ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សារៈប្រយោជន៍នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈចំពោះប្រទេសជាតិ ស្ថាប័ន និងប្រជាជនកម្ពុជា

3 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ តើអ្វីទៅកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ? គឺជាកម្មវិធីកែទម្រង់ស្នួលមួយនៃកម្មវិធីកែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឈានឆ្ពោះទៅពង្រឹងអភិបាលកិច្ច ដែលជាស្នូលនៃយុទ្ធសាស្រ្តចតុកោណ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ។ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ-សាធារណៈ គឺជាកិច្ចដំណើរការនៃការកែលម្អប្រព័ន្ធគ្រប់គ្រងថវិកាជាតិទាំងមូល…

រាជធានីភ្នំពេញ ៖ តើអ្វីទៅកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ? គឺជាកម្មវិធីកែទម្រង់ស្នួលមួយនៃកម្មវិធីកែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឈានឆ្ពោះទៅពង្រឹងអភិបាលកិច្ច ដែលជាស្នូលនៃយុទ្ធសាស្រ្តចតុកោណ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ។ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ-សាធារណៈ គឺជាកិច្ចដំណើរការនៃការកែលម្អប្រព័ន្ធគ្រប់គ្រងថវិកាជាតិទាំងមូល ដើម្បីផ្លាស់ប្តូរពីប្រព័ន្ធគ្រប់គ្រងដែលផ្អែកលើធាតុចូល និងមជ្ឍការ ឆ្ពោះទៅប្រព័ន្ធគ្រប់គ្រងដែលផ្អែកលើសមិទ្ធកម្ម ឬលទ្ធផល និងវិមជ្ឈការដែលរាជរដ្ឋាភិបាលកម្ពុជា កំណត់ថា សម្រេចឱ្យបាននៅឆ្នាំ ២០២៥។ កម្មវិធីនេះផ្តោតសារៈសំខាន់លើការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃការគ្រប់គ្រងចំណូល និងចំណាយនៃថវិកាជាតិ រួមទាំងការស្វែងរកថវិកា ការវិភាជថវិកា និងការប្រើប្រាស់ថវិកាប្រកប ដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ដើម្បីជាគុណប្រយោជន៍ដល់ការគាំទ្រដំណើរការអនុវត្តគោលនយោបាយតាមវិស័យ និងគោលបំណងគោលនយោបាយ/យុទ្ធសាស្រ្តរបស់ក្រសួង-ស្ថាប័ន ដែលត្រូវបានកំណត់នៅក្នុងយុទ្ធសាស្រ្តចតុកោណ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ។ ក្នុងន័យនេះ ការកែទម្រង់ប្រព័ន្ធថវិកា គឺជាស្នូលនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដែលជាលក្ខណ្ឌចាំបាច់ និងមិនអាចខ្វះបានសម្រាប់ថែរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ធានាភាពធននៃសេដ្ឋកិច្ច និងជាឃ្នាស់នៃសេដ្ឋកិច្ច តាមគោលដៅសមិទ្ធកម្មដែលត្រូវបានកំណត់ដោយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល។

តើកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈមានដំណើរការដូចម្តេច?

កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក-រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០០៤ ជា ០៤ ដំណាក់កាល ដូចខាងក្រោម៖

  • ដំណាក់កាលទី១៖ “ភាពជឿទុកចិត្តនៃថវិកា” ចាប់ពីឆ្នាំ២០០៤-២០០៨ សំដៅពង្រឹងការគ្រប់គ្រងចំណូល និងការប្រមូលចំណូល ការគ្រប់គ្រងសាច់ប្រាក់ និងគណនីទោលរតនាគារ។ ជាលទ្ធផល បានបញ្ចប់នូវស្ថានភាពកង្វះសាច់ប្រាក់ដ៏រ៉ាំរ៉ៃ មកជាអតិ- រេកសាច់ប្រាក់ តាមរយៈការលុបបំបាត់ទាំងស្រុងនូវបំណុលកកស្ទះនៅរតនាគារ​ជាតិ ដែលជាហេតុធ្វើឱ្យរាជរដ្ឋាភិបាលកម្ពុជា ដោះស្រាយបាននូវការបើកប្រាក់បៀវត្សទៀងទាត់ និងទាន់ពេលវេលាជូនមន្ត្រីរាជការ។ ការបង្កើតគណនេយ្យទោលនៅរតនាគារជាតិដែលជាការប្រមូលផ្តុំគណនី​ទាំងអស់របស់រាជរដ្ឋាភិបាល បានក្លាយជាមូលដ្ឋានដ៏សំខាន់សម្រាប់បោះជំហានទៅរកដំណាក់កាលទី ២។
  • ដំណាក់កាលទី២៖ “គណនេយ្យភាពហិរញ្ញវត្ថុ” ចាប់ពីឆ្នាំ២០០៩-២០១៥ សំដៅកែលម្អជាបឋមផែ្នកត្រួតពិនិត្យផ្ទៃក្នុង​និងធ្វើឲ្យអ្នកគ្រប់គ្រងថវិកាមានគណនេយ្យភាព ព្រមទាំងបានកែលម្អជាច្រើនលើនីតិវិធីអនុវត្តថវិកា តាមរយៈការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់ថវិកាថ្មី ប្លង់គណនីថ្មី អង្គភាពថវិកា និងប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ។
  • ដំណាក់កាលទី៣៖ “ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ” ចាប់ពីឆ្នាំ២០១៦-២០២០ ក្នុងគោលបំណងផ្លាស់ប្តូជាបណ្តើរៗ នូវប្រព័ន្ធគ្រប់គ្រងដែលផ្អែកលើធាតុចូល និងមជ្ឈការ ឆ្ពោះទៅជាប្រព័ន្ធដែលផ្តោតលើលទ្ធផល ឬសមិទ្ធកម្ម និងវិមជ្ឈការ តាមរយៈការពង្រឹង និងពង្រីកការអនុវត្តផែនការយុទ្ធសាស្រ្តថវិកា ការអនុវត្តថវិកាកម្មវិធី  និងការអនុវត្តអង្គភាពថវិកា។ ដំណាក់កាលទី៣ នេះត្រូវបានពន្យាពេល ២ឆ្នាំ (២០២១-២០២២) ដើម្បីបញ្ចប់ការងារសេសសល់ពីដំណាក់កាលទី១ ទី២ និងទី៣។ ដំណាក់កាលអន្តរកាលឆ្ពោះទៅដំណាក់​កាលទី៤ ត្រូវបានឱ្យឈ្មោះថា ដំណាក់កាលទី៣ បូក២ ដែលមានគោលដៅសំខាន់ឆ្ពោះទៅកសាងនូវលក្ខណ្ឌចាំបាច់ទាំងឡាយដើម្បីឈានទៅដាក់​​​​ឱ្យអនុវត្តប្រព័ន្ធថវិកាព័ត៌មានសមិទ្ធិកម្មដែលជាគន្លឹះក្នុងការកសាង “វប្បធម៌សមិទ្ធកម្ម” ក្នុងក្របខណ្ឌរាជរដ្ឋាភិបាលទាំងមូល។
  •  ដំណាក់កាលទី៤៖ “គណនេយ្យភាពសមិទ្ធកម្ម” គ្រោងអនុវត្តចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧ ក្នុងគោលបំណងសម្រេចឱ្យបានជាមូលដ្ឋាន នូវគណនេយ្យភាពសមិទ្ធកម្ម ដែលជាលទ្ធផលចុងក្រោយនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទាំងមូល។

តើកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈផ្តល់ផលប្រយោជន៍អ្វីខ្លះដល់ប្រជាពលរដ្ឋក៏ដូចជាសង្គមជាតិទាំងមូល? តាមរយៈកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រាជរដ្ឋាភិបាលបានបញ្ចប់នូវស្ថានភាព​កង្វះសាច់ប្រាក់ដ៏រ៉ាំរ៉ៃ មក​ជាអតិរេកសាច់ប្រាក់ តាមរយៈការលុបបំបាត់ទាំងស្រុងនូវបំណុលកកស្ទះនៅរតនាគារជាតិ ដែលជាហេតុធ្វើឱ្យរាជរដ្ឋាភិបាល ​​កម្ពុជា អាចដោះស្រាយបាននូវការបើកប្រាក់បៀវត្សទៀងទាត់ និងទាន់ពេលវេលាជូនមន្ត្រីរាជការ ធ្វើវិមជ្ឍការហិរញ្ញវត្ថុជាបណ្តើរៗ ទាំងក្របខណ្ឌចំណូល និង​ ចំណាយ ដូចជាការផ្ទេរការប្រមូលពន្ធមួយចំនួនទៅថ្នាក់ក្រោមជាតិរួមមានពន្ធឈ្នួលលើអចលនទ្រព្យ និងចលនទ្រព្យ, ពន្ធប៉ាតង់, ពន្ធប្រថាប់ត្រា, អាករលើថ្លៃស្នាក់នៅ,ពន្ធអចលនទ្រព្យ, ពន្ធលើដីធ្លីមិនបានប្រើប្រាស់, ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ និងអាករសម្រាប់បំភ្លឺសាធារណៈ និងបន្តគិតគូរពន្ធផ្សេងៗទៀតជាបន្តបន្ទាប់។ លើសពីនេះ, កញ្ចប់ថវិកាទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ត្រូវបានបង្កើនជាលំដាប់ដូចជា ការផ្ទេរកញ្ចប់ថវិកាទៅរដ្ឋបាល ក្រុង ស្រុក បានបង្កើនពី ០,៨% នៃចំណូលចរន្តថវិកាជាតិនៅឆ្នាំ២០១៣ រហូតដល់ ១,២% នៃចំណូលចរន្តថវិកាថ្នាក់ជាតិនៅឆ្នាំ ២០២០។ ចំណែកកញ្ចប់ថវិកាទៅរដ្ឋបាល ឃុំ សង្កាត់ បានបង្កើនពី ២% នៃចំណូលចរន្តថវិកាថ្នាក់ជាតិនៅឆ្នាំ២០០៣ រហូតដល់ ៣,១% នៃចំណូលចរន្តថវិកាថ្នាក់ជាតិនៅឆ្នាំ-២០២១។ ការពង្រីកវិសាលភាពនៃការ ផ្តល់សេវាសាធារណៈរហូតដល់ ២៥ រាជធានី-ខេត្ត និងការិយាល័យច្រកចេញ-ចូលតែមួយនៅក្រុង ស្រុក ខណ្ឌ។

ភាពជឿទុកចិត្តបាននៃថវិកានៅតែបន្ត ដោយការមានសាច់ប្រាក់គ្រប់គ្រាន់សម្រាប់ឱ្យរាជរដ្ឋាភិបាលនៅតែមានលទ្ធភាពបន្តបង្កើនថវិកាចំណាយទៅលើវិស័យសង្គម​ ដែលជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងនោះមានដូចជាក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារដែលត្រូវបានបង្កើនថវិកាជាងបីដង, ក្រសួងសុខាភិបាលត្រូវបានបង្កើនថវិកាជិត ២ដងកន្លះ ប្រៀបធៀបរវាងថវិកាឆ្នាំ២០២០ និង២០១៣។

ជាលទ្ធផល,​  វិស័យអប់រំមានការរីកចម្រើនគួឱ្យកត់សម្គាល់ តាមរយៈការកើនឡើងនូវអត្រាសិស្សចុះឈ្មោះចូលរៀន, ការបង្កើនចំនួនសាលារៀន និងគ្រូបង្រៀនឱ្យដល់តំបន់ដាច់- ស្រយ៉ាល, ការពង្រឹងគុណភាពនៃការប្រឡង និងការលើកកម្ពស់ គ្រូបង្រៀន ការផ្តល់អាហារូបត្ថម្ភគ្រប់គ្រាន់ជូនដល់កុមាតូចៗ ដើម្បីជម្រុញការលូតលាស់ និងបង្កើនសមត្ថភាពស្រូបយក

 ចំណេះដឹង។ ការផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សគ្រប់កម្រិត កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងការបញ្ជ្រាប STEM ចូលក្នុងកម្មវិធីអប់រំ។ ចំពោះ វិស័យសុខាភិបាល, ការថែទាំសុខភាពសាធារណៈកាន់តែប្រសើរឡើង ដែលនៅក្នុងឆ្នាំ២០១៧ អាយុសង្ឃឹមរស់ជាមធ្យមបានកើនដល់ប្រមាណ ៦៨ឆ្នាំ ដែលកើនឡើងជិត ១០ឆ្នាំ ធៀបនឹងទសវត្សរ៍ឆ្នាំ ៩០។

ការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត៖ អាគារមន្ទីរពេទ្យ មណ្ឌលសុខភាព ឱសថស្ថាន សម្ភារៈបរិក្ខារពេទ្យ និងការធ្វើទំនើបកម្មបច្ចេកវិទ្យាក្នុងវិស័យសុខាភិបាល បុគ្គលិកជំនាញ បុគ្គលិកជំនាញឯកទស។

គាំពារសង្គម៖ កម្មវិធីមូលនិធិសមធម៌របបសន្តិសុខសង្គម (បសស) និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីក្រីក្រមានផ្ទៃពោះ និងកូនអាយុក្រោម ២ ឆ្នាំ។

 ហេដ្ឋារចនាសម្ព័ន្ធ៖ ស្តារឡើងវិញលើហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តដែលខូចខាតជាច្រើន និងហេដ្ឋារចនាសម្ព័ន្ធថ្មីៗបន្ថែមទៀតដូចជា ជួសជុល និងកែលម្អផ្លូវថ្នល់ដែលខូចខាត, ស្ថាបនាស្ពានអាកាស និងកែលម្អអាកាសយានដ្ឋាន, ការប្រើប្រាស់ទូរគមនាគមន៍ និងអ៊ីនធើណែត, សេវាដឹកជញ្ជូនតាមរថយន្តក្រុង, សាងសងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ, ការដាក់ឱ្យដំណើរការផ្លូវរថភ្លើងភ្នំពេញ-ប៉ោយប៉ែត, និងការពង្រីកព្រលានយន្តហោះ និងកំពង់ផែជាដើម។

បន្ថែមពីនេះការសម្រេចបាននូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចក្នុងអត្រាកំណើនសេដ្ឋកិច្ចថេរ ក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ ក្នុងរយៈ​ពេល ១ ទស្សវត្សចុងក្រោយនេះ បានផ្តល់នូវមូលដ្ឋានចម្បងឱ្យរាជរដ្ឋាភិបាលកម្ពុជាមានលទ្ធភាពក្នុងការដោះ-ស្រាយ​នូវវិបត្តិជាយថាហេតុនេះជូនប្រទេសជាតិក៏ដូចជាប្រជាពលរដ្ឋក្រីក្រ តាមរយៈការដាក់ចេញនូវវិធានគោលនយោបាយចំនួន ០៩ ជុំ ដើម្បីអន្តរាគមន៍ ក្នុងការគ្រប់គ្រងផលប៉ះពាល់ចំពោះមុខ និងរក្សាលំនឹងនៃសេដ្ឋកិច្ច និងសង្គម ទ្រទ្រង់វិស័យ ទេសចរណ៍ វិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង កាបូប និង កំណើនសេដ្ឋកិច្ច, វិធានការសម្រួលផលប៉ះពាល់មកលើវិស័យសេដ្ឋកិច្ចកម្ពុជាពាក់ព័ន្ធសមត្ថកិច្ចរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បីសម្របសម្រួលបន្ធូបន្ថយភាពតានតឹង និងលើកស្ទួយស្ថានភាពអាជីវកម្មជាពិសេស សហគ្រាសធុនតូច និងមធ្យម ឱ្យល្អប្រសើរក្នុងអភិក្រមប្រុងប្រយ័ត្នខ្ពស់។ ជាក់ស្តែងរាជរដ្ឋាភិបាលបានចំណាយថវិកាចំនួន ១ ១៦៤ លានដុល្លារអាមេរិកលើវិធានការដោះស្រាយផលប៉ះពាល់នៃជំងឺកូវីដ-១៩ បន្ថែមពីលើចំណាយរបស់ជាតិឆ្នាំ២០២០ (១៨ ០៣៦ ៨៨៤ លានរៀល) និងបានត្រៀមថវិកាចំនួន ១ ១៥០ លានដុល្លារ ក្នុងឆ្នាំ២០២១ បន្ថែមពីលើថវិកាថ្នាក់ជាតិឆ្នាំ២០២១ (១៧ ៤៤៦ ៨៨១ លាន រៀល) សម្រាប់បន្តអន្តរាគមន៍ប្រយុទ្ធប្រឆាំងផលប៉ះពាល់ដោយវិបត្តិកូវីដ-១៩៕ ដោយសហការ