ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងក្រុមហ៊ុនបូមខ្សាច់ធ្វើ​ឱ្យបា.ក់ដីស្រែ ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​តវ៉ា​ ព្រោះធ្វើ​ឱ្យ​​ប៉ះពាល់​ដីស្រែ​ និងដី​លំនៅ​ឋាន

20 ម៉ោង មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រជា​ពល​រដ្ឋ​រស់នៅ​ក្នុងភូមិ​ព្រៃ​ក្រោល ឃុំ​ព្រៃ​មូល ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ជា​ច្រើន​គ្រួសារ នៅ​ព្រឹក​ថ្ងៃ​ទី ២៩ ខែមិថុនា​ឆ្នាំ ២០២៦ បាន​នាំ​គ្នា មក​ជួបជុំ​នៅ​សាលាឃុំ​ព្រៃ​មូល ដើម្បី​ទាមទារ​ឲ្យក្រុមហ៊ុនបូម​ខ្សាច់តាម​អូរមួយ​កន្លែង​នៅ​ក្នុង​មូលដ្ឋាន​របស់​ពួក​គាត់ត្រូវ​បញ្ឈប់​ជា​បន្ទាន់ ព្រោះ​បាន​ធ្វើ​ឲ្យ​បាក់​ដីស្រែ​ និង​ដី​លំនៅ​ឋានរបស់​ពួក​គាត់​ចូល​ទៅ​ក្នុង​អូរ ធ្វើ​ឲ្យ​ប៉ះពាល់​ការ​រស់នៅ​របស់​ពួក​គាត់ ​។ ផ្ទុយ​នឹង​ការ​ចោទប្រកាន់​ខាងលើ​ម្ចាស់​ក្រុមហ៊ុន​បូម​ខ្សាច់​បញ្ជាក់​ថា ​ក្រុមហ៊ុន​បូម​ខ្សាច់​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ។

សូម​រំលឹក​ថា កាលពី​ថ្ងៃ​ទី ២៨ ខែមិថុនា គឺ​មុន​មួយ​ថ្ងៃ​ដែល​គាត់​មក​សាលាឃុំ​ព្រៃ​មូល​នៅ​ថ្ងៃនេះ ពួក​គាត់​បាន​តវ៉ា​ម្ដង​ហើយ ប៉ុន្តែ​មិន​ទាន់​មាន​ដំណោះស្រាយ ហើយ​ពួក​គាត់​ទទួល​ដំណឹង​ថា ខាង​រដ្ឋបាល​ស្រុក​រលាប្អៀរ និង​ចូល​ដោះស្រាយ​នៅ​ព្រឹក​នេះ​ទើប​ពួក​គាត់​មក​ជុំ​គ្នា ​។ ប្រជាពលរដ្ឋ​ទាំងនោះ បាន​លើក​ឡើង​ថា ការដ្ឋាន​បូម​ខ្សាច់​មួយ​កន្លែងដែល​មាន​ទីតាំងនៅ​ចំណុច​អូរ​តា​ទិ​ត្យ ស្ថិត​ក្នុងភូមិ ឃុំខាងលើ បាន​ធ្វើ​សកម្មភាព​បូម​ខ្សាច់ជា​ច្រើន​ឆ្នាំ​មក​ហើយ ធ្វើ​អោយ​មានការ​បាក់​ច្រាំងខូចខាត​ផ្លូវ ខូចខាត​ដល់​ដី​លំនៅ​ថា​ន ស្រែ​ចម្ការ ប៉ះពាល់​ផលប្រយោជន៍​ប្រជាពលរដ្ឋ​សងខាង​អូរជា​ខ្លាំង ។ ដូចនេះ​ពួក​គាត់​បានសំណូមពរ​អាជ្ញាធរ​ជំនាញ​ពាក់ព័ន្ធ​មេត្តា​ចុះ​ពិនិត្យ ជួយ​អន្តរាគមន៍ ដោះស្រាយ​បញ្ហា​ប្រឈម និង​កង្វល់​របស់​ប្រជាពលរដ្ឋ​ដោយ​ក្តី​អនុគ្រោះ ​។

ជុំវិញ​បញ្ហា​នេះម្ចាស់​ការដ្ឋានបូម​ខ្សាច់ខាងលើ​បាន​បញ្ជាក់​ថា ក្រុមហ៊ុន​លោក​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ មានការ​ទទួលស្គាល់​ពី​ជំនាញ​ជា​ច្រើន មុន​នឹង​អនុញ្ញាត​ឲ្យ​ច្បាប់​ក្រុមហ៊ុន​របស់​លោក​បូម​ខ្សាច់នៅ​ទីនោះ នiង​បាន​ដំណើរការ​ជា​ច្រើន​ឆ្នាំ​ណា​មក​ហើយ ​។​កន្លង​មក​ទីតាំង​ដែល​ក្រុមហ៊ុន​បូម​ខ្សាច់ គឺជា​កន្លែងនរណា​ក៏​អាច​ទៅ​យក​ខ្សាច់​ទីនោះ​បាន​ដែរ គ្មាន​ច្បាប់ទម្លាប់ លុះ​ពេល​ក្រុមហ៊ុន​របស់​លោក​រត់ការ​ច្បាប់​បាន ពួក​គាត់​មិន​អាច​ចូល​បូម​ខ្សាច់​អានា​ធិ​ប​តេ​យ្យ​បាន​ទៀត​ទេ ព្រោះ​ក្រុមហ៊ុន​លោក​មាន​អាជ្ញាប័ណ្ណ​បង់ពន្ធ​ជូន​រដ្ឋ​ត្រឹមត្រូវ ​។ ដែល​នេះ​ជា​ហេតុធ្វើ​ឲ្យ​ពួក​គាត់​ធ្លាប់​បូម​ខ្សាច់​នៅ​ទីនោះមិន​សប្បាយចិត្ត​ ។​ប្រសិនបើ​មានការ​បាក់​ដី​បាក់​ច្រាំង​អូរធ្វើ​ឲ្យ​ប៉ះពាល់​ប្រជាពលរដ្ឋ​ពិតមែន ម្ល៉េះ​សមមេ​ភូមិ​មេឃុំ​មិន​ព្រងើយកន្តើយ​ក្នុង​រឿង​នោះ​ទេ ​។

ទោះ​យ៉ាងណា​ នេះ​ជា​ការ​អះអាង​របស់​ម្ចាស់​ក្រុមហ៊ុន​បូម​ខ្សាច់តែ​ប៉ុណ្ណោះ ។ ​ដោយឡែក លោកស្រី ជា ហួ មេ​ភូមិ ព្រៃ​ក្រោល ឱ្យ​ដឹង​ថា​ក្នុង​នាម​អាជ្ញាធរ​ដែនដី លោកស្រីពុំ​មាន​សិទ្ធិ​សម្រេច​អនុញ្ញាត​ឲ្យ​ធ្វើ​នោះ​ទេ មាន​តែ​អាជ្ញាធរ​ជំនាញ​ពាក់ព័ន្ធ​ដូច​ជា​មន្ទីរ​សុរិយោដី ធនធានទឹក ធនធាន​រ៉ែ និង​បរិស្ថាន​ប៉ុណ្ណោះ​ដែល​មាន​សិទ្ធិ​ចេញ​អាជ្ញាប័ណ្ណ​ឲ្យ​ ។ ក្នុង​នោះ​លោកស្រី​សំណូមពរ​ឲ្យ​មន្ទីរ​សូ​រិ​យោ​ដី​ចាប់​ប្លង់​អូរ​ឲ្យ​បាន​ច្បាស់លាស់ និង​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុងភូមិ​មាន​សិទ្ធិ​អាស្រ័យ​ផល និង​សូម​សំណូមពរដល់ក្រុមហ៊ុន និងប្រជាពលរដ្ឋ សូមកុំ​យក​ខ្សាច់​ចម្ងាយ​ ២០០ ម៉ែត្រ​ពី​ផ្នែក​ខាងលើ​ស្ពាន និង ២០០​ម៉ែត្រ​ពី​ផ្នែក​ខាងក្រោម​ស្ពាន ។

លោក​ សេង វិចិត្រ អភិបាលស្រុក​រលាប្អៀរ​អោយ​ដឹង​ថា ករណី​វិវាទ​ខាងលើលោក​នឹង​ហៅ​អាជ្ញាធរ​ជំនាញ ដើម្បី​ប្រជុំ​ពិនិត្យ​មើល​ស្ថានភាព​ទំនាស់​ខាងលើនៅ​សាលាឃុំ​ព្រៃ​មូល មុន​ឈាន​ដល់​ការ​សម្រេច​ខុស​ត្រូវ​ឲ្យ​បាន​ច្បាស់លាស់​ ៕

ព័ត៌៌មានបន្ថែមនឹងមានផ្សាយនៅលើកាសែតកោះសន្តិភាព ៕

លោកស្រី​មេ​ភូមិ ព្រៃ​ក្រោល
រថយន្តដឹកខ្សាច់​