ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ត្រូវ​ប្រើប្រាស់​ថវិកា​ឆ្នាំ​2020​ឱ្យ​មាន​ប្រសិទ្ធភាព

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​អំពាវនាវ​ឲ្យ​ក្រុមប្រឹក្សា​ឃុំ -​សង្កាត់ ត្រូវ​បន្តផ្តោត​ការ​យកចិត្តទុកដាក់​ក្នុង​ការ​គ្រប់គ្រង​ចាត់ចែង…

រាជធានី​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​អំពាវនាវ​ឲ្យ​ក្រុមប្រឹក្សា​ឃុំ -​សង្កាត់ ត្រូវ​បន្តផ្តោត​ការ​យកចិត្តទុកដាក់​ក្នុង​ការ​គ្រប់គ្រង​ចាត់ចែង និង​ប្រើប្រាស់​ថវិកា​ឆ្នាំ​២០២០​ខាង​មុខ ឱ្យកាន់តែ​មាន​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព ។

ថ្លែង​ក្នុង​ពិធី​បិទ​មហាសន្និបាត​អាណត្តិ​សម្ព័ន្ធភាព​ជាតិ​សមាគម​ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ​ឃុំ សង្កាត់ កាលពី​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០១៩ សម្ដេច​ក្រឡាហោម ស ខេ​ង មាន​ប្រសាសន៍​ថា «​ខ្ញុំ​សូម​អំពាវនាវ​ឱ្យ​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ត្រូវ​បន្ត​ផ្តោត​ការ​យកចិត្តទុកដាក់​ក្នុង​ការ​គ្រប់គ្រង ចាត់ចែង និង​ប្រើប្រាស់​ថវិកា​ទាំងនេះ ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យ​ភាព ស្រប​តាម​គោលការណ៍​និង​នីតិវិធី​ដែល​បាន​កំណត់ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ប្រឈម និង​តម្រូវការ​ចាំបាច់​នានា​របស់​ប្រជាពលរដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​» ។

ទន្ទឹម​នេះ សម្ដេច​ក្រឡាហោម ស្នើ​ឱ្យ​សមាគម​ក្រុមប្រឹក្សា​ថ្នាក់​ក្រោម​ជាតិ សហការ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បន្ត​ផ្តល់​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស​និង​ការ​អភិវឌ្ឍ​សមត្ថភាព​ដល់​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ដើម្បី​ធានា​ដល់​ការ​ចាត់ចែង និង​ការ​ប្រើប្រាស់​ថវិកា​ទាំងនេះ​ឱ្យ​បាន​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ។

សម្តេច​ក្រឡាហោម ស ខេ​ង បាន​បន្ថែម​ថា ការ​ធានា​និរន្តរភាព​ការងារ​រដ្ឋបាល និង​ការ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ ក្នុង​ដំណើរការ​រៀបចំ​រចនាសម្ព័ន្ធ​ថ្មី​នៃ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ដើម្បី​ធានា​បន្ត​គ្រប់គ្រង ចាត់ចែង​កិច្ចការ ឯកសារ និងទ្រព្យសម្បត្តិ​ប្រកបដោយ​និរន្តរភាព តម្លាភាព និងប្រសិទ្ធភាព ជា​ពិសេស​ការ​ផ្តល់​សេវា​រដ្ឋបាល និងសេវា​សាធារណៈ​នានា​ជូន​ប្រជាពលរដ្ឋ ស្រប​តាមគោលការណ៍​កំណត់ ក្រសួង​មហាផ្ទៃ​បាន​ដាក់​ចេញ​នូវ​សេចក្តីណែនាំ​ស្តី​ពី​ការ​ធានា​និរន្តរភាព​ការងារ​រដ្ឋបាល និង​ការ​ផ្តល់​សេវា​សា​ធារណៈ ។

សម្តេច​ក្រឡាហោម​បន្ដ​ថា សេចក្តីណែនាំ​នេះ គ្រោង​នឹង​ធ្វើការ​ផ្សព្វផ្សាយ​ដល់​រដ្ឋបាល​រាជធានី ខេត្ត នា​រសៀល​ថ្ងៃនេះ​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ ដើម្បី​ឱ្យ​រដ្ឋបាល​រាជធានី ខេត្ត​បន្ត​ធ្វើការ​ផ្សព្វផ្សាយ​ណែនាំ​ដល់​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ក្នុង​ការ​ចាត់ចែង​និង​អនុវត្ត​កិច្ចការ​ទាំងនេះ ។

សូម​ជម្រាប​ថា រាជរដ្ឋាភិបាល​បាន​ដាក់​ចេញអនុក្រឹត្យ​ស្តី​ពី​ការ​ផ្ទេរ​ធនធាន​បន្ថែម​ពី​ថវិការដ្ឋ​ជូន​រដ្ឋបាល​ឃុំ សង្កាត់ សម្រាប់​ចំណាយ​អភិវឌ្ឍន៍​មូលដ្ឋាន​ចាប់ពី​ឆ្នាំ​២០២០​តទៅ ដែលក្នុង​នោះ​រដ្ឋបាល​ឃុំ សង្កាត់​នីមួយ​ៗ​នឹង​ទទួលបាន​ថវិកា​សរុប​ជា​មធ្យម​ប្រមាណ​១២២.០០០ដុល្លារ ក្នុង​នោះ​ថវិកា​ផ្នែក​អភិវឌ្ឍន៍​មូលដ្ឋាន​មានចំនួន​ជាង​៧០.០០០​ដុល្លារ ពោល​គឺ​កើនឡើង​ទ្វេ​ដង ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ