រាជធានីភ្នំពេញ ៖ គណៈសង្ឃនាយក និងក្រសួងធម្មការនិងសាសនា បានសម្រេចបញ្ចប់មុខតំណែងភិក្ខុ សេង ថង ពីចៅអធិការវត្តគោកបញ្ជាន់ ព្រមទាំងបណ្ដេញឲ្យចេញពីក្នុងវត្តខាងលើទៅគង់នៅវត្តជម្ពូវ័ន ជាភិក្ខុធម្មតាដោយគ្មានតួនាទីអ្វីទាំងអស់ ។ ការបញ្ចប់មុខតំណែងពីចៅអធិការនេះ គឺបន្ទាប់ពីព្រះអង្គរងការចោទប្រកាន់ថា បានឃុបឃិតគ្នាជាមួយបុគ្គលមួយចំនួនលក់ដីវត្តទំហំ៧ម៉ែត្រគុណនឹង១៥០ម៉ែត្រដោយខុសច្បាប់ ។
មិនតែប៉ុណ្ណោះ នៅក្នុងសេចក្ដីសម្រេចបញ្ចប់មុខតំណែងនេះ ក៏បានរំសាយគណៈកម្មការអាចារ្យវត្តចាស់ និងជ្រើសរើសបង្កើតគណៈកម្មការអាចារ្យវត្តថ្មី តែងតាំងព្រះចៅអធិការវត្តថ្មី ជាពិ សេសបង្គាប់ឲ្យអាជ្ញាធរមានសមត្ថកិច្ចដោះ ស្រាយ និងចាត់ការចំពោះអ្នកដទៃទៀតដែលមានជាប់ពាក់ព័ន្ធទៅនឹងការលក់ដីវត្តខាងលើនោះផងដែរ ។
ទាក់ទងទៅនឹងរឿងអាស្រូវលក់ដីវត្តនេះដែរ បានធ្វើឲ្យផ្ទុះឡើងនូវអធិករណ៍ជាបន្តបន្ទាប់ ដោយប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត សម្ដែងការមិនពេញចិត្ត និងនាំគ្នាធ្វើបាតុកម្មប្រឆាំងតវ៉ា ព្រមទាំងទាមទារឲ្យមានការដកតំណែងភិក្ខុ សេង ថង ដែលជាចៅអធិការ និងផ្លាស់ប្ដូរគណៈកម្មការអាចារ្យវត្តខាងលើនោះទៀតផង ។
យោងតាមសេចក្តីសម្រេចស្ដីពីការបញ្ចប់មុខតំណែង ដែលចេញដោយគណៈសង្ឃនាយក និងក្រសួងធម្មការនិងសាសនា ចុះថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ និងចុះព្រះហស្ដលេខាដោយសម្តេចព្រះពោធិវ័ង្ស អំ លឹមហេង ព្រះសង្ឃនាយករង នៃព្រះរាជាណាចក្រកម្ពុជា និងលោកទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា មាន៥ប្រការគឺ ៖
ប្រការ១-ត្រូវបានបញ្ចប់តំណែងភិក្ខុ សេង ថង ពីចៅអធិការវត្តគោត្តមរង្សី ហៅវត្តគោកបញ្ជាន់ និងពីធម្មធរអនុគណខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រការ២-ភិក្ខុ សេង ថង និមន្តចេញពីវត្តគោត្តមរង្សី ហៅវត្តគោកបញ្ជាន់ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ឲ្យទៅគង់នៅវត្តជម្ពូវ័នសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដែលជាវត្តព្រះអនុគណខណ្ឌពោធិ៍សែនជ័យវិញ ។ចំពោះគណៈកម្មការអាចារ្យវត្តនេះ ត្រូវរៀបចំសមាសភាពថ្មីឡើងវិញ បន្ទាប់ពីការតែងតាំងព្រះចៅអធិការថ្មីរួច ។
ប្រការ៣-មន្ត្រីសង្ឃសាលាគណរាជធានីភ្នំពេញ មន្ទីធម្មការនិងសាសនារាជធានីភ្នំពេញ មន្ត្រី សាលាអនុគណខណ្ឌពោធិ៍សែនជ័យ និងអាជ្ញាធរមានសមត្ថកិច្ច ត្រូវចុះធ្វើបញ្ជីសារពើភ័ណ្ឌរបស់វត្តគោត្តមរង្សី ហៅវត្តគោកបញ្ជាន់ឲ្យបានមុនថ្ងៃដែលភិក្ខុ សេង ថង និមន្តចេញពីវត្ត។
ប្រការ៤-អាជ្ញាធរមានសមត្ថកិច្ច ត្រូវដោះស្រាយរឿងបុគ្គលដទៃទៀតដែលពាក់ព័ន្ធនឹងការលក់ដីវត្តគោត្តមរង្សីហៅវត្តគោកបញ្ជាន់ តាមនីតិវិធីច្បាប់ជាធរមាន ក្នុងគោលបំណងថែរក្សាឲ្យបាននូវដីវត្តដែលជាសម្បត្តិគរុភណ្ឌសង្ឃ ។
ប្រការ៥-លេខាធិការដ្ឋានគណៈសង្ឃនាយក មន្ត្រីសង្ឃសាលាគណរាជធានីភ្នំពេញ អាជ្ញាធរពាក់ព័ន្ធ មន្ទីធម្មការនិងសាសនារាជធានីភ្នំពេញ មន្ត្រីសាលាអនុគណខណ្ឌពោធិ៍សែនជ័យ អាជ្ញាធរពាក់ព័ន្ធ និងសាមីខ្លួនខាងលើ ត្រូវទទួលបន្ទុកអនុវត្តសេចក្ដីសម្រេចនេះ ចាប់ពីពេលចុះហត្ថលេខាតទៅ ។
ប្រភពដដែលបានបញ្ជាក់ថា ដីវត្តខាងលើត្រូវភិក្ខុ សេង ថង ដែលជាចៅអធិការវត្តកាត់លក់ទំហំទទឹង៧ម៉ែត្រ បណ្តោយ១៥០ម៉ែត្រ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ ដោយមានឈ្មោះ ចក់ ឆុន ដែលជាសមាជិកគណៈកម្មការវត្ត ជាអ្នកផ្តិតមេដៃផ្ទេរកម្មសិទ្ធិទៅឲ្យឈ្មោះ យ៉ង សម្បត្តិ ភេទប្រុស មានប្រពន្ធឈ្មោះ ឃុន សុខអែម ។ នៅក្នុងអំឡុងឆ្នាំ២០១៦ ភិក្ខុ សេង ថង ក៏ស្នើសុំដោះដូរដីស្រះដែលជាដីកម្មសិទ្ធិរបស់វត្តទំហំជិត៤ហិកតា ព្រមទាំងព្យាយាមលក់ដីវត្តផ្សេងទៀតផង ដែលបង្កឲ្យមានការតវ៉ាយ៉ាងខ្លាំងពីប្រជាពលរដ្ឋ ។
ក្រោយមក ក៏មានការស្ងប់ស្ងាត់ទៅវិញមួយរយៈពេលវែង រហូតមកដល់វេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ ប្រជាពលរដ្ឋជិត១ពាន់នាក់ បានកាន់បដាក្នុងដៃព្រោងព្រាតលើកគ្នាទៅកាន់វត្តគោបញ្ជាន់ ធ្វើការទាមទារឲ្យបណ្ដេញចៅអធិការវត្តខាងលើ ចេញពីវត្តជាថ្មីម្ដងទៀត ដោយពួកគាត់ចោទប្រកាន់ព្រះចៅអធិការអង្គនេះថា បានកាត់ដីវត្តលក់ទៅឲ្យឈ្មួញស្រេចតែចិត្ត និងអសមត្ថភាពក្នុងការដឹកនាំវត្ត ប្រព្រឹត្តផ្ទុយពីករណីយកិច្ចនិងពុទ្ធវិន័យជាដើម ។
បន្ទាប់ពីមានអធិករណ៍ផ្ទុះឡើងជាបន្តបន្ទាប់បែបនេះ លោក ពេញ ហួរ អនុប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់នៅក្នុងកំណត់ហេតុចុះវាស់វែងដីធ្លីវត្តគោកបញ្ជាន់ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ សម្រេចកាត់ដីទំហំទទឹង៧ម៉ែត្រ បណ្តោយ១៥០ម៉ែត្រ ពីដីកម្មសិទ្ធិវត្តទំហំជិត៧ហិកតា ដែលមានប្លង់រឹងក្បាលដីលេខ៧២៩ ចុះថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ របស់មន្ទីររៀបចំដែនដី រាជធានីភ្នំពេញ គឺធ្វើឡើងដោយមានលោក សុទ្ធ សាធ ចៅសង្កាត់ចោមចៅ និងលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ ដោយពុំបានឆ្លងកាត់មន្ត្រីជំនាញឡើយ ហើយអាជ្ញាធរចុះហត្ថលេខាលើលិខិតផ្ទេរសិទ្ធិដីធ្លីជាប្លង់ទន់ កាត់ចំណែកដីប្លង់រឹងរបស់វត្តលក់តែម្តង ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ