ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី៣១ ធ្នូ ឆ្នាំ២០១៩នេះ លោកវរសេនីយ៍ទោហួ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់ បានដឹកនាំកម្លាំងនគរបាលជំនាញ ចុះអប់រំអ្នកបើកបររថយន្តក្រឡុកបេតុងនៅក្នុងក្រុមហ៊ុនហិនសិន ជិតស្ពានទឹកសាបក្នុងឃុំរាម និងមួយកន្លែងទៀតនៅក្នុងឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ អំពីសុវត្ថិភាពចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់តាមដងផ្លូវ ក្នុងនោះមានការអប់រំអំពីក្រមសីលធម៌ក្នុងការបើកបរ និងហាមឃាត់ការប្រើប្រាស់គ្រឿងញៀនផងដែរ និងថាសកម្មភាពនេះធ្វើឡើងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបាលខេត្តដើម្បីពង្រឹងដល់ការអនុវត្តន៍ច្បាប់ចរាចរណ៍ផង និងដើម្បីរក្សាសុវត្ថិភាពសង្គមផង។

បើតាមតំណាងក្រុមហ៊ុនថ្លែងថា ជាទូទៅខាងក្រុមហ៊ុនមានគោលការណ៍ចំពោះអ្នកបើកបររថយន្តក្រឡុកបេតុងរបស់ក្រុមហ៊ុន ដោយដាក់បញ្ញត្តិមួយចំនួនបន្ថែមពីលើការគោរពច្បាប់ចរាចរណ៍ ដូចជាក្នុងករណីអ្នកបើកបររូបណា បង្កបញ្ហាប៉ះពាល់ផ្លូវច្បាប់ក្នុងការបើកបរឬមានសេពគ្រឿងញៀន ក្រុមហ៊ុននឹងបណ្តេញចេញពីកន្លែងធ្វើការ មិនទទួលយកអោយបើកបរទៀតឡើយ ។

ជាមួយនឹងការផ្សព្វផ្សាយនេះដែរ លោកអធិការបានបន្ថែមថា នៅព្រឹកនោះកំលាំងអធិការក៏បានចុះទៅពង្រឹងដល់ការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្សព្វផ្សាយ និងចែកមួកសុវត្ថភាពដល់សិស្សនៅក្នុងវិទ្យាល័យស្មាចមដែង ស្ថិតក្នុងឃុំរាមស្រុកព្រៃនប់ ដែលគិតមកត្រឹមថ្ងៃនេះ អធិការបានចុះផ្សព្វផ្សាយពង្រឹងច្បាប់ចរាចរណ៍ បញ្ហាគ្រឿងញៀន និងពីច្បាបបទដ្ឋាននានា ដើម្បីពង្រឹងសមាសភាពតាមមូលដ្ឋាន ៕ (កែសម្រួលដោយ ៖ ធីតា)





ចែករំលែកព័តមាននេះ