​កសិករ​ដាំ​បន្លែ​ស្រក់​ទឹកភ្នែក​ក្រោយ​តម្លៃ​ស្ពៃ​ធ្លាក់​ចុះ​ខ្លាំង​នឹក​ស្មាន​មិន​ដល់


កំពង់ឆ្នាំង​៖ ប្រជាពលរដ្ឋ​នៅ​ខេត្ត​កំពង់​ឆ្នាំ​ដែល​ប្រកប​របរ​ចិញ្ចឹមជីវិត​តាម​រយៈ​ការ​ដាំ​បន្លែ​នៅ​ខេត្តកំពង់ឆ្នាំង​បាន​បង្ហាញ​នូវ​ក្តី​បារ​ម្ម​ណ៍​ពាក់ព័ន្ធ​នឹង​ជីវភាព​គ្រួសារ បន្ទាប់​ពី​តម្លៃ​ស្ពៃ​ពុំ​មាន​ទីផ្សារ​ទាល់តែ​សោះ គឺ​មាន​ន័យ​ថា​បន្លែ​ដែល​បាន​ដាំ​ដុះ​មាន​តម្លៃ​ទាប​មិន​អាច​ទទួលយក​បាន ។

​អ្នកចំការ​នៅ​ភូមិ​កោះក្របី សង្កាត់​ផ្សារឆ្នាំង បាន​ឲ្យ​ដឹង​ថា​ពួក​គាត់​សឹងតែ​ស្រក់​ទឹកភ្នែក​នៅ​ពេល​ដែល​តម្លៃ​ស្ពៃ​ដែល​ពួក​គាត់​ខំ​ដាំ​បាន​ថ្លៃ​ត្រឹមតែ ៤០០​រៀល​ប៉ុណ្ណោះ​ក្នុង​១​គីឡូក្រាម ខុស​ពី​ឆ្នាំ​កន្លង​ទៅ​ដែល​កសិករ​អាច​លក់​បាន​ក្នុង​តម្លៃ​ដល់​ទៅ ១៥០០ ទៅ ២៥០០ ក្នុង​១​គីឡូក្រាម​។ ដូច្នេះ​ពួក​គាត់​សំណូមពរ​ដល់​មន្ទីរ និង​ក្រសួង​ពាក់​ព័​ន្ឋ​មេត្តា​ជួយ​រក​ទីផ្សារ​ជូន​ពួក​គាត់​ផង ។

ប្រជា​កសិករ​រស់នៅ និង ធ្វើ​ចំការ​នៅ​ភូមិ​ឃុំ​ខាងលើ​បាន​បញ្ជាក់​ថា​៖ ពួក​គាត់​បាន​ចំណាយ​ដើមទុន​កម្លាំង​ពលកម្ម រួម​ទាំង​ការ​ជួល​គេ​កាត់​ស្ពៃ​ទៀត ចំណាយ​អស់​ថវិកា​ជា​ច្រើន​ណាស់ ។ ប៉ុន្តែ​លទ្ធផល​គឺ​ពិតជា​ចុក​ឈាម ព្រោះ​តម្លៃ​ពិតជា​ថោក​ខ្លាំង​ណាស់ ធ្វើ​ឲ្យ​ពួក​គាត់​យំ​លែង​ចេញ ព្រោះ​បើ​ប្រៀបធៀប​ស្ពៃ​១​គីឡូក្រាម មិន​ស្មើ​ថ្លៃ​ប៊ី​ចេ​ង ១​កញ្ចប់​តូច ថ្លៃ​៥០០​រៀល​ផង ។

បងស្រី​ម្ចាស់​ចំការ​មួយ​រូប​បាន​ពោល​រៀបរាប់​ថា គាត់​បាន​ចំណាយ​ដើមទុន ២ លាន​រៀល សម្រាប់​ដាំ​បន្លែ​ស្ពៃ ក្រញាញ់​ឆ្នាំ​នេះ ។ ប៉ុន្តែ​គាត់​ទទួលផល​មក​វិញ​បាន​ត្រឹមតែ ៤០​ម៉ឺន​ប៉ុណ្ណោះ ពេល​ស្ពៃ​គាត់​កាត់​បាន​ទម្ងន់​១​តោន ។ ដូច្នេះ​បើ​គ្រាន់​គិត​លើ​ឈ្នូ​ល​កាត់​ស្ពៃ​សម្រាប់​មនុស្ស​៥​នាក់ គឺ​ក្នុង​ម្នាក់​អស់ប្រាក់​ជាង ២៥ ០០០​រៀល​ក្នុង​១​ថ្ងៃ ខណៈ​ដែល​កាត់​ស្ពៃ​ឲ្យ​បាន​១​តោន ត្រូវ​ចំណាយ​លើ​ឈ្នួល​អស់ ១២៥ ០០០​រៀល ទៅ​ហើយ ។ នេះ​នៅ​មិន​ទាន់​គិតថ្លៃ​ទិញ​ប្រេង​ចាក់​ម៉ាស៊ីន​ស្រោច​ទឹក ថ្លៃ​ថ្នាំ​សម្លាប់​សត្វល្អិត និង​ថ្លៃ​ជី​ផង ។

ចំណែក​បងស្រី​ម្នាក់​ទៀត​ក៏​បាន​បញ្ជាក់​ដែរ​ថា​កាលពី​ឆ្នាំ​កន្លង​ទៅ​តម្លៃ​ស្ពៃ​មាន​ហាងឆេង​ដល់ ២៥០០​រៀល ក្នុង​មួយ​គីឡូក្រាម ឬ​យ៉ាង​ណាស់​បើ​ថោក​បំផុត​ក៏​បាន​ត្រឹម ១៥០០​រៀល​ដែរ ។ ប៉ុន្តែ​ឆ្នាំ​នេះ​ពេល​ប្រមូល​ផល​បាន​ពី​ដើមដៃ​បាន ថ្លៃ​៨០០ រៀល ប៉ុន្តែ​បាន​ត្រឹមតែ​មួយ​ថ្ងៃ បន្ទាប់​មក​ក៍​ធ្លាក់​នៅ​៤០០​រៀល រហូត​តែ​ម្ដង ។

តម្លៃ​ស្ពៃ​ចុះថោក​បែប​នេះ​ហើយ ឈ្មួញ​នៅ​រើស​ចេញ​ស្ពៃ ដើម​តូច និង​ខូចខាត​បន្តិច​ចេញ​ថែម​ទៀត ក្នុង​ស្ពៃ ១​តោន ដក​ចេញ​អស់ ៥០ ទៅ ៦០​គីឡូក្រាម​ទៀត​ឯណោះ ដោយ​គេ​យក​តែ​ដើម​ស្បៃ​ធំ​ល្អ​ៗ​តែ ។ ប្រជា​កសិករ​បាន​សំណូមពរ​ជា​ថ្មី​ដល់​អាជ្ញាធរ មន្ទីរ​ជំនាញ​និង​ក្រសួង​ពាក់ព័ន្ធ សូម​មេត្តា​ជួយ​ឲ្យ​បន្លែ​របស់​ពួក​គាត់​មាន​ទីផ្សារ​បាន​ខ្ពស់ ។

​សូម​បញ្ជាក់​ដែរ​ថា​ប្រជាពលរដ្ឋ​នៅ​ភូមិ​កោះក្របី សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ក្រៅពី​ការងារ​ស្រែ​ចំការ គឺ​បាន​ដាំ​ដំណាំ​ស្ពៃ​ជា​រៀង​រាល់​ឆ្នាំ ហើយ​មាន​ឈ្មួញ​មក​ទិញ​ពី​រាជធានី​ភ្នំពេញ ដឹក​ទាំង​រថយន្ត ។ ប៉ុន្តែ​តម្លៃ​គឺ​ស្ថិត​នៅ​លើ​ឈ្មួញ​ទិញ​តែ​ប៉ុណ្ណោះ​ពេល​ខ្លះ​ក៏​បាន​ថ្លៃ​ពេល​ខ្លះ​គាត់​ថោក​ហួសហេតុ ដូច​ការ​រៀបរាប់​មក​ខាងលើ ៕ កែសម្រួលដោយ ៖ សុឃាក់

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ