រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលបានសំរេចឱ្យក្រុមហ៊ុនស៊ូកាគូអ៊ីន ធ្វើការវិនិយោគតំបន់បឹងកក់រយៈពេល៩១ឆ្នាំ ដើម្បីប្រែក្លាយទឹកដីដែលធ្លាប់បង្ហាញនូវភាពកខ្វក់និងភាពអនាធិប តេយ្យតាំងពីយូរមកហើយនោះ ឱ្យទៅជាគ្រាប់ពេជ្រ ជាតំបន់សេដ្ឋកិច្ចនិងទេសចរណ៍ដ៏ទាក់ទាញ ។ ជុំវិញផែនការអភិវឌ្ឍន៍នេះ រាជរដ្ឋាភិបាលបានតំរូវឱ្យក្រុមហ៊ុនធ្វើការដោះស្រាយគោល នយោបាយយ៉ាងសមស្របសំរាប់ផលប៉ះពាល់លំនៅឋានប្រជាពលរដ្ឋប្រមាណ ជាង៤ពាន់គ្រួសារនៅជុំវិញតំបន់បឹងកក់នេះ ។
ដើម្បីអនុវត្ត តាមបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រុមហ៊ុនបានបង្កើតក្រុមការងារមួយដែលមានឈ្មោះថា «គណៈកម្មការអភិវឌ្ឍន៍បឹងកក់» ដោយបានខិតខំប្រឹងប្រែងធ្វើការសំរបសំរួលនិងដោះស្រាយជាមួយ ប្រជាពលរដ្ឋបានប្រមាណ៩០ភាគរយហើយ ព្រមទាំងបានបូមខ្សាច់ចាក់បំពេញទីតាំងនោះស្ទើរតែរួចរាល់ហើយដែរ ។ មជ្ឈដ្ឋាននានាបានសំដែងនូវការគាំទ្រចំពោះការសំរេចរបស់រាជរដ្ឋា ភិបាល ដែលមានចក្ខុវិស័យវែងឆ្ងាយចំពោះផែនការអភិវឌ្ឍន៍វិស័យហេដ្ឋា រចនាសម្ព័ន្ធ ក៏ដូចជាក្រុមហ៊ុនស៊ូកាគូអ៊ីនដែលបានចំណាយទុនដ៏ច្រើនសន្ធឹក សន្ធាប់សំរាប់ការអភិវឌ្ឍនេះ ។ គេរំពឹងថា នៅថ្ងៃអនាគត បឹងកក់នឹងបង្ហាញឱ្យឃើញនូវភាពស៊ីវិល័យ យ៉ាងល្អឆើត ជំរុញការប្រែក្លាយមុខមាត់រាជធានីភ្នំពេញមួយកំរិតថែមទៀតដើម្បី ឱ្យស័ក្តិសមជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ។
តាម ប្រភពព័ត៌មានពីមន្ត្រីគណៈកម្មការអភិវឌ្ឍន៍បឹងកក់បានប្រាប់កោះ សន្តិភាពថា បន្ទាប់ពីបូមខ្សាច់ចាក់បំពេញទីតាំងអស់ហើយ ជាជំហានដំបូងក្រុមហ៊ុនត្រូវធ្វើផ្លូវចាក់កៅស៊ូព័ទ្ធជុំវិញបឹង កក់ទាំងមូលដែលមានប្រវែងជិត៥គីឡូម៉ែត្រ ទទឹង៣០ម៉ែត្រ ។ ផ្លូវ១ខ្សែដែលមានរាងជារង្វង់មូលនេះ ត្រូវមានផ្លូវតភ្ជាប់ជាច្រើនកន្លែងទៀតដែលមានទទឹង៣០ម៉ែត្រ ដូចគ្នា ក្នុងនោះចំណុចតភ្ជាប់មហាវិថីព្រះមុនីវង្ស មាន២ខ្សែ គឺត្រង់ចន្លោះរបងស្ថានទូតបារាំង និង មន្ទីរពេទ្យកាល់ម៉ែត១ខ្សែ និង១ខ្សែទៀតត្រង់ចំណុចសណ្ឋាគារភ្នំពេញ ។ ដោយឡែក ចាប់ពីចំណុចមុខព្រះវិហារអ៊ិស្លាម កាត់តាមខាងក្រោយរបងមន្ទីរពេទ្យកាល់ម៉ែត រហូតមកដល់ស្ថានទូតបារាំង ក៏ត្រូវធ្វើផ្លូវកៅស៊ូដែលមានទទឹង៣០ម៉ែតដែរ ។ ចំពោះមហាវិថីសហព័ន្ធរុស្ស៊ី នឹងត្រូវតភ្ជាប់ត្រង់ចំណុចក្តាន់២ ក្បែរក្រសួងអភិវឌ្ឍន៍ជនបទ និងមានចំណុចតភ្ជាប់ជាច្រើនទៀតទៅផ្លូវលេខ២៨៩ និងផ្លូវទំនប់ទួលគោក ។
ប្រភពដដែលបានបញ្ជាក់ថា សាលារាជធានីភ្នំពេញ បានគាំទ្រផែនការធ្វើផ្លូវនេះយ៉ាងពេញទំហឹង ពីព្រោះជាការចូលរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍បានយ៉ាងល្អ ប្រសើរ។ ផ្លូវកៅស៊ូដែលកំពុងតែអះអាងនេះ ត្រូវបានអនុវត្តចាប់ពីចំណុចរដ្ឋាករទឹក ស្របតាមបណ្តោយផ្លូវដែកស្ថានីយរថភ្លើង រហូតដល់មុខវត្តនាគវ័នហើយ ។ នៅពេលគំរោងស្ថាបនាផ្លូវនេះរួចរាល់ជាស្ថាពរ ការធ្វើចរាចរណ៍នៅតាមមហាវិថីព្រះមុនីវង្ស មហាវិថីសហព័ន្ធរស្ស៊ី ផ្លូវលេខ២៨៩ និងផ្លូវទំនប់ទួលគោក ដែលស្ថិតនៅជុំវិញបឹងកក់នោះ អស់មានបញ្ហាទៀតហើយ ។
ប្រភពខាងលើបានបន្តទៀតថា ចំពោះការអភិវឌ្ឍតំបន់បឹងកក់នេះ ទោះបីក្រុមហ៊ុនមានការខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយ ប្រសិនបើគ្មានការចូលរួមពីអាជ្ញាធរមូលដ្ឋានឬប្រជាពលរដ្ឋទេនោះ មិនអាចជំរុញការងារនេះឱ្យលឿនបានទេ ដូច្នេះទាមទារឱ្យមានការចូលរួមទាំងអស់គ្នា ។ កន្លងមក មានការរាំងស្ទះខ្លះដោយសារភាពរឹងរូសរបស់មន្ត្រីមានអំណាច និងប្រជាពលរដ្ឋមួយចំនួនដែលជឿតាមការញុះញង់នានា ដោយមិនព្រមរុះរើលំនៅឋានទទួលយករបបគោលនយោបាយ ខណៈដែលប្រជាពលរដ្ឋប្រមាណជា៩០%បានយល់ព្រមឯកភាពអស់ហើយនោះ ។ លើសពីនេះទៀត មន្ត្រីក្រុមការងាររបស់គណៈកម្មការអភិវឌ្ឍន៍បឹងកក់ក៏ឈឺក្បាល ចំពោះការក្លែងបន្លំលួចបំបែកខ្នងផ្ទះ រហូតមានករណីខ្លះមានការឃុបឃិតពីអាជ្ញាធរមូលដ្ឋានទៀតផង។
ប្រភពដដែល បានអះអាងថា ក្នុងចំណោមប្រជាពលរដ្ឋជាង៤ពាន់គ្រួសារនោះមានការបំប៉ោងតួលេខ យ៉ាងច្រើនដែលគេហៅថា ផ្ទះខ្មោច ឬតួលេខខ្យល់ ។ ទោះបីជាបែបនេះក្តី ក្រុមហ៊ុននៅតែបន្តផ្តល់ជូនរបបគោលនយោបាយមិនរួញរាទេ ប៉ុន្តែក៏មានករណីខ្លះហាក់ដូចជាហួសហេតុពេកដែលមិនអាចទទួល យកបាន ។ ជាក់ស្តែងដូចជានៅពេលថ្មីៗនេះ ផ្ទះរបស់អ្នកស្រីថេង ស៊ីរ៉ានី ប្រធានសហគមន៍បឹងថង ដែលបានសង់រំលោភ និងធ្វើការទាមទារហួសហេតុនោះ ក្រុមហ៊ុនមិនអាចទទួលយកបានទេ ។
មាន ការអះអាងថា ផ្ទះរបស់អ្នកស្រីថេង ស៊ីរ៉ានី មាន២គឺទី១- ជាផ្ទះនៅដីគោក ដែលក្រុមហ៊ុនទទួលស្គាល់ថា ត្រឹមត្រូវនិងបានផ្តល់គោលនយោបាយជូន ។ ប៉ុន្តែផ្ទះទី២ ដែលគាត់បានលួចសាងសង់ចូលទៅក្នុងទឹកទំហំប្រមាណ១០ម៉ែត្រ×១៥ ម៉ែត្រ និងបានបំបែកជា១៩បន្ទប់តូចៗ ស្មើនឹង១៩គ្រួសារ ហើយបានធ្វើការទាមទារក្នុង១បន្ទប់៨.៥០០ដុល្លារ សរុបស្មើនឹងជាង១៦ម៉ឺនដុល្លារនោះ ក្រុមហ៊ុនមិនអាចទទួលយកបានទេ ។ តាមពិតផ្ទះទី២ របស់អ្នកស្រីថេង ស៊ីរ៉ានី បានលួចសាងសង់ក្នុងអំឡុងឆ្នាំ២០០៧ ហើយក្រុមហ៊ុនបានបិទកាលបរិច្ឆេទបញ្ជីស្រង់ស្ថិតិផ្ទះពលរដ្ឋ តាំងពីឆ្នាំ២០០៥មកម៉្លេះ ។
អាជ្ញាធរខណ្ឌដូនពេញ ក៏បានធ្វើសេចក្តីជូនដំណឹងនិងអញ្ជើញអ្នកស្រីថេង ស៊ីរ៉ានី ទៅណែនាំញឹកញាប់ដែរ ជុំវិញការសាងសង់លំនៅឋានមិនត្រឹមត្រូវនោះ ប៉ុន្តែម្ចាស់ផ្ទះរូបនេះ មិនស្តាប់តាមការណែនាំរបស់អាជ្ញាធរទេ ។ មន្ត្រីគណៈកម្មការអភិវឌ្ឍន៍បឹងកក់បានលើកឡើងថា ទង្វើរបស់អ្នកស្រីស៊ីរ៉ានី បានបង្កការប៉ះពាល់ដល់នយោបាយអភិវឌ្ឍន៍តំបន់បឹងកក់យ៉ាងធ្ងន់ធ្ងរ ។ ទង្វើនេះ បង្កឱ្យមានសតិអារម្មណ៍ចំពោះអ្នកត្រឹមត្រូវភាគច្រើនដែលគេ កំពុងតែរង់ចាំមើលការទាមទារដោយមិនសមហេតុផលរបស់អ្នកស្រី ស៊ីរ៉ានី ។
នៅមានករណីមួយទៀតពាក់ព័ន្ធនឹងបញ្ហាប្រជាពលរដ្ឋ ចំនួន២១គ្រួសារ ស្ថិតនៅភូមិ១ ជាប់ផ្លូវដែកប៉ែកខាងលិចបឹងកក់ ។ រាជរដ្ឋាភិបាល តាមរយៈក្រសួងសាធារណការនិងដឹកជញ្ជូន បានកាត់ដីចំនួន១០ម៉ែត្រ ដែលជាប់ផ្លូវដែកនិងជាប់បឹងកក់ និងជាដីដែលប្រជាពលរដ្ឋទាំង២១គ្រួសារនោះកំពុងរស់នៅទៅឱ្យ ក្រុមហ៊ុនវិនិយោគផ្លូវដែកប្រទេសអូស្ត្រាលី ។ ដូច្នេះ ប្រជាពលរដ្ឋទាំង២១គ្រួសារនោះមិនមានពាក់ព័ន្ធ និងត្រូវទទួលបានរបបគោលនយោបាយពីខាងក្រុមហ៊ុនអភិវឌ្ឍន៍បឹងកក់ទេ ។ ពួកគេគួរតែទៅតវ៉ាជាមួយក្រសួងសាធារណការនិងដឹកជញ្ជូនដែលជាអ្នក ទទួលខុសត្រូវក្នុងករណីនេះ ៕
ចែករំលែកព័តមាននេះ