ្ពស់​នៅ​កម្ពុជា​ ។ បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​កំពុង​ត្រៀម​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​លើក​ដំបូង​ជា​សាធារណៈ ដើម្បី​កៀរគរ​ការ​បណ្ដាក់ទុន​ពី​វិនិយោគិន ដើម្បី​ពង្រីក​ប្រតិបត្តិការ​ស្ថាប័ន​អប់រំ​បន្ថែម​ទៀត​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ដោយ​មាន​គោលដៅ និង​ទស្សនៈវិស័យ​ស្រ​ដៀង​គ្នា ក្រុមហ៊ុន PPLS មាន​សោមនស្ស​ក្នុង​ការ សហការ​ជាមួយ​ក្រុមហ៊ុន MJQE ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​នេះ​ឡើង​ ។

លោក ជា សុធា បាន​មាន​ប្រសាសន៍​ថា​៖ «​ការ​អប់រំ គឺជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​គ្រប់​វិស័យ​ ។ ដូច្នេះ ការ​ពង្រឹង​ចំណេះដឹង​មូលដ្ឋាន គឺ​មាន​សារៈសំខាន់​ណាស់ ដើម្បី​ធានា​បាន​នូវ​ភាព​រីក​ចម្រើន​ជា​លំដាប់ សម្រាប់​ខ្លួនឯង និង​ប្រទេស​ជាតិ​»​។

នៅ​ក្នុង​ឆ្នាំ ​២០២២ និង​ដើមឆ្នាំ​ ២០២៣ ក្រុមហ៊ុន PPLS បាន​រៀបចំ​កម្មវិធី​អប់រំ​អំពី​វិស័យ​វិនិយោគ​ហិរញ្ញវត្ថុ​ជា​ច្រើន​រួច​មក​ហើយ ដូច​ជា​ ៖ សិក្ខាសាលា​នៅ​បណ្ដា​សាកលវិទ្យាល័យ និង​តាម​បណ្ដា​ខេត្ត​ជាដើម​ ។ ព្រឹត្តិការណ៍​ទាំងនោះ បាន​ផ្តល់​ចំណេះដឹង​គោល​ដល់​និស្សិត និង​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ទំនុកចិត្ត​កាន់តែ​ខ្ពស់ សម្រាប់​ការ​ចាប់ផ្តើម​វិនិយោគ​ហិរញ្ញវត្ថុ​នា​ពេល​អនាគត ​។

តំណាង​ឱ្យ ក្រុមហ៊ុន MJQE ដែល​មាន​សាលា​បុត្រ​សម្ព័ន្ធ​ជា​ច្រើន និង​មាន​កម្រិត និង​កម្មវិធី​សិក្សា​យ៉ាង​ទូលំទូលាយ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួ​ច ម៉េ​ង​លី បាន​ចែករំលែក​នូវ​គតិបណ្ឌិត ទស្សនៈ​វែង​ឆ្ងាយ និង​ឆន្ទៈ​ខ្ពស់​របស់​គាត់​ក្នុង​ការ​កសាង​វិស័យ​អប់រំ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ ។

អ្នកឧកញ៉ា បាន​មាន​ប្រសាសន៍​ថា​៖ «​ដោយសារ​ការ​អប់រំ គឺជា​ឫសគល់​នៃ​គ្រប់​វិស័យ ដូច្នេះ ឫសគល់​នេះ​ត្រូវ​តែ​រឹង​មាំ និង​មាន​សុខភាព​ល្អ​ ។ តាម​រយៈ​ការ​ចូលរួម​ជា​វាគ្មិន​ក្នុង​សិក្ខាសាលា​ថ្ងៃនេះ ខ្ញុំ​មាន​មោទកភាព ដែល​អាច​រួមចំណែក​ធ្វើ​ឱ្យ​វិស័យ​អប់រំ​នៅ​កម្ពុជា​កាន់តែ​ទូលំទូលាយ និង​មាន​ស្តង់ដារ​ខ្ពស់​ទាំង​នៅ​ក្នុង​ស្ថាប័នរដ្ឋ និង​ឯកជន​។ អ៊ីចឹង ប្រសិនបើ​មានការ​ចូលរួម​ពី​យើង​ទាំងអស់​គ្នា នោះ​យើង​នឹង​សម្រេច​បាន​នូវ​ការ​ផ្លាស់​ប្តូរ​ដ៏​ធំ​មួយ​»​ ។

ក្រៅពី​ការ​ចំណាយ​ពេលវេលា​ដ៏​មាន​តម្លៃ​ក្នុង​ការ​ចែករំលែក​ចំណេះដឹង និង​ការ​លើកទឹកចិត្ត​ដល់​ប្រជាជន​កម្ពុជា ជា​ពិសេស​យុវជន ជុំវិញ​ការ​សិក្សា ការ​ថែទាំ​សុខភាព និង​ទស្សនវិស័យ​ការងារ ដែល​ជា​ផល​វិជ្ជមាន​សម្រាប់​សង្គម​ជាតិ អ្នកឧកញ៉ា ក៏​រំពឹង​ទៀត​ថា IPO នៃ ក្រុមហ៊ុន MJQE នឹង​ក្លាយជា​មធ្យោបាយ​ដ៏​សំខាន់​មួយទៀត​សម្រាប់​ការ​ពង្រីក​ស្ថាប័ន​អប់រំ​របស់​គាត់ ប៉ុន្ដែ វា​ត្រូវការ​ការ​ចូលរួម និង​ការ​វិនិយោគ​ពី​សាធារណជន ​។

អ្នកឧកញ៉ា បាន​បញ្ជាក់​ទៀត​ថា​៖ «​ការ​បោះផ្សាយ IPO របស់​យើង ដែល​ជា​ការ​បោះផ្សាយ​របស់​គ្រឹះស្ថាន​អប់រំ​ឯកជន​ដំបូង​គេ​ក្នុង​ប្រទេស​កម្ពុជា នឹង​ផ្ដល់​ឱ្យ​យើង មិន​ត្រឹមតែ​ការ​បង្កើន​ដើមទុន និង​កេរ្តិ៍ឈ្មោះ​របស់​ស្ថាប័ន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ វា​ជា​ថ្នាល​មួយ​ក្នុង​ការ​បណ្ដុះបណ្ដាល​ទំពាំង​ស្នង​ឫស្សី​របស់​កម្ពុជា​ជា​ច្រើន​ជំនាន់​ទៅ​មុខ​ទៀត​។ លើស​ពី​នេះ​ទៅ​ទៀត វា​ក៏​បើកឱកាស​សម្រាប់​អ្នក​ដែល​ចង់​វិនិយោគ​ដើមទុន​របស់​ពួក​គាត់​ក្នុង​វិស័យ​អភិវឌ្ឍន៍​ធនធានមនុស្ស ក៏​ដូច​ជា​សម្រាប់​ផលប្រយោជន៍​វិនិយោគ​ផ្ទាល់ខ្លួន​ផង​ដែរ​»​ ។

ក្រុមហ៊ុន PPLS បាន​កោតសរសើរ​ដោយ​ស្មោះ​ចំពោះ​វត្តមាន និង​ការ​គាំទ្រ​របស់​អ្នកចូលរួម​ទាំងអស់​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ ហើយ​បាន​ប្រកាស​ថា​នឹង​បន្ត​បង្កើត​នូវ​ភាព​ជោគជ័យ​ថ្មី​ៗ សម្រាប់​ទាំង​វិស័យ​អប់រំ និង​ទីផ្សារ​មូល​ប​ត្រ​នៅ​កម្ពុជា ​៕ អត្ថបទសហការ