បង្ក្រា.បករណី Scame online ឃាត់ខ្លួនជនជាតិចិននិងវៀតណាមជាច្រើននាក់ នៅស្រុកចំនួន២ ក្នុងខេត្តព្រៃវែង
- ព្រៃវែង
ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃទី 27 ឧសភា កម្លាំងនគរបាលស្រុកពាមរក៍ បានឆ្មក់ចូលបង្ក្រាបជនសង្ស័យ ពាក់ព័ន្ធល្បែងស្គេមអនឡាញឃាត់ខ្លួនបានជនជាតិវៀតណាមចំនួន 6 នាក់នៅចំណុចភូមិអ្នកលឿង ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង។
យោងតាមប្រភពព័ត៌មានច្បាស់ការបានអោយដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនទាំង 6 នាក់ក្នុងនោះ 2នាក់គឺជាម្ចាស់ផ្ទះ និង4នាក់ទៀតគឺជាជនសង្ស័យ ក្នុងករណីល្បែងស្គេមអនឡាញ ហើយក្នុងចំណោម4នាក់នោះ មាន2នាក់គឺជាកូនរបស់ម្ចាស់ផ្ទះ។
ប្រភពដដែលនេះបានបញ្ជាក់ថា ជនសង្ស័យ 2នាក់ដែលជាកូនម្ចាស់ផ្ទះ បានរស់នៅទីតាំងនេះច្រើនខែមកហើយ ដោយឡែកបក្សពួករបស់គេ2នាក់ទៀត ទើបតែចូលមកសំងំលាក់ខ្លួនបានប៉ុន្មានថ្ងៃប៉ុណ្ណោះ ដោយម្នាក់មកពីខេត្តកោះកុងនិងម្នាក់ទៀតមកពីប្រទេសវៀតណាម ឆ្លងដែនចូលតាមច្រកទ្វារអន្តរជាតិបាវិត។
ដោយឡែកនៅថ្ងៃទី 25 ឧសភា កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ក៏បានឆ្មក់ចូលបង្ក្រាបទីតាំងផ្ទះជួលមួយកន្លែង នៅក្បែរច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ក្នុងស្រុកកំចាយមារ ក្នុងប្រតិបត្តិការនេះ ក្រុមជនសង្ស័យជាជនជាតិចិន បានផ្ទុះអាវុធជាច្រើនគ្រាប់បាញ់មកលើកម្លាំងសមត្ថកិច្ច ប៉ុន្តែពុំបានបណ្ដាលឲ្យមានសមត្ថកិច្ចណាម្នាក់រងរបួសទេ ហើយក្រោយមកសមត្ថកិច្ចក៏ធ្វើការបង្ក្រាប និងចាប់ខ្លួនជនសង្ស័យបាន ព្រមទាំងដកហូបបានវត្ថុតាងពាក់ព័ន្ធល្បែងស្គេមអនឡាញជាច្រើន ព្រមទាំងថ្នាំញៀនមួយចំនួនផងដែរ។
ទោះជាយ៉ាងណាក៏ដោយ នគរបាលខេត្តព្រៃវែងមិនបានបញ្ជាក់ឲ្យដឹងថា ក្នុងប្រតិបត្តិការនៅស្រុកកំចាយមារនោះ កម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យបានប៉ុន្មាននាក់ និងដកហូតវត្ថុតាងពាក់ព័ន្ធបានចំនួនប៉ុន្មាននោះទេដោយសមត្ថកិច្ចបានត្រឹមឆ្លើយថា កំពុងចាត់ការរឿងនេះ មិនទាន់អាចផ្ដល់ព័ត៌មានបានទេ ៕






ចែករំលែកព័តមាននេះ