ខេត្តកែប ៖ ក្រោយពីបញ្ចប់យុទ្ធនាការសង្គ្រោះក្នុងឧបទ្ទវហេតុរលំអគារកម្ពស់៧ជាន់ (រាប់ចាប់ពីជាន់ផ្ទាល់ដី) ក្នុងរយៈពេលជាង៤៣ម៉ោង សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែនបានមានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន ពន្យល់ដល់ប្រជាពលរដ្ឋទូទាំងប្រទេសឲ្យបានជ្រាប ដើម្បីកុំឲ្យមានមតិមួយចំនួនដែលលើកឡើងថា ប្រតិបត្តិការនេះប្រើពេលយូរ ។
ពាក់ព័ន្ធនឹងករណីនេះ សម្ដេចតេជោមានប្រសាសន៍បញ្ជាក់ថា ការដាក់ចេញនូវបទបញ្ជាសម្រាប់សង្គ្រោះនៅទីនេះគឺ ៖ ទី១-ត្រូវឱ្យអាទិភាពខ្ពស់ទៅលើការសង្គ្រោះជីវិតមនុស្ស គឺមិនអាចធ្វើដោយទទឹងទិស ឬដោយខ្វះការប្រុងប្រយ័ត្ននោះទេ ។ ដូច្នេះ ហើយបាន ជានៅពេលដែលយើងរុករកឃើញមានសញ្ញាណាមួយដែលមិនប្រក្រតី ហើយដែលអាចសង្ស័យថាមានមនុស្សគឺត្រូវតែបញ្ឈប់នូវគ្រឿងចក្រទាំងឡាយ ហើយប្រើដោយមធ្យោបាយផ្សេងៗតាមលទ្ធភាពដែលអាចធ្វើទៅបាន ។ ទី២-គោរពទៅដល់សាកសព បើទោះបីជាពួកគាត់បានស្លាប់ទៅហើយតែយើងត្រូវតែធានាថា សាកសពទាំងនោះមិនត្រូវបានប៉ះពាល់ដោយគ្រឿងចក្ររបស់យើងទេ ។
ដូច្នេះ ចំណុចនេះហើយជាចំណុចត្រូវប្រតិបត្តិការយឺត ហើយសង្ឃឹមថាប្រជាពលរដ្ឋរបស់យើងអាចយល់បាន ។ ប៉ុន្តែអ្វីដែលខ្ញុំយកចិត្តទុកដាក់សង្កេតមើល នៅពេលដែលយើងបានទទួលដំណឹង គឺភាពស្រុះគ្នានៃកម្លាំងរបស់យើងបានចុះមកដល់ទីនេះ ដែលមិនត្រឹមតែខេត្តកែបម្នាក់ឯងទេ គឺនៅមានខេត្តជិតខាងទៀត។
និយាយរួម ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តតាកែវ និងស្ថាប័នអន្តរជាតិ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ទាំងកងទ័ព ទាំងនគរបាល ក៏ដូចជាស្ថាប័នស៊ីវិលដទៃទៀត ដែលខ្ញុំមិនអាចរៀបរាប់អស់ ក្នុងនោះសំដៅទៅលើស្ថាប័នដែលមានការទាក់ទងដូចជាក្រុមគ្រូពេទ្យ ក្រុមយុវជន ក្រុមយុវនារីក៏បានចូលរួមនៅទីនេះ។
អ្វីដែលជាការគួរឲ្យកត់សម្គាល់ គឺក្រុមជំនាញរបស់យើងបានធ្វើការយ៉ាងសកម្ម ដើម្បីរុករកនូវឧប្បត្តិហេតុដែលបានកើតនៅក្នុងខេត្តកែបរបស់យើង ហើយឱ្យយើងបានដោះស្រាយសង្គ្រោះអាយុជីវិត ដែលមកដល់ពេលនេះ តួលេខជាផ្លូវការមនុស្សទាំងអស់៥៩នាក់ គឺរងរបួស២៣នាក់ ក្នុងនោះមានស្ត្រី៨នាក់ ។ ចំនួនស្លាប់គឺមាន៣៦នាក់ (ស្ត្រីចំនួន១៤នាក់) ។ សរុបទាំងអ្នកស្លាប់ទាំងអ្នករបួស៥៩នាក់(ស្ត្រី២២នាក់) ដែល ក្នុងនោះក៏មានកុមារាកុមារីផងដែរ ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា នេះជាព្រឹត្តិការណ៍ដ៏សោកសង្រេងមួយសម្រាប់ប្រទេសជាតិរបស់យើង ដែលជួបប្រទះនូវរឿងអកុសលទាំងនេះ ។ សម្ដេចតេជោបានថ្លែងអំណរគុណ និងសម្ដែងករុណាទិគុណចំពោះព្រះមហាក្សត្រជាទីសក្ការៈ ក៏ដូចជាសម្ដេចម៉ែជាទីសក្ការៈ ដែលព្រះអង្គតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់់ប្រជារាស្ត្ររបស់ព្រះអង្គ ដោយរាប់ទាំងការចូលរួមវិភាគទានជាថវិកាតាមរយៈសម្ដេចចៅហ្វាវាំង គង់ សំអុល មកជូនរាជរដ្ឋាភិបាល ដើម្បីបន្តផ្ដល់ជូនទៅដល់ជនរងគ្រោះ ។ សម្តេចតេជោ ក៏បានអរគុណស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងអរគុណសប្បុរសជននានាដែលបានចូលរួមវិភាគទាន។
ខ្ញុំមិនបានធ្វើការអំពាវនាវទេ ក៏ប៉ុន្តែអ្នកដែលបានស្ម័គ្រចិត្តចូលរួមវិភាគទានរហូតមកដល់ពេលនេះគឺមានប្រមាណជា១លាន៧សែនដុល្លារសហរដ្ឋអាមេរិក ។ នៅទីនេះ កម្លាំងប្រតិបត្តិការផ្ទាល់តែម្ដងដែលខ្ញុំចាត់ទុកថា ជាបង្អែកនៃកម្លាំងរបស់ជាតិយើង ដែលខ្ញុំមានមោទនភាពខ្លាំងណាស់ ។ ទាំងទូរទស្សន៍ ទាំងសោតទស្សន៍ បានផ្តិតយករូបភាពអំពីសកម្មភាពទាំងឡាយនៃកម្លាំងរបស់យើង ដែលជាកម្លាំងជួយជាតិរបស់យើង។ប៉ុន្តែយើងត្រូវមានការហ្វឹកហាត់បន្ថែម រៀបចំផែនការហ្វឹកហាត់បន្ថែម ។ ខ្ញុំក៏អរគុណផងដែរ ចំពោះវិស័យឯកជនក្នុងស្រុក ដែលបានចូលរួមដោយផ្ដល់នូវគ្រឿងចក្រហើយក៏អរគុណអ្នកជំនាញចិននានា ដែលកំពុងធ្វើការនៅខេត្តព្រះសីហនុ ដែលមានបទពិសោធន៍ទាក់ទងនឹងការជួយសង្គ្រោះ បានប្រមូលផ្ដុំគ្នាមកជួយសង្គ្រោះនៅកន្លែងនេះ រាប់ទាំងវិធីសាស្ត្រស្វែងរុករកទីកន្លែងដែលមនុស្សអាចនៅរស់ ឬក៏កន្លែងដែលមានការសង្ស័យទៀត ។
ខ្ញុំក៏បានស្នើសុំហើយគាត់ជួយបង្ហាត់ដល់កម្លាំងរបស់កម្ពុជាបន្ថែមទៀត ។នេះជាជាឧប្បត្តិហេតុដែលកើតឡើង ហើយរឿងនេះខ្ញុំចង់សំដៅបញ្ជាក់ដល់អស់លោកបន្តិច។នៅពេលដែលកើតរឿងភ្លាម មានអ្នកបង្ហោះតាមហ្វេសប៊ុក ហើយក៏មានអ្នកវាយសារចូលមកក្នុងតេឡេក្រាមរបស់ខ្ញុំធ្វើការស្ដីបន្ទោសអ្នកនេះ ធ្វើការស្ដីបន្ទោសអ្នកនោះ ត្រូវការដកអ្នកនេះ ត្រូវការដកអ្នកនោះ ក្នុងពេលដែលយើងជាប់ជំពាក់អំពីអ្វីដែលជាការគិតដំបូងបំផុត គឺការសង្គ្រោះអាយុជីវិតរបស់ពលរដ្ឋយើង ។ មិនមែនជាបញ្ហាស្វែងរកអ្នកណាខុសអ្នកណាត្រូវនៅពេលនោះទេ ។ក៏ប៉ុន្តែខ្ញុំអាចបញ្ជាក់ ដើម្បីចៀសវាងនូវការសង្ស័យណាមួយ អភិបាលខេត្តនិងមន្ត្រីមិនត្រូវបានដកចេញពីតំណែងទេ ។ ខ្ញុំសូមបញ្ជាក់ ព្រោះនៅមានប្រធានគណបក្សនយោបាយមួយបង្ហោះចេញភ្លាមថា ខេត្តព្រះសីហនុអភិបាលខេត្តលាលែង តើខេត្តកែបទៅជាអ្វី ?
បន្ទាប់ទៅ ចេញសារមួយបន្ថែមទៀតរហូតដល់ខ្ញុំទៅខមិុននៅក្នុងហ្វេសប៊ុកនោះថា សូមឯកឧត្តមកុំប្រើពេលវេលានេះរុញឲ្យខ្លោចរោចឱ្យឆៅ…។ ខ្ញុំចង់បញ្ជាក់ថា រឿងរ៉ាវទាក់ទងនឹងការរលំបាក់អគារនេះ វាមិនមែនមានកើតតែនៅក្នុងប្រទេសកម្ពុជាទេ ។ សូមអស់លោកមើលតាមការផ្សាយនានាដែលបានផ្សព្វផ្សាយឡើងវិញពីម្សិល តើមានព្រឹត្តិការណ៍ប៉ុន្មាននៅលើពិភពលោកនេះ ដែលនាំឲ្យបាក់អគារនៅក្នុងឆ្នាំ២០១៩រាប់ទាំងសហរដ្ឋអាមេរិក ។
ឥឡូវបើសិនជារឿងទាំងនេះទាមទារឲ្យដកមន្ត្រីនេះ រហូតដល់ខ្ញុំនឹងពិនិត្យទៅលើមន្ត្រីរបស់ខ្ញុំមួយចំនួន ដែលកំពុងនៅក្នុងជួររាជរដ្ឋាភិបាលបង្ហោះហ្វេសប៊ុកចេញ សំដៅប្រមូលផ្តុំទៅលើអគារ សំដៅរុញច្រានឲ្យខ្ញុំដកតំណែងតែម្ដង។ ដូច្នេះ ខ្ញុំគិតថា កំពុងធ្វើអ្វីពិតប្រាកដគឺត្រូវការសង្គ្រោះ នេះជាកិច្ចការបន្ទាន់ ឯរឿងដទៃទៀតចាំនិយាយគ្នាលើកក្រោយ ។ ប៉ុន្តែដោយសារអស់លោកផ្ដោតការយកចិត្តទុកដាក់ថា តើរាជរដ្ឋាភិបាលនិងខ្លួនខ្ញុំឬក៏សម្ដេចក្រឡាហោម សខេង ដែលជារដ្ឋមន្ត្រីមហាផ្ទៃ គឺត្រូវដោះស្រាយយ៉ាងម៉េច ?
សម្ដេចតេជោមានប្រសាសន៍ថា ខ្ញុំមិនអាចដកតំណែងអភិបាលខេត្តនោះទេ ព្រោះវាមិនជាប់ពាក់ព័ន្ធជាមួយនឹងបញ្ហា ។ ពិតមែនតែកើតនៅក្នុងដែនដីរបស់ខ្លួន ក៏ប៉ុន្តែខ្ញុំចង់សួរអស់លោកថា អាចយល់ទេនៅប្រទេសនានាដែលបានកើតដូចជារដ្ឋមួយនៅសហរដ្ឋអាមេរិកដួល អូតែល(សណ្ឋាគារ)តែម្ដង តើអភិបាលរដ្ឋនោះគាត់លាលែងពីតំណែងទេ ? ត្រូវបានដកចេញពីតំណែងទេ ? ហើយបែរជារុញច្រានមកកម្ពុជា ។
រឿងអភិបាលខេត្តព្រះសីហនុគឺជារឿងមួយដែលខ្ញុំយល់ថា គប្បីគាត់អាចត្រូវប្ដូរតួនាទីទៅកាន់កន្លែងផ្សេងដើម្បីដាក់អ្នកជំនួស ។
ឥឡូវនេះ ឆេះសារមន្ទីរដ៏ធំមួយនៅទីក្រុងប៉ារីស តើទាំងអស់គ្នាបានឲ្យអភិបាលក្រុងប៉ារីសលាលែងពីតំណែងទេ? តើត្រូវឲ្យរដ្ឋមន្ត្រីប៉ុន្មានលាលែងពីតំណែង ?ហេតុអ្វីបានជាអ្នកទាំងឡាយចូលចិត្តណាស់រឿងក្តិចត្រួយផ្តួលគ្នា…ហើយខ្ញុំនឹងពិនិត្យមើលមន្ត្រីរបស់ខ្ញុំដែលវ៉ៃចូលក្នុងវ៉ាត់អាប់របស់ខ្ញុំ និងការបង្ហោះតាមហ្វេសបុ៊កមួយចំនួន ដើម្បីខ្ញុំចាត់ការវិញ ដើម្បីខ្ញុំព្រមាន ។ ខ្ញុំយល់ ខ្ញុំទទួលយកនូវការផ្ដល់មតិ ក៏ប៉ុន្តែពេលវេលានេះក៏មិនមែនជាពេលវេលាដែលអ្នកឯងត្រូវនិយាយរឿងហ្នឹងទេ។ សម្ដេចតេជោមានប្រសាសន៍ថា ឥឡូវគណៈកម្មការធ្វើការកោសល្យវិច័យទៅលើអគារ ត្រូវរៀបចំឡើងនៅពេលក្រោយ ដែលត្រូវធ្វើនៅពេលខាងមុខ ។ ប៉ុន្តែមិនមែនជាពេលវេលានេះទេ ដូច្នេះខ្ញុំគ្រាន់តែចង់បញ្ជាក់ រឿងរបស់កម្ពុជាវាបានកើតព្រឹត្តិការណ៍នេះប្រហែលជានេះគឺជាកំហុសរបស់ខ្ញុំ។
ហេតុអី្វបានជាខ្ញុំនិយាយថា ជាកំហុសរបស់ខ្ញុំ ។ បើខ្ញុំមិនពន្លត់ភ្លើងសង្គ្រាមនេះទេ តើអ្នកទាំងអស់គ្នាបានមកធ្វើផ្ទះដូច្នេះទេ ? បើសិនជាខ្ញុំមិនដឹកនាំប្រទេសនេះ តើមានការអភិវឌ្ឍឱ្យមានអគាររាប់ជាន់និងរលំទេ ?យើងមានត្រឹមតែកូនខ្ទមជ្រក ប៉ុន្តែឥឡូវនេះយើងមានអគារច្រើន យើងទទួលស្គាល់អំពីចំណុចខ្វះខាត ។ នៅទីនេះ គ្រាន់តែយើងសិក្សាជាបឋមមានចំណុចខ្វះខាត២រួចស្រេចទៅហើយតែខ្ញុំមិនសន្និដ្ឋានជំនួសអ្នកបច្ចេកទេសទេ ។
ទី១-គឺផ្នែកខាងគូសប្លង់ ដោយតម្រូវដែកទំហំប៉ុណ្ណេះ ប៉ុណ្ណោះ…គឺដាក់ដែកខុស បានសេចក្តីថាដែកមានកម្រិតតូចជាងខាងបច្ចេកទេសដែលគេផ្ដល់ឲ្យ ។ទី២-កំហុសទាក់ទិនជាមួយនឹងបញ្ហាប្លង់សេដែលគេត្រូវការ២៧ឬ២៨ថ្ងៃទើបអាចដោះក្តារពុម្ពបាន ។ ប៉ុន្តែយើងបានទទួលព័ត៌មាន គឺការដោះពុម្ពក្តារនោះ មិនបានដប់១០ថ្ងៃទេគាត់ដោះ ក្តារពុម្ពចេញតែម្ដង ដើម្បីឈានឡើងទៅចាក់ខាងលើទៀត ។ ឯមេការរូបនេះគាត់បានទទួលមរណភាពទាំងកូនទៅទៀត ។
ដូច្នេះ យើងមិនដឹងទៅចាប់គាត់ឲ្យសងម្ដេចកើត ក្រៅពីយើងផ្ដល់ថវិកាដល់ក្រុមគ្រួសារគាត់បន្ថែម ព្រោះនេះជាសោកនាដកម្មដែលបានកើតឡើង ។ ប៉ុន្តែខ្ញុំក៏អាចបញ្ជាក់បានដែរថាម្ចាស់សំណង់ក៏ស្ថិតនៅក្នុងទីនេះ ឥឡូវនេះបន្ទាប់ពីនៅស្នងការដ្ឋាននគរបាលខេត្តកែប នឹងបញ្ជូនទៅកាន់តុលាការខេត្តកំពត ។ ពេលនោះនីតិវិធីរបស់តុលាការយ៉ាងម៉េច គឺអាស្រ័យទៅលើតុលាការ ។ សំណងរដ្ឋប្បវេណីគឺត្រូវតែប្ដឹងធ្វើទៅតាមច្បាប់ ។សម្ដេចតេជោមានប្រសាសន៍ថា ចំណុចទាំងអស់នេះជាចំណុចដែលខ្ញុំចង់បញ្ជាក់ជូន ។ ខ្ញុំសូមអរគុណបងប្អូនជនរួមជាតិ ដែលបានជួយឈឺឆ្អាលរឿងនេះ ហើយខ្ញុំគិតថានេះជាចលនាស្មារតីជាតិនិយមមួយស្រឡាញ់គ្នា ។ លើកលែងតែមនុស្សមួយចំនួនដែលអគតិ រាប់ទាំងមន្ត្រីក្នុងជួររាជរដ្ឋាភិបាលដែលខ្ញុំត្រូវតែពិនិត្យ ដែលប្រើពាក្យវ៉ៃចូលក្នុងវ៉ាត់អាប់ ហើយខ្ញុំរុញទៅឱ្យមើលប្រទេសជាច្រើននៅលើពិភពលោក រលំអគារនៅច្រើនប្រទេស ។ ខ្ញុំអត់ឆ្លើយអ្វីទេ ខ្ញុំរុញអគារដែលរលំហើយមើលខ្លួនឯងទៅ នៅប្រទេសគេជឿនលឿន ។
ខ្ញុំនិយាយយ៉ាងដូច្នេះ មិនមែនចង់សម្រាលការទទួលខុសត្រូវ និងបិទបាំងភាពខ្សោយរបស់យើងទេ តែខ្ញុំសុំឲ្យអ្នកទាំងឡាយកុំជ្រុលនិយមទៅលើបញ្ហាអ្វីដែលកើតឡើង គឺដាក់ការស្ដីបន្ទោសជាមុនដោយខ្វះការស្រាវជ្រាវ… នេះជាចំណុចដែលខ្ញុំចង់ដាស់តឿនមនុស្សទាំងឡាយ ។ពិតមែនហើយ ខ្ញុំគ្មានសិទ្ធិនឹងបិទមាត់ចំពោះសេរីភាពរបស់អ្នកណាទេ ក៏ប៉ុន្តែយើងមានសិទ្ធិនឹងពន្យល់ប្រាប់ទៅវិញថា យើងគួរធ្វើអ្វីនៅពេលណា ដូចជាករណីនៅកន្លែងនេះមិនមែនជាពេលវេលាឲ្យដកនេះដកអ្នកនោះ ហើយនិយាយពីអំពើពុករលួយអុីចេះអុីចុះទេ ។ ខ្ញុំក៏សូមបញ្ជាក់ថា ខ្ញុំបានសម្រេចពីម្សិលមិញ សម្រាប់អ្នករបួសម្នាក់គឺទទួលបានថវិកា១ម៉ឺនដុល្លារអាមេរិក ។ ដោយឡែក ករណីពិសេសដែលអ្នករកឃើញនៅក្នុងគំនរបាក់បែកចំនួន៧
នាក់ បានទទួលម្នាក់២ម៉ឺនដុល្លារអាមេរិក។សម្រាប់សព គឺក្នុងម្នាក់ចំនួន៥ម៉ឺនដុល្លារអាមេរិក និងប្រាក់សម្រាប់ធ្វើបុណ្យចំនួន១០លានរៀល ។
យើងនឹងពិនិត្យតទៅទៀត បើសិនជាថវិកានេះនៅសល់ យើងនឹងពង្រីកបន្ថែមទៅឲ្យអ្នកដែលស្លាប់ដើម្បីឱ្យកូនចៅឬឪពុកម្ដាយរបស់គេមានលទ្ធភាពបន្ត ។ខ្ញុំពិតជាមានមោទនភាពជាមួយប្រតិកម្មរហ័សរបស់យើង ហើយសូមសរសើរដោយស្មោះចំពោះលោកនាយឧត្តមសេនីយ៍ គន់ គីម ដែលទើបនឹងត្រូវបានតែងតាំងជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយពេលដែលទទួលបានព័ត៌មានភ្លាម គឺធ្វើដំណើរមកកាន់ទីនេះបន្ទាន់ ហើយដឹកនាំកម្លាំងអនុវត្តមុនពេលដែលខ្ញុំបានមកដល់ ។
សង្ឃឹមថា នៅពេលខាងមុខបន្ទាប់ពីច្បាប់សំណង់ត្រូវបានអនុវត្តពេញលេញ ខ្ញុំគិតថាឧប្បត្តិហេតុបែបនេះនឹងត្រូវបានកាត់បន្ថយឬឈានទៅ លុបបំបាត់ ។ ដោយសារពីមុននេះយើងមិនទាន់មានច្បាប់សំណង់ទេ ច្បាប់សំណង់ទើបនឹងអនុ ម័តប្រមាណ១ខែឬ២ខែ ដូច្នេះច្បាប់ស្តីពីសំណង់របស់យើងមិនទាន់បានអនុវត្តពេញលេញទេ ។ ដូចជាសំណង់បែបនេះ គឺតម្រូវឱ្យជួលក្រុមហ៊ុនមួយផ្សេងទៀតដើម្បីមកត្រួតពិនិត្យគុណភាពសំណង់ តើអ្នកឯងសាងសង់នោះស្របទៅតាមប្លង់ឬបច្ចេកទេសដែរឬទេ? ដូច្នេះចំណុចរបស់វានៅកន្លែងហ្នឹង ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់ថា អ្នកណាក៏ដោយឲ្យតែមានចិត្តចង់ជួយយើងស្វា គមន៍ទាំងអស់…ខ្ញុំអរគុណគាត់(លោក កឹម សុខា) ប៉ុន្តែខ្ញុំមិនទាន់បានទទួលព័ត៌មានពីថវិកាដែលគាត់ត្រូវផ្ដល់ទេ ។ ប៉ុន្តែបើទោះបីជានៅក្នុងនិន្នាការណាក៏ដោយ ពេលវេលានេះមិនមែនជាពេលវេលាត្រូវទាស់គ្នាទេ ជាពេលវេលាដែលខ្មែរត្រូវជួយខ្មែរ ។ គ្រប់និន្នាការទាំងអស់ប្រមូលផ្ដុំជួយខ្មែរ ។ ដូច្នេះខ្ញុំស្វាគមន៍ឥរិយាបថរបស់លោក កឹម សុខា បើទោះបីជាគាត់នៅមានបញ្ហានេះបញ្ហានោះ ក៏ប៉ុន្តែរឿងជួយប្រជា ពលរដ្ឋគឺជារឿងដែលយើងត្រូវស្វាគមន៍គាត់ ។ ខ្ញុំគិតថា គ្រប់និន្នាការទាំងអស់ប្រមូលផ្ដុំការខិតខំជួយប្រជាពលរដ្ឋជាជាងវ៉ៃប្រហារមកលើរាជរដ្ឋាភិបាល ឬក៏វ៉ៃប្រហារទៅលើអ្នកនេះទៅលើអ្នកនោះ ដែលជារឿងមិនចាំបាច់ ។
ខ្ញុំគិតថា សូម្បីតែលោក កឹម សុខា ក៏គាត់គិតត្រូវជាងមនុស្សមួយចំនួននៅក្នុងជួររាជរដ្ឋាភិបាលដែរ ។ គាត់មិនបានយកការថ្កោលទោសរាជរដ្ឋាភិបាលទេ បើសិនជាតាមអ្វីដែលលោកបាននិយាយអម្បាញ់មិញ គឺគាត់សម្តែងការសោកស្តាយនិងចូលរួមមរណទុក្ខ ។ បើអុីចឹង លោក កឹម សុខា ប្រសើរជាងមន្ត្រីក្នុងរាជរដ្ឋាភិបាលមួយចំនួនថែមទៀតផង ៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ