ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់មើលផ្លូវ ២នាក់ធ្វើសកម្មភាព ចុង​ក្រោយ​អស់លក្ខណ៍​ត្រឹម​អ្នកមើលផ្លូវ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ដែល​ជា​អ្នក​ឈរ​មើលផ្លូវ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចាប់​ប្រគល់​ឱ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ​៣ បន្ទាប់​ពី​ពួក​គេ​កំពុង​តែ​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ដើម្បី​លួច​ទ្រព្យសម្បត្តិ តែ​មិន​បាន​សម្រេច ចំណែក​ជនសង្ស័យ​២​នាក់​ទៀត​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​យប់​ថ្ងៃ​ទី​៤ ខែមករា ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ដែល​ជា​អ្នក​ឈរ​មើលផ្លូវ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចាប់​ប្រគល់​ឱ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ​៣ បន្ទាប់​ពី​ពួក​គេ​កំពុង​តែ​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ដើម្បី​លួច​ទ្រព្យសម្បត្តិ តែ​មិន​បាន​សម្រេច ចំណែក​ជនសង្ស័យ​២​នាក់​ទៀត​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​យប់​ថ្ងៃ​ទី​៤ ខែមករា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះ​មួយ​កន្លែង តាម​ផ្លូវលំ ស្ថិត​ក្នុងភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ​។

ជនសង្ស័យ​ម្នាក់​ដែល​ប្រជាពលរដ្ឋ​ចាប់ខ្លួន​ឈ្មោះ ភក្ដី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​រើស​អេ​ត​ចាយ ស្នាក់​នៅ​ភូមិ​ទ្រា​៤ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ ។ ចំណែក​ជនសង្ស័យ​២​នាក់​ទៀត​មិន​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល​។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ជា​ម្ចាស់ផ្ទះ​កើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ជនសង្ស័យ​២​នាក់​បាន​ឡើង​លើ​របង​បម្រុង​គាស់​ចូល​ផ្ទះ​របស់​គាត់​ដែរ តែ​ត្រូវ​គាត់​ឃើញ​ទាន់ និង​ស្រែក​ឆោឡោ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ជនសង្ស័យ​២​នាក់​ដែល​ឡើង​លើ​របង​នោះ​លោត​ចុះ​មក​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​អឹ​ម​អេស​អេ​ច​គេចខ្លួន​បាត់​ស្រមោល ។ ពេល​នោះ​ពួក​គាត់​បានឃើញ​ជនសង្ស័យ​ម្នាក់​ជា​អ្នក​ឈរ​មើលផ្លូវ​ក៏​ចាប់​ឃាត់ខ្លួន​និង​រាយការណ៍​ទៅ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ​ទី​៣​តែ​ម្តង ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ពេល​ឃាត់ខ្លួន ជនសង្ស័យ​បាន​ឆ្លើយ​ប្រាប់​ថា ខ្លួន​មិន​បាន​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​នោះ​ទេ គឺ​ខ្លួន​ដើរ​រើស​អេ​ត​ចាយ​ដោយ​មាន​រទេះ​មួយ ។ ប៉ុន្តែ​នៅ​ក្នុង​រទេះ​នោះ​គឺ​ឃើញ​មាន​សោ​តូច​-​ធំ និង​ញញួរ ទំនងជា​ឧបករណ៍​ដែល​ជនសង្ស័យ​ប្រើ​សម្រាប់​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​មែន​។

ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ទៀត​ថា នៅ​ក្នុង​តំបន់​ចំណុច​កើតហេតុ​ខាងលើ​គឺ​ឧស្សាហ៍​មាន​ករណី​បាត់​កង់​, បាត់​ទូរស័ព្ទ​, បាត់​ម៉ូតូ​ និង​បាត់​​សម្ភារៈ​ផ្សេង​ៗ ដែល​ក្រុម​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ចូល​ផ្ទះ​រួច​លួច​យក​ទៅ​បាត់ ហើយ​ពួក​គាត់​បាន​ត្រឹមតែ​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​នគរបាល​ស្ទឹង​មាន​ជ័យ​៣​ដើម្បី​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់​មុខសញ្ញា​យក​មក​ផ្ដន្ទាទោស​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ​ដែល​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​និង​នាំ​ខ្លួន​បុរស​ជា​ជនសង្ស័យ​យក​មក​សួរនាំ​នៅ​ប៉ុស្ដិ៍​នគរបាល​ស្ទឹង​មាន​ជ័យ​៣​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​ខណ្ឌមានជ័យ​ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ