រាជធានីភ្នំពេញ ៖ ក្រោយពីបានចំណាយពេលក្នុងការរៀបចំចងក្រងបោះពុម្ពមកនោះ អ្នកនិពន្ធ និងអ្នកសារព័ត៌មានដ៏ល្បីប្រចាំនៅប្រទេសកម្ពុជា គឺលោកពុយ គា ជាអ្នកឆ្លើយឆ្លងឱ្យទីភ្នាក់ងារសារព័ត៌មានត្យូដូរប្រចាំកម្ពុជា និងលោកហ្សង់ ហ្វ្រង់ស័រតាន នាយកវិទ្យុបារាំងជាខេមរភាសា បានប្រកាសលក់សៀវភៅរបស់ខ្លួនថ្មីមួយទៀត ដែលមានចំណងជើងថា «ចម្បាំងត្រជាក់ រវាងអាមេរិក និងចិន» ។
ថ្លែងក្នុងសន្និសីទកាសែតកាលពីព្រឹកថ្ងៃទី២១ មិថុនា ២០១៤ នៅសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ លោកពុយ គា ចាងហ្វាងបោះពុម្ពផ្សាយបានមានប្រសាសន៍ថា សៀវភៅថ្មីមួយទៀតដែលមិត្តរួមអាជីពលោកហ្សង់ ហ្វ្រង់ស័រតាន បាននិពន្ធ និងឈានទៅដល់ការបោះពុម្ព ហើយបានដាក់លក់នៅតាមទីផ្សាររួចហើយ មាននៅតាមតូបកាសែត និងបណ្ណាគារ ដែលមានតម្លៃ១៤.០០០រៀល ។
លោកពុយ គា បានបញ្ជាក់ថា ការចេញផ្សាយសៀវភៅថ្មីមួយនេះ ក្រោយពីលោកបានបោះពុម្ព និងដាក់លក់សៀវភៅមួយចំនួននៅតាមទីផ្សារ ហើយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន ដូចជាសៀវភៅមានចំណងជើងថា មហាយក្សចិន និងរាជរដ្ឋាភិបាលកម្ពុជាចាប់ពីឆ្នាំ១៩៤៥ ដល់ឆ្នាំ២០១០ បូករួមទាំងសៀវភៅពាក់ព័ន្ធទៅនឹងអតីតមេដឹកនាំខ្មែរក្រហម លោកខៀវ សំផន ជាដើម ។
លោកពុយ គា បានសង្ខេបពីខ្លឹមសារនៅក្នុងសៀវភៅនោះ ដោយលើកឡើងងាយយល់សម្រាប់អ្នកអានទូទៅជុំវិញស្ថានការណ៍នយោបាយ សេដ្ឋកិច្ច សង្គមទូទៅរបស់ប្រទេសសមាជិកអាស៊ាន តាំងពីថ្ងៃបង្កើតរហូតមកដល់ពេលនេះ ។
លោកក៏បានលើកឡើងពីចំណុចរឿងរ៉ាវដែលមានការចាប់អារម្មណ៍ខ្លាំង និងក្តៅគគុកកើតឡើងនៅក្នុងតំបន់អាស៊ាន ដូចជាបញ្ហាផ្ទៃក្នុងរបស់ប្រទេសសមាជិកអាស៊ាននីមួយៗ ក៏ដូចជាស្ថានការណ៍នយោបាយចុងក្រោយ នៅប្រទេសថៃដឹកនាំដោយរបបយោធា បូករួមទាំងបញ្ហាសមុទ្រចិនខាងត្បូង និងការប្រជែងអំណាចគ្នារវាងមហាអំណាចទាំង២ គឺអាមេរិក និងចិន នៅក្នុងតំបន់នេះ ។
លោកសង្ឃឹមថា មហាជនទូទៅនឹងចាប់អារម្មណ៍ចំពោះសៀវភៅមួយក្បាលនេះ ដែលជាស្នាដៃទីពីររបស់លោកហ្សង់ ហ្វ្រង់ស័រតាន ដែលក្តោបបញ្ហារួម ដោយសង្ខេបរបស់សអាស៊ានទាំងមូល ទាំងអតីតកាលមកដល់ពេលបច្ចុប្បន្ន ហើយលោកមានជំនឿថា មិត្តអ្នកអាននឹងគាំទ្រ ដើម្បីជាការលើកទឹកចិត្តដល់អ្នកនិពន្ធ អ្នកចងក្រង និងបោះពុម្ពផ្សាយឱ្យចេញជារូបរាងនេះឡើង ។
លោកបញ្ជាក់ថា សៀវភៅចម្បាំងត្រជាក់អាមេរិក និងចិនខាងលើនេះ ត្រូវបានលោកបោះពុម្ពចំនួន៥.០០០ក្បាល សម្រាប់ដាក់លក់នៅលើទីផ្សារ ។
ជុំវិញការដាក់លក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជាខាងលើនេះ លោកពុយ គា បានមានប្រសាសន៍ថា លោកនឹងច្រៀកប្រាក់១ពាន់រៀល ដែលបានមកពីការលក់សៀវភៅក្នុង១ក្បាល ដើម្បីជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជា តាមរយៈមន្ទីរពេទ្យគន្ធបុប្ផា ដែលលោកឱ្យឈ្មោះថា ជា «ព្រះកំពុងជួយកុមារកម្ពុជា ដែលរងគ្រោះដោយជំងឺ» ។ ដូចនេះ មិត្តអ្នកអានទាំងអស់នឹងបានចូលរួមចំណែកមនុស្សធម៌ទាំងអស់គ្នា បើទោះបីជាទឹកប្រាក់នេះ តិចតួចយ៉ាងណាក៏ដោយ ។
លោកបានប្រកាសថា ក្នុង១ខែម្តង ពោលគឺនៅថ្ងៃទី២១ កក្កដា ២០១៤ លោកនឹងគិតគូគុណលុយដែលបានមកពីការលក់សៀវភៅនេះ ទោះមានចំនួនប៉ុន្មានក៏ដោយ ក៏លោកត្រូវយកទៅប្រគល់ជូនមន្ទីរពេទ្យមួយនេះ ដើម្បីជាការចូលរួមចំណែកសង្គ្រោះជីវិតកុមារ តាមលទ្ធផលដែលអាចធ្វើបាន ៕
ចែករំលែកព័តមាននេះ