រាជធានីភ្នំពេញ ៖ នៅក្នុងកិច្ចប្រជុំនេះភាគីកម្ពុជា និងវៀតណាម បានឯកភាពគ្នាលើការរីកចម្រីនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរក្នុងវិស័យដឹកជញ្ជូន និងការតភ្ជាប់ ដែលបានជំរុញឲ្យមានកំណើនទំហំពាណិជ្ជកម្មទ្វេភាគីនាពេលកន្លងមក ។
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ក្នុងកិច្ចប្រជុំគណៈប្រតិភូកម្ពុជាប្រជុំពិភាក្សាទ្វេភាគីជាមួយឯកឧត្តម Nguyen Van The រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនវៀតណាម និងតំណាងក្រសួងពាក់ព័ន្ធផ្សេងៗទៀតរបស់ភាគីវៀតណាមនៅទីក្រុងហូជីមិញប្រទេសវៀតណាម នាថ្ងៃទី១៩ ខែធ្នូនេះ ភាគីទាំងពីរក៏បានប្តេជ្ញាចិត្តដោះស្រាយរាល់បញ្ហាប្រឈម ដើម្បីសម្រួលពាណិជ្ជកម្ម និងបន្តជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែកើនឡើងបន្ថែមទៀតនាពេលខាងមុខនេះ ។
លោកបានឲ្យដឹងថា កិច្ចប្រជុំនេះក៏បានឯកភាពរួមគ្នាលើដំណោះស្រាយមួយចំនួនដូចខាងក្រោម ១. ធ្វើការសិក្សាលំអិតអំពីការបង្កើតតំបន់ត្រួតពិនិត្យរួមគ្នា CCA (Common Control Area) ការពង្រីកគម្លងចរាចរណ៍ និងលំហូររថយន្តឆ្លងកាត់នៅច្រកទ្វារព្រំដែន បាវិត-ម៉ុកបៃ (Bavet-Moc Bai) ដែលនឹងត្រូវស្នើសុំការឯកភាពពីប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ ។ ២. អាជ្ញាធរមានសមត្ថកិច្ចនៅច្រកព្រំដែននៃប្រទេសទាំងពីរនឹងពិនិត្យលទ្ធភាពក្នុងការបង្កើនម៉ោងធ្វើការចាប់ពីម៉ោង៦និង០០ព្រឹក ដល់ម៉ោង១០និង០០យប់ ដើម្បីសម្រួលចរាចរណ៍រថយន្តដឹកទំនិញឆ្លងកាត់ព្រំដែន ។
៣. ពិនិត្យលទ្ធភាពបង្កើនចំនួនកូតារថយន្តឆ្លងកាត់ប្រទេសទាំងពីរ ពី៥០០ ទៅ៨០០ ៤.ការសម្រួលដល់ភាគីកម្ពុជាក្នុងការដោះស្រាយបញ្ហាប្រឈមដែលពាក់ព័ន្ធនឹងការបង្កើតសាខាតំណាងក្រុមហ៊ុនដឹកជញ្ជូននៅប្រទេសវៀតណាម បញ្ហាធានារ៉ាប់រងក្នុងការដឹកជញ្ជូន និងការយកកម្រៃសេវាដឹកជញ្ជូនឆ្លងកាត់ប្រទេសវៀតណាម (Transit Fee) ៥. កិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជាអំពីការអភិវឌ្ឍប្រព័ន្ធផ្លូវក្រោមដី (Subway) នៅទីក្រុងហូជីមិញ ៦. បន្តការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមករវាងគណៈប្រតិភូនៃប្រទេសទាំងពីរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូន ។ លោកក៏បានឲ្យដឹងទៀតថា កិច្ចប្រជុំភាគីទាំងពីរបានផ្លាស់ប្តូរព័ត៌មាន និងទស្សនៈវិស័យក្នុងការរៀបចំតភ្ជាប់ផ្លូវល្បឿនលឿនរវាងប្រទេសទាំងពីរ និងការតភ្ជាប់ផ្លូវរថភ្លើងភ្នំពេញ-ហូជីមិញផងដែរ ។
សូមជម្រាបថា កិច្ចប្រជុំមានគោលបំណងសំខាន់នៃកិច្ចប្រជុំនេះគឺ ពិនិត្យមើលនូវមូលហេតុដែ លបណ្តាលឱ្យមានការកកស្ទះរថយន្តដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនរវាងកម្ពុជា-វៀតណាម (បាវិត-ម៉ុកបៃ) និងរកដំណោះស្រាយ និងវិធានការជាក់ស្តែង ដើម្បីធ្វើឱ្យប្រសើរឡើងនូវការចរាចរទំនិញ និងទេសចរណ៍ក្នុងរយៈពេលខ្លី-មធ្យម-វែង ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ