ចាប់បានចោរចិនឆក់ទូរស័ព្ទ តែ​នាំដល់​ស្នង​ការរត់បាត់ !


ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​ជា​ជនជាតិ​ចិន​ម្នាក់ ​ត្រូវ​បាន​ឃាត់ខ្លួន​ក្នុង​ករណី​ឆក់​ទូរ​សព្ទ័​ដៃ ហើយ​ត្រូវ​បា​ន
នាំ​យក​ទៅ​សួរនាំ ​ស្រាប់តែ​យប់​ឡើង​ សង្ស័យ​មាន​ស្លាប​ហោះ​ទៅ​បាត់​ស្រមោល​ឈឹង ​។ ​តែមជ្ឈដ្ឋាន​ខ្លះ​សង្ស័យ​ថា​ នគរបាល​ខេត្ត​ធ្វើការ​ដោះ​លែង​ស្ងាត់​ៗ​ទៅ​វិញ​ ជា​ថ្នូរ​នឹង​លាភសក្ការ​មួយ​ចំនួន​ធំ ​។

តាម​ការ​បង្ហើបឱ្យដឹង​ពី​មន្ត្រី​នគរបាល​ស្រុក​ថា​ ជនសង្ស័យ​ជនជាតិ​ចិន​រូប​នោះ ​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ចំណុច​មុខ​ផ្សារ​ត្រពាំង​អំពិល​ កាលពី​ល្ងាច​ថ្ងៃ​ទី​១០​ ធ្នូ ឆ្នាំ​២០១៩​កន្លង​ទៅ ក្នុង​ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ​។ ​ជនសង្ស័យបាន​ធ្វើ​សកម្មភាព​ឆក់​ទូរ​ស័ព្ទ ហើយ​ត្រូវ​បាន​កម្លាំង​នគរបាល​សន្តិសុខ​ឃាត់​យក​មក​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង​រួច​ហើយ ​ក៏​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ទៀត ។

ក្នុង​នោះ​ សមត្ថកិច្ច​ដកហូត​បាន​សម្ភារ​បំរើ​ការ​លួច​មួយ​ចំនួន​ធំ​ទៀត​ផង​។ ​ក្រោយ​ឃាត់ខ្លួន​ហើយ ព្រឹក​​ឡើង​ថ្ងៃ​ទី​១១​​ ធ្នូ ​ជនសង្ស័យ​ខាងលើ បាន​បាត់​ខ្លួន​យ៉ាង​អា​ថ៌កំ​បាំងបំផុត​។ ការ​បាត់​ខ្លួន​ជនសង្ស័យ​នេះ ​ធ្វើ​ឱ្យ​មជ្ឈដ្ឋាន​មហាជន​ដែល​ដឹង​រឿងលើក​ឡើង​ថា ​ទោះ​ជន​នេះ​មាន​ស្លាប​ហើរ​ក៏​ហើរ​មិន​រួច​ដែរ​ ព្រោះ​​ឃុំខ្លួន​បណ្តោះអាសន្ន​ស្នងការដ្ឋានខេត្ត​រឹង​មាំ​ល្អ​ណាស់ ។

ដោយឡែក ​អ្នកខ្លះ​លើក​ឡើង​ថា ​ទាល់តែ​មាន​អ្នក​ដោះ​លែង​ទើប​ជនសង្ស័យ​មានឱកាស​រត់គេច​ខ្លួន​បាន​។​ការ​បាត់​ខ្លួន​ជនសង្ស័យ​ចោរ​ជនជាតិ​ចិន​នេះ នគរបាល​ខេត្ត​ព្យាយាម​លាក់បាំង​រឿង​នេះ​ដែរ​ ប៉ុន្តែ​នៅ​តែ​បែកធ្លាយ​ដល់​អ្នក​សារព័ត៌មាន​ទា​លើ​តែ​បាន​ ។

មន្ត្រី​នគរបាល​ព្រហ្មទណ្ឌកំ​រឹត​ធ្ងន់​មួយ​រួប​បាន​បង្ហើប​ថា​ ការ​បាត់​ខ្លួន​ជនសង្ស័យ​ជនជាតិ​ចិន​ខាងលើ​នេះ ​គឺ​ជនសង្ស័យ​បាន​ហែក​ចំរឹង​ទ្វារ​កន្លែង​ឃុំឃាំង​២៤​ម៉ោង​រត់គេច​ខ្លួន​។ តែ​ទោះជា​យ៉ាងណា​ មហាជន​មិន​បាន​ជឿ​ថា ​ជនសង្ស័យ​ហែក​ចំរឹង​គុក​រត់​បាន​នោះ​ទេ ។

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ