ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឧកញ៉ា ប៉ិច បូ​ឡែ​ន ​បង្ហាញ​ពី​គន្លឹះ​ក្នុង​ការជ្រើសរើស​ជំនាញ​សិក្សា​ឳ្យ​បាន​ត្រឹមត្រូវ​សម្រាប់​ទីផ្សា​ការងារ និង​អាជីវកម្ម​នៅ​ពេល​អនាគត

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ជា​ការ​ពិត​ណាស់ បុគ្គល​គ្រប់​រូប​តែងតែ​ចង់បាន​អាជីព​ការងារ​មួយ​ដែល​ទទួល​ប្រាក់​ខ្ពស់ ឬ​ប្រភេទ​ការងារ​ដែល​ត្រូវប៉ាន់ ខ្លះ​ទៀត​ចង់​បង្កើត​អាជីវកម្ម​ថ្មី និង​មួយ​ចំនួន​ទៀត​ចង់​ក្លាយ​ខ្លួន​ជា​សហគ្រិន​ឆ្នើម​នៅ​ពេល​អនាគត ​។ ប៉ុន្តែ​មុន​នឹង​សម្រេច​ក្តី​ប្រាថ្នា​ខាងលើ​នេះ តើ​សិស្ស…

រាជធានីភ្នំពេញ ៖ ជា​ការ​ពិត​ណាស់ បុគ្គល​គ្រប់​រូប​តែងតែ​ចង់បាន​អាជីព​ការងារ​មួយ​ដែល​ទទួល​ប្រាក់​ខ្ពស់ ឬ​ប្រភេទ​ការងារ​ដែល​ត្រូវប៉ាន់ ខ្លះ​ទៀត​ចង់​បង្កើត​អាជីវកម្ម​ថ្មី និង​មួយ​ចំនួន​ទៀត​ចង់​ក្លាយ​ខ្លួន​ជា​សហគ្រិន​ឆ្នើម​នៅ​ពេល​អនាគត ​។ ប៉ុន្តែ​មុន​នឹង​សម្រេច​ក្តី​ប្រាថ្នា​ខាងលើ​នេះ តើ​សិស្ស និស្សិត និ​យោ​ជិ​ក និង​ម្ចាស់​អាជីវកម្ម​គួរ​សម្លឹង​មើល​លើ​អ្វីខ្លះ ដើម្បី​ទទួល​បាន​ជោគជ័យ ? ​។

ក្នុង​សិក្ខាសាលា “​ការ​តម្រង់​ទិស​ជំនាញ​សិក្សា និង​ការងារ​” តាម​ប្រព័ន្ធ​អន​ឡាញ (Zoom Conference) នៅ​ព្រឹក​ថ្ងៃ​ទី ​២៧ ខែ​វិ​ច្ចិ​កា​នេះ ឧកញ៉ា ប៉ិច បូ​ឡែ​ន អគ្គនាយក​ក្រុមហ៊ុន វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប បាន​លើក​ឡើង​ពី​គន្លឹះ​មួយ​ចំនួន ដើម្បី​បង្ហាញផ្លូវ​ដល់​សិស្ស និស្សិត និ​យោ​ជិ​ក និង​ម្ចាស់​អាជីវកម្ម​មួយ​ចំនួន ដើម្បី​ជា​ជំនួយ​ក្នុង​ការ​ត្រិះ​រិះ​ពិចារណា និង​គួរ​ចាប់​យក​ជំនាញ​សិក្សា និង​អាជីវកម្ម​ថ្មី​ៗ​ប្រភេទ​ណា​ដែល​នឹង​រីក​ចម្រើន​នៅ​ក្នុង​ប្រទេស​កម្ពុ​ជានា​ពេល​ខាង​មុខ​ ។

សម្រាប់​ទទួល​បាន​ចំណេះដឹង​ថ្មី​ៗ​ពាក់ព័ន្ធ​ និង​នយោបាយ សេដ្ឋកិច្ច និង​សហគ្រិនភាព ឧកញ៉ា​បាន​លើកទឹកចិត្ត​ឳ្យ​តាមដាន​មើល​ព្រឹត្តិការណ៍ និង​និន្នាការ​ក្នុង​តំបន់​អាស៊ាន ក៏​ដូច​ជា​អន្តរជាតិ​នៅ​លើ​សារព័ត៌មាន​អាជីព ដើម្បី​បាន​ជ្រាប​ពី​ព្រឹត្តិការណ៍​អ្វីខ្លះ​កើតឡើង ? ហើយ​មានការ​ប្រែប្រួល​បែប​ណាខ្លះ សម្រាប់​ពេល​បច្ចុប្បន្ន និង​អនាគត ? ​។ ត្រូវ​អាន​សៀវភៅ​គោលនយោបាយ​ជាតិ ដើម្បី​ឈ្វេងយល់​បន្ថែម​ពី​ទិស​ដៅ​រដ្ឋាភិបាល​ថា តើ​វិស័យ និង​សហគ្រាស​អាជីវកម្ម​ណាខ្លះ ដែល​រដ្ឋាភិបាល​ត្រូវ​ផ្តល់​អាទិភាព​អភិវឌ្ឍ តើ​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម​នឹង​ប្រែប្រួល​បែប​ណា នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត ? ហើយ​ពិសេស ត្រូវ​តាមដាន​ស្តាប់​ពី​អនុ​សាន៍​ប្រមុខ​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​ ។

ចំពោះ​ការ​ស្វែងរក​ការងារ និង​ប្រភេទ​ការងារ ឧកញ៉ា​បាន​ផ្តល់​យោបល់​ចូល​ទៅ​មើល​ក្នុង​វេ​ប​សាយ​របស់​ទីភ្នាក់ងារ​ជាតិ​ និង​មុខរបរ ​(NEA) ដែល​មាន​ក្រុមហ៊ុន​ជាតិ​ជា​ច្រើន​ផ្សព្វផ្សាយ​ជ្រើសរើស​បុគ្គលិក ​។ លើស​ពី​នេះ ទីភ្នាក់ងារ​ជាតិ​និង​មុខរបរ​តែងតែ​រៀបចំ​ពិ​ពណ៌​ការងារ​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​ផ្តល់​ឳ​កាស​ដល់​ក្រុមហ៊ុន​ដែល​កំពុង​ស្វែងរក​បុគ្គលិក និង​យុវជន​ដែល​កំពុង​ស្វែងរក​ការងារ​បាន​ជួប​ ។

ទន្ទឹម​នឹង​នោះ ឧកញ៉ា​បាន​បង្ហើប​ពី​ជំនាញ និង​ប្រភេទ​ការងារ​ថ្មី​ៗ ព្រមទាំង​វិស័យ​ដែល​នឹង​រីក​ចម្រើន​មួយ​ចំនួន​ដូច​ជា ​៖ កសិកម្ម​បែប​ទំនើប កសិឧស្សាហ៍កម្ម ឬ​ការ​កែ​ច្នៃ​ចំណីអាហារ ជំនាញ​វិទ្យាសាស្ត្រ ជំនាញ​ផ្នែក​លក់ វិស័យ​ទេសចរណ៍ វិស័យ​សំណង់​និង​អចល​ទ្រព្យ វិស័យ​ហិរញ្ញវត្ថុ វិស័យ​សុខាភិបាល​ឯកជន វិស័យ​អប់រំ ។

ឧកញ៉ា​ក៏​លើក​ឡើង​ពី​បំ​ណិ​ន​ជីវិត​ក្នុង​សត្ស​វត្សរ៍​ទី ​២១ ដែល​មាន​ជំនាញ​សំខាន់ ​៤ ​ក្នុង​ការ​គាំទ្រ​អាជីព​ការងារ​ឳ្យ​ទទួល​បាន​ជោគជ័យ​នោះ​គឺ ​៖ ១ ជំនាញ​ទំនាក់ទំនង ២- ជំនាញ​សហប្រតិបត្តិការ ៣- ជំនាញ​គិត​វិភាគ​ស៊ីជម្រៅ ៤- គំនិត​ច្នៃ​ប្រឌិត ។

នា​ពេល​បច្ចុប្បន្ន​នេះ ម្ចាស់​គ្រឹះស្ថាន​អប់រំ​ខាងលើ​សង្កេត​ឃើញ​ថា គ្រប់​អាជីវកម្ម និង​ការងារ​ជា​ច្រើន​បាន​នឹង​កំពុង​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស ដោយសារ​មានគំនិត​នវានុវត្តន៍ ដែល​ចេះ​បង្កើត​គំនិត​ច្នៃ​ប្រតិដ្ឋ​ថ្មី​ៗ រួម​នឹង​ការ​បញ្ចូល​បច្ចេកវិទ្យា ព្រមទាំង​ការ​វិនិយោគ​បន្ថែម​លើ​ឧបករណ៍​បច្ចេកវិទ្យា​ទំនើប ដើម្បី​ភាព​ទាក់ទាញ កាត់​បន្ថយ​ការ​ចំណាយ និង​ទទួល​បាន​ផលិតភាព​ការងារ​ខ្ពស់​ ។

ម្យ៉ាងវិញទៀត ឧកញ៉ា​បាន​ក្រើនរំលឹក​ដល់​យុវជន​ថា ការ​ជ្រើសរើស​ជំនាញ​សិក្សា និង​ការងារ​ក៏​ផ្សា​ភ្ជាប់​ជាមួយនឹង​តម្រូវ​ទីផ្សារ​ការងារ​នៅ​ពេល​អនាគត ចំណង់​ចំណូលចិត្ត ទេ​ព្យ​កោសល្យ និង​ចំណេះ​ជំនាញ​ដែល​រៀន​ពូកែ​នៅ​វិទ្យាល័យ​ ។ សិស្ស និស្សិត​មួយ​ចំនួន​រៀន​ជំនាញ​ដោយសារ​កត្តា​ជំរុញ​ពី​ក្រុម​គ្រួសារ និង​ខ្លះ​ទៀត​រៀន​តាម​មិត្តភក្តិ​ដោយ​មិន​បាន​ស្គាល់​ពី​ខ្លួនឯង​ច្បាស់​ថា ចូល​ចិត្ត​អ្ ? មាន​ទេ​ព្យ​កោសល្យ​ផ្នែក​ណា ? រៀន​ពូកែ​លើ​មុខ​វិជ្ជា​អ្វីខ្លះ ? និង​ចាប់​យក​អាជីព​អ្វី​នៅ​ពេល​អនាគត ​។ ដូចនេះ​សិស្ស និស្សិត​ត្រូវ​ឈ្វេងយល់​ពី​ខ្លួនឯង​ជា​មុន​សិន និង​គួរ​កំណត់​គោលដៅ​ជំនាញ​សិក្សា​ណាមួយ​ឳ្យ​បាន​ច្បាស់លាស់ ហើយ​ក៏​ត្រូវ​ឈ្វេងយល់​បន្ថែម​ដែរ​ថា​ជំនាញ​សិក្សា​នោះ ត្រូវការ​មុខ​វិជ្ជា​វិទ្យាសាស្ត្រ​ពិត ឬ​វិទ្យាសាស្ត្រ​សង្គម ដើម្បី​ប្អូន​ៗ​ខិតខំ​សិក្សា​នៅ​កម្រិត​វិទ្យាល័យ​ ។

តាម​រយៈ​ការ​រៀបរាប់​ខាងលើ​នេះ អគ្គនាយក​រូប​នេះ​បាន​បញ្ជាក់​ថា គ្រប់​ការណ៍​លើក​ឡើង​ទាំង​អស់នេះ មិនមែន​ជា​ការ​ឆ្លុះ​ប​ញ្ជាំ​ង​ថា​ជា​រឿង​ត្រឹមត្រូវ​ទាំងស្រុង​នោះ​ទេ ហើយ​ក៏​មិនមែន​អនុសាសន៍​អ្វី​នោះ​ដែរ នេះ​គ្រាន់តែ​ជា​ទស្សន​បុគ្គល បទ​ពិសោធ​ការងារ​គ្រប់គ្រង​និង​ដឹកនាំ ការងារ​អប់រំ ព្រមទាំង​ការ​ប្រឡូក​ក្នុង​ការងារ​សហគ្រិនភាព ហើយ​នេះ​គឺជា​ការ​ចែករំលែក ដើម្បី​ជា​ជំនួយស្មារតី​ដល់ អ្នក​អាណាព្យាបាល សិស្ស និស្សិត និ​យោ​ជិ​ក ឬ​ម្ចាស់​អាជីវកម្ម​នានា ឈ្វេងយល់​បន្ថែម ក្នុង​បរិបទ​ពិភព​ការងារ​ក្នុង​គន្លង​ប្រក្រតី​ថ្មី​ដែល​មានការ​ប្រែប្រួល ក៏​ដូច​ជា​ការ​ក្រើនរំលឹក ដើម្បី​ត្រៀមខ្លួន បន្ត​អភិវឌ្ឍ​ខ្លួន និង​អភិវឌ្ឍ​ជំនាញ​ថ្មី​ចាំបាច់​បន្ថែម​ទៀត​ ៕ ដោយសហការ