តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា បន្ទាប់ពីវគ្គចែកពូលនៃការប្រកួតដណ្តើមពាន UEFA Champion League បានឈានដល់ទីបញ្ចប់កាលពីយប់ថ្ងៃពុធនេះ កំពូលតារាឆ្នើម Cristiano Ronaldo បានបង្ហើបឱ្យដឹងថា ក្រុមណាដែលលោកនឹងចូលចិត្តលេងនៅវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតប្រជែង ប្រសិនបើក្រុម Juventus ឈានដល់វគ្គផ្តាច់ព្រ័ត្រ។
ជើងខ្លាំងព័រទុយហ្កាល់រូបនេះបានបញ្ចប់វគ្គចែកពូលនៃការប្រកួត ដោយមានគ្រាប់បាល់បញ្ចូលទីក្នុងជ័យជម្នះ ២-០ របស់ក្រុម Juventus លើក្រុម Bayer Leverkusen នៅប្រទេសអាល្លឺម៉ង់ កាលពីយប់ថ្ងៃពុធ ដែលនេះជាការប្រកួតទី២របស់គាត់ក្នុងការប្រកួតនៅរដូវកាលនេះ ។

Ronaldo បាននិយាយពីលទ្ធភាពប្រឈមមុខនឹងអតីតក្រុម Real Madrid របស់គាត់នៅជុំបន្ទាប់ ប៉ុន្តែបាននិយាយថាគាត់ចង់ទៅប៉ះជាមួយនឹងក្រុមនេះនៅវគ្គផ្តាច់ព្រ័ត្រជាង ។ គាត់បានប្រាប់ទូរទស្សន៍ Sky Sport Italia ថា ៖«Real Madrid គឺជាក្រុមអស្ចារ្យមួយ ។ ខ្ញុំចង់ប្រកួតជាមួយនឹងពួកគេបន្ថែមទៀត មិនមែនត្រឹមតែក្នុងការប្រកួត១៦ក្រុមចុងក្រោយទេ»។
គួរបញ្ជាក់ផងដែរថា Ronaldo បានចំណាយពេល៩ឆ្នាំ នៅ Real Madrid ដោយរកបាន ៤៥០គ្រាប់ និងជួយទាត់ Assist បាន១៣១ដង នៅក្នុងការប្រកួត ៤៣៨ដង ៕
ចែករំលែកព័តមាននេះ