ខេត្តមណ្ឌលគិរី ៖ មុខសញ្ញាចាស់ជួញដូរឈើខុសច្បាប់ម្នាក់ត្រូវបានសមត្ថកិច្ចចាប់បញ្ជូនខ្លួនទៅតុលាការខេត្ត ក្រោយជននេះនិងបក្ខពួក២នាក់ផ្សេងទៀតបានលួចដឹកជញ្ជូនឈើចេញពីដែនជម្រកការពារសត្វព្រៃកែវសីមា ។
តាមប្រភពបានឲ្យដឹងថា ជនសង្ស័យត្រូវបានអាវុធហត្ថចាប់ខ្លួន ពេលកំពុងប្រើប្រាស់ម៉ូតូកែច្នៃចំនួន៣គ្រឿង ធ្វើសកម្មភាពដឹកឈើចំណុចភូមិអូរណា ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី តែត្រូវសមត្ថកិច្ចប្រទះឃើញដេញចាប់ឃាត់បានម្នាក់ រីឯ២នាក់ទៀតរត់គេចបាត់ស្រមោល។
លោក ប៉ៃ លិន មេបញ្ជាការកងរាជអាវុធហត្ថស្រុកកែវសីមាបានឲ្យដឹងថា សមត្ថកិច្ចចាប់ម៉ូតូកែច្នៃដឹកឈើចំនួន៣គ្រឿង ផ្ទុកឈើសុក្រំ៥ដុំ និងចាប់បានជនសង្ស័យម្នាក់ ចំណែកម្ចាស់ម៉ូតូ២គ្រឿងទៀតបានរត់គេចបាត់។
លោកមេបញ្ជាការបញ្ជាក់ថា កន្លងមកកងរាជអាវុធហត្ថបានចាប់ម៉ូតូកែច្នៃមានដឹកឈើចំនួន៨គ្រឿង និងប្រគល់ទៅផ្នែករដ្ឋបាលព្រៃឈើកែវសីមានៅថ្ងៃទី៤ មករា ឆ្នាំ២០២០ ដើម្បីកាត់បំផ្លាញចោលផងដែរ។
ជនសង្ស័យខាងលើនេះ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការ ព្រោះគេតែងធ្វើសកម្មភាពដឹកឈើ និងធ្លាប់ត្រូវបានអប់រំណែនាំច្រើនលើកមិនបានរៀងសោះ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ