USAIDបន្តចាប់ដៃជាក្រសួងបរិស្ថានក្នុងការពារព្រៃឡង់


រាជធានីភ្នំពេញ៖ ក្រសួងបរិស្ថាននិង​ទីភ្នាក់ងារ​ជំនួយ​សហរដ្ឋអាមេរិក (USAID) បានបន្តចាប់ដៃជាមួយគ្នាក្នុងការការពារព្រៃឡង់និងជីវៈចម្រុះក្នុងតំបន់នោះឲ្យគង់វង្ស។ កិច្ចសហប្រតិបត្តិការថ្មីមួយទៀត នៃដៃគូទំាងពីរនេះ បានសម្ភោធជាផ្លូវការ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ។

គម្រោងថ្មីនេះ មានឈ្មោះថា យុទ្ធនាការការពារព្រៃឡង់ តាមរយៈការទំនាក់ទំនងផ្លាស់ប្តូរឥរិយាបថសង្គម។ លោកស្រី វីណា រេដឌី នាយក (USAID) ប្រចាំកម្ពុជា បានឱ្យដឹងថា ក្នុងអំឡុងពេលជាងមួយទសវត្សនេះ ទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍអន្តរជាតិរបស់សហរដ្ឋអាមេរិច កម្មវិធីអភិរក្សបរិស្ថាន (USAID) បានធ្វើការគាំទ្រជាច្រើននៅក្នុងប្រទេសកម្ពុជា។

« នៅពេលបច្ចុប្បន្ននេះ កម្មវិធីរបស់យើង ផ្តោតលើតំបន់ជីវចម្រុះសំខាន់ៗចំនួនពីរ គឺតំបន់ព្រៃឡង់ និងតំបន់វាលទំនាបភាគខាងកើត ហើយកិច្ចខិតខំប្រឹងប្រែងរបស់យើង បានចូលរួមជាចំណែកក្នុងការ ការពារប្រភេទសត្វដែលជិតផុតពូជសំខាន់ៗ នៅក្នុងតំបន់ភូមិសាស្រ្តទាំងនោះ ។ គម្រោងនេះមានគោលបំណង លើកកម្ពស់ការការពារបរិស្ថាន ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព និងការចូលរួមយ៉ាងសកម្មរបស់ប្រជាពលរដ្ឋកម្ពុជា ដើម្បីការពារធនធានរបស់ខ្លួន» ។ នេះជាការបញ្ជាក់របស់លោកស្រី វីណា រេដឌី ។

លោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ USAID ប្រចាំកម្ពុជា និងអ្នកពាក់ព័ន្ធទាំងអស់ ចំពោះការប្តេជ្ញាចិត្តខ្ពស់ និងសកម្មភាពលើកកម្ពស់កិច្ចការពារព្រៃឈើ ការអភិរក្សជីវៈ ចម្រុះ និងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាពនៅកម្ពុជា ។ លោកបន្ថែមថា កម្មវិធីនេះគឺបានឆ្លើយតបទៅនឹងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល លើការគ្រប់គ្រងព្រៃឈើ និងជីវៈចម្រុះ របស់យើងប្រកបដោយចីរភាព ដូចដែលបានចែងនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញស្តីពីការការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ ២០១៩-២០២៣ ។

យុទ្ធនាការការពារព្រៃឡង់ តាមរយៈការទំនាក់ទំនងផ្លាស់ប្តូរឥរិយាបទសង្គម គឺជាការបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាដើម្បីសម្រេចបាននូវការផ្លាស់ប្តូរឥរិយាបទដ៏មានអត្ថន័យ និងការលើកកម្ពស់សកម្មភាពជាវិជ្ជមានឆ្ពោះទៅរកកិច្ចការពារព្រៃឈើ និងការអភិរក្សជីវៈចម្រុះនៅកម្ពុជា ៕


Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ