ខេត្តកំពត ៖ បងប្អូនបង្កើត២គ្រួសារ បានផ្ទុះសង្គ្រាមដណ្ដើមដីធ្លីកេរមរតកចែកគ្នាមិនដាច់ស្រេច និងបានប្ដឹងគ្នាដល់តុលាការតាំងពីសាលាដំបូងរហូតដល់តុលាការកំពូល ហើយក្នុងការកាត់សេចក្ដីចុងក្រោយត្រូវបានតុលាការកំពូលសម្រេចឱ្យបងប្អូនទាំង២នាក់មានចំណែកស្មើគ្នា ពុំមានអ្នកឈ្នះបានដី អ្នកចាញ់មិនបានដីនោះទេ ។
បើតាមប្រភពព័ត៌មានពីព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តមួយរូបប្រាប់កោះសន្ដិភាពថា ជុំវិញរឿងរ៉ាវរវាងបងប្អូន២នាក់មានទំនាស់គ្នារឿងដីនេះត្រូវបានតុលាការកំពូលកាត់បញ្ចប់ហើយ ព្រមទាំងបានចុះអនុវត្តសាលដីការួចរាល់ដែរ ។ នៅថ្ងៃទី១ មិថុនា វេលាម៉ោង៤និង១៥នាទីរសៀល ឈ្មោះកាន់ ធី ភេទប្រុស អាយុ៤៧ឆ្នាំ ជាបង បានយកកូនដូងទៅដាំលើដីរបស់ប្អូនឈ្មោះកាន់ ធឿន ភេទប្រុស អាយុ៤១ឆ្នាំ ។ ខណៈឃើញដូច្នេះឈ្មោះកាន់ ធឿន ជាប្អូនបានទៅឃាត់ ក៏ត្រូវបងឈ្មោះកាន់ ធី វាយនឹងត្បូងចបបណ្ដាលឱ្យរងរបួសធ្ងន់ ។
ក្រោយពីឃើញសភាពដូច្នេះ ឈ្មោះនឹង សុភ័ក្រ្ត ជាកូនប្រុសរបស់កាន់ ធឿន រត់ទៅ ឃាត់ឪពុកធំ ពេលនោះក៏ត្រូវកូនប្រសា ប្រុស ស្រី រួមនឹងកូនបង្កើតរបស់កាន់ ធី ចាប់ឈ្មោះនឹង សុភ័ក្ត្រ ជាប់រួចកូនស្រីៗបីនាក់របស់ឈ្មោះកាន់ ធី ដែលមានកាំបិតគ្រប់ដៃនោះបានកាប់ជាច្រើនកាំបិតទៅលើឈ្មោះនឹង សុភ័ក្ត្រ បណ្ដាលឱ្យរងរបួសធ្ងន់សន្លប់ក្នុងថ្លុកឈាម ។ ក្រោយពីកើតមានអំពើហិង្សានេះ អ្នកភូមិជិតខាងបានជួយដឹកជនរងគ្រោះទាំង២នាក់ឪពុកនិងកូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកែប តែដោយរបួសអ្នកទាំង២នាក់មានសភាពធ្ងន់ នៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១ មិថុនា ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យខេត្តកែប ក៏បានដឹកជនរងគ្រោះទាំងពីរនាក់មកសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពត ។
ចំណែកជនបង្កហិង្សាមានគ្នាចំនួន៦នាក់ ត្រូវបាននគរបាលក្រុងកែបឃាត់ខ្លួនបាន៣នាក់ បញ្ជូនទៅកាន់អធិការដ្ឋានក្រុង ។ កន្លែងកើតហេតុប្រកាប់ប្រចាក់គ្នាព្រោះតែដីកេរដូនតាលែងស្គាល់បងប្អូននេះ បានកើតឡើងនៅក្នុងភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប។ លោកវរសេនីយ៍ទោ មុំ សីុថា អធិការនគរបាលក្រុងកែប បានឱ្យអ្នកយកព័ត៌មានដឹងថា ករណីបង្កឱ្យមានអំពើហិង្សារហូតដល់កាប់ប្រហារគ្នារវាងបងប្អូនបង្កើតពីរគ្រួសារនេះគឺកើតឡើងពីទំនាស់ដីធ្លីដែលកើតមានតាំងពីឆ្នាំ ២០០៧មកម្ល៉េះ ។ រឿងទំនាស់នេះត្រូវបានតុលាការកំពូលចេញសាលដីកាបញ្ចប់រួចទៅហើយ ប៉ុន្តែផ្ទៃក្នុងក្រុមគ្រួសារទាំងពីរហាក់ដូចជាមិនអនុវត្តតាមដីកាសម្រេចសោះ ទើបនៅតែមានគំនិតគុំកួនគ្នា រហូតដល់ផ្ទុះអំពើហិង្សានាពេលនេះ ។
លោកអធិការបន្តទៀតថា ក្រោយពីមានផ្ទុះហិង្សា អ្នករងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ចំណែកជនដៃដល់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានបីនាក់នាំទៅកាន់អធិការដ្ឋាននគរបាលក្រុង ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ។ ជនដែលសមត្ថកិច្ចឃាត់ខ្លួនទាំងបីនាក់មាន១-ឈ្មោះ កាន់ ធី ភេទប្រុស អាយុ៤៧ឆ្នាំ ២-ឈ្មោះស្រី វ៉ាន់សន្និថា ភេទប្រុស អាយុ២៥ឆ្នាំ និង៣-ឈ្មោះថា សីុណាន ភេទប្រុស អាយុ៣៣ឆ្នាំ ។ ចំណែកជនរងគ្រោះពីរនាក់ឪពុកនិងកូនប្រុស គឺឈ្មោះកាន់ ធឿន អាយុ៤១ឆ្នាំ ជាឪពុក និងឈ្មោះនឹង សុភ័ក្ត្រ អាយុ២៦ឆ្នាំ ជាកូន ។
ទាំងអ្នកបង្ក ទាំងជនរងគ្រោះ មានទីលំនៅក្នុងភូមិសង្កាត់ កន្លែងកើតហេតុខាងលើ ។ អ្នកបង្ក៤នាក់ ទៀត សមត្ថកិច្ចកំពុងស្រាវជ្រាវរកចាប់ខ្លួនបន្ត ។ មនុស្សគ្រប់រូបបើពោរពេញដោយចិត្តលោភៈនៅក្នុងខ្លួនហើយ សូម្បីតែបងប្អូនឯងបង្កើតក៏លែងស្គាល់យោគយល់គ្នាដែរ តែទីបំផុតអ្នកចាញ់បានជាព្រះអ្នកឈ្នះបានជាមារ និងក្លាយជាអ្នកទោស ៕


ចែករំលែកព័តមាននេះ