ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នំ​ថ្ម​មួយ​ដ៏​ធំ​សម្បី​ម ទេសភាព​ដ៏​ស្រស់​ត្រកាល​​ខុស​ប្លែក​ពី​តំបន់​ទេ​សេ​ចរណ៍​ដទៃ (​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ភ្នំ​ថ្ម​មួយ​ដ៏​ធំ​សម្បើម និង​ជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​ប្រកបដោយ​សក្តានុ​ពល ធម្មជាតិ​ក្នុង​ខេត្តមណ្ឌលគិរី​នា​ពេល​បច្ចុប្បន្ន គឺ​ភ្នំ​ណា​ម​លៀ ដែល​មាន​ចម្ងាយ​ផ្លូវ​ប្រហែល​៥០​គីឡូ​ម៉ែ​ត ពី​ក្រុង​សែន​មនោ​រម្យ ហើយ​ភ្នំ​ណា​ម​លៀ នេះ…

ខេត្តមណ្ឌលគិរី ៖ ភ្នំ​ថ្ម​មួយ​ដ៏​ធំ​សម្បើម និង​ជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​ប្រកបដោយ​សក្តានុ​ពល ធម្មជាតិ​ក្នុង​ខេត្តមណ្ឌលគិរី​នា​ពេល​បច្ចុប្បន្ន គឺ​ភ្នំ​ណា​ម​លៀ ដែល​មាន​ចម្ងាយ​ផ្លូវ​ប្រហែល​៥០​គីឡូ​ម៉ែ​ត ពី​ក្រុង​សែន​មនោ​រម្យ ហើយ​ភ្នំ​ណា​ម​លៀ នេះ ស្ថិត​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ណា​ម​លៀ នៅ​ជិត​ព្រំដែន​កម្ពុជា​-​វៀតណាម ស្ថិត​ក្នុងភូមិ​អូរ​រ៉ូ​ណា​វ ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ហើយ​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា ជា​តំបន់​ទេសភាព​ដ៏​ស្រស់​ស្អាត និង​ខុស​ប្លែក​ពី​តំបន់​ទេសចរណ៍​ដទៃ​ទៀត ក្នុង​ខេត្តមណ្ឌលគិរី ។

ផ្អែក​លើ​សក្ដានុពល​ធម្មជាតិ​យ៉ាង​អំណោយផល​នេះ បាន​ធ្វើ​ឱ្យ​ភ្នំ​ណា​ម​លៀរ អូស​ទាញ​ភ្ញៀវ​ទេសច​ណ៍​ជាតិ​ឲ្យ​ចូល​ទៅ​ទស្សនា​ជា​ប្រចាំ ប៉ុន្តែ​មិន​ទាន់​ច្រើន​ប៉ុន្មាន​ទេ ព្រោះតែ​ភ្នំ​មួយ​នេះ​ស្ថិត​នៅ​តំបន់​ដាច់​ស្រយាល​ក្នុង​ព្រៃ និង​ពុំ​សូវ​មាន​អ្នក​ណា​ស្គាល់ផ្លូវ​ដើម្បី​ទៅ​ដល់​ភ្នំ​នោះ​ដែរ ។ ភ្នំ​ណា​ម​លៀ កាលពី​ពេល​កន្លង​ទៅ មាន​តែ​អ្នក​រស់នៅ​ក្នុង​ខេត្តមណ្ឌលគិរី​ប៉ុណ្ណោះ ដែល​អាច​ស្គាល់ផ្លូវ​ទៅ​លេង​កម្សាន្ត​នៅ​ទីនោះ ប៉ុន្តែ​ក្នុង​ឆ្នាំ​២០១៨ និង​២០១៩ នេះ ភ្នំ​ថ្ម​ដ៏​មហិមា​នេះ កាន់តែ​មាន​អ្នក​ស្គាល់​ច្រើន​ឡើង​ៗ និង​កំពុង​ល្បីល្បាញ​ខ្លាំង ដោយ​មាន​អ្នក​ទេសចរណ៍​ជាតិ​មក​ពី​គ្រប់​ទិស​ទី​បាន​ទៅ​ដល់ទី​នោះ មិនតែប៉ុណ្ណោះ​សូ​ម្បី​តារា​ល្បី​ៗ​មួយ​ចំនួន​ក៏​បាន​ទៅ​ថត​វី​ដេ​អូ​ចម្រៀង​នៅ​ភ្នំ​ណា​ម​លៀ នេះ​ផង​ដែរ ។

ក្រោយ​ពេល​បាន​ទៅ​ដល់​ភ្នំ​ណា​ម​លៀ គឺ​ភ្ញៀវ​ទេសចរណ៍​មិន​ខកបំណង​នោះ​ឡើយ ព្រោះតែ​ភ្នំ​មួយ​នេះ​មាន​ភាព​ស្រស់​ស្អាត​ខ្លាំង និង​ជា​ភ្នំ​ថ្ម​ដ៏​ធំ​មួយ​មាន​កម្ពស់​ខ្ពស់ ព្រមទាំង​មាន​អម​ដោយ​ព្រៃ​ព្រឹក្សា​យ៉ាង​ខៀវស្រងាត់​នៅ​ជុំវិញ​តួខ្លួន​ភ្នំ យ៉ាង​ស្រស់បំព្រង ។ ការ​ធ្វើ​ដំណើរ​ឡើង​ទៅ​លើ​កំពូល​ភ្នំ​ណា​ម​លៀ និង​ចុះ​មក​ក្រោម​វិញ គឺ​មាន​ភាព​លំបាក និង​ហត់នឿយ​បន្តិច ព្រោះតែ​ភ្នំ​មួយ​នេះ​មាន​សភាព​ចោត​ខ្លាំង និង​ខ្ពស់ ដែល​ធ្វើ​ឲ្យ​ការ​ធ្វើ​ដំណើរ​ឡើង​ចុះ​ភ្នំ​នេះ ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្លាំង​បំផុត ព្រោះតែ​ការ​ឡើង ឬ​ចុះ​ភ្នំ គឺ​ពុំ​មាន​អ្វីមួយ​សម្រាប់​តោង ឬ​កាន់​ឡើង​នោះ​ទេ ដូច្នេះ​ប្រសិនបើ​រអិល​ធ្លាក់​ចុះ​មក​ក្រោម​អាច​រងគ្រោះថ្នាក់​ធ្ងន់ធ្ងរ ។

នៅ​ពេល​ឡើង​ដល់​លើ​កំពូលភ្នំ​ណា​ម​លៀ ភ្ញៀវ​ទេសចរណ៍​ច្បាស់​ជា​រំសាយ​អស់​ទុក្ខ​កង្វល់​ជាក់​ជា​មិន​ខាន ព្រោះ​នៅ​លើ​កំពូលភ្នំ គឺ​យើង​អាច​មើលឃើញ​ទេសភាព​ដងព្រៃ​ព្រឹក្សា ភ្នំ​តូច​ធំ​ជា​ច្រើន​លាតសន្ធឹង​ដាច់​កន្ទុយភ្នែក ដែល​ហ៊ុម​ព័ទ្ធ​ជុំវិញ​ភ្នំ​យ៉ាង​ល្វឹងល្វើយ ហើយ​នៅ​លើ​កំពូលភ្នំ គឺជា​ផ្ទាំង​ថ្មរ​ដេ​បរ​ដុប​ធំ​ៗ ដែល​អាច​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ដើរ​លេង​កម្សាន្ត និង​គយគន់​ទេសភាព​គ្រប់​ជ្រុង​នៃ​តួ​ភ្នំ មិនតែប៉ុណ្ណោះ​នៅ​លើ​កំពូលភ្នំ​ក៏​មាន​ដើមឈើ​ជា​ម្លប់​សម្រាប់​សម្រាក​លេង​ផង​ដែរ ។

មន្ត្រី​ជំនាញ​ធ្លាប់​បាន​ឲ្យ​ដឹង​ថា ភ្នំ​ណា​ម​លៀ គឺ​មាន​ទំហំ​ប្រហែល​ជាង​១​គីឡូ​ម៉ែត្រការ៉េ និង​កម្ពស់​ប្រហែល​៣០០ ម៉ែត្រ ចំណែក​សាច់​ថ្ម​នៃ​តួ​ភ្នំ​ទាំងមូល គឺជា​ប្រភេទ​ថ្ម​ម៉ា​ប ដែល​ជា​ប្រភេទ​ថ្ម​មាន​តម្លៃ​ខ្ពស់ ។ ភ្នំ​មួយ​នេះ​ក្នុង​ពេល​បច្ចុប្បន្ន ក៏​ចាប់ផ្ដើម​មានឈ្មោះ​បោះ​សម្លេង​ខ្លាំង​ឡើង​ៗ​ផង​ដែរ។

សូម​បញ្ជាក់​ថា តួ​ភ្នំ​ណា​ម​លៀ​ទាំងមូល គឺ​ស្រោប​ដោយ​ស្លែ ដូច្នេះ​ភ្ញៀវ​ទេសចរណ៍​ដែល​ចង់ទៅ​កម្សាន្ត គឺ​ត្រូវ​រក ពេលវេលា​ដែល​ពុំ​មាន​ភ្លៀង​ធ្លាក់ ព្រោះ​កាលណា​មាន​ភ្លៀង​ធ្លាក់​មក ផ្ទាំង​ថ្ម​នៃ​ភ្នំ​គឺ​មាន​ភាព​រអិលខ្លាំង​ដូច​ចាក់​ខ្លាញ់ មិន​អាច​ឡើង ឬ​ចុះ​បាន​នោះ​ទេ ។ ហើយ​ក្នុង​ចម្ងាយ​ផ្លូវ​ប្រហែល​​៥០​គីឡូម៉ែត្រ​ឆ្ពោះទៅ​ភ្នំ​ណា​ម​លៀ មាន​ផ្លូវ​កៅស៊ូ​ប្រហែល​៤០​គីឡូម៉ែត្រ ចំណែក​១០​គីឡូម៉ែត្រ ជា​ផ្លូវ​គ្រួ​ស​ក្រហម ។ ភ្នំ​ណា​ម​លៀ​ក៏​ជាទី​សក្ការៈបូជា​ដ៏​ស័ក្ក​សិទ្ធិ ដែល​ជនជាតិ​ព្នង គោរព​បួងសួង​ផង​ដែរ ។

បើ​តាម​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរី លោក ងិ​ន សុ​វិមាន បាន​ថ្លែង​ថា ភ្នំ​ណា​ម​លៀ គឺ​មាន​សក្ដានុពល​ទេសចរណ៍​ល្អ​ខ្លាំង​ណាស់ ហើយ​ជំនាញ​ពាក់ព័ន្ធ​ក៏​នឹង​អភិវឌ្ឍន៍​រមណី​ដ្ឋា​ន​មួយ​នេះ តាម​ដំណាក់កាល​ជា​បន្តបន្ទាប់​ទៀត ។ លោក​បញ្ជាក់​ថា ជាមួយ​គ្នា​នេះ​ដែរ ក្នុង​ឱកាស​បុណ្យ​​ឆ្លង​ឆ្នាំ​សកល​ខាង​មុខ មន្ទីរ​ទេសចរណ៍​រំពឹង​ថា ភ្ញៀវ​ទេសចរ​នឹង​ចូល​មក​កម្សាន្ត​ច្រើន ព្រោះ​​បន្ទប់​ផ្ទះសំណាក់​សណ្ឋាគារ​ត្រូវ​បាន​ភ្ញៀវ​កក់​ពេញ​បន្ទប់​អស់ហើយ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ