អាជីវករជាច្រើនក្នុងប្រទេសកម្ពុជាជាអ្នកគ្រប់គ្រងទោលរបស់អាជីវកម្មខ្លួន។ ប្រាកដណាស់ វាជារឿងគួរឲ្យកោតសរសើរ តែបញ្ហាមួយទាក់ទិននឹងការគ្រប់គ្រងប្រភេទនេះគឺប្រសិនបើអ្នកឈប់សម្រាក នោះលុយក៏ប្រហែលជាឈប់ហូរចូលហោប៉ៅអ្នកដែរ។ ដោយហេតុដូចនេះ អ្នកប្រហែលជាតែងតែខិតខំគ្រប់ពេលវេលាស្ទើរតែគ្មានពេលឈប់សម្រាកដើម្បីរក្សាលំហូរលុយជារៀងរាល់ថ្ងៃ។ប៉ុន្តែទោះជាអ្នកជាអ្នកគ្រប់គ្រងទោលក៏មិនប្រាកដថាលុយមិនអាចហូរចូលហោប៉ៅអ្នកដោយស្វ័យប្រវត្តិដែរ។ ដើម្បីធ្វើដូច្នេះបាន អ្នកអាចចាប់ផ្តើមតាមវិធីដូចខាងក្រោមនេះ៖
១. បង្កើតប្រព័ន្ធដែលបន្តដំណើរការខណៈដែលអ្នកកំពុងគេង
អ្នកគួរតែព្យាយាមរុករកមើលផ្នែកណានៃអាជីវកម្មអ្នកដែលអ្នកអាចឲ្យម៉ាស៊ីនធ្វើការជំនួសអ្នក។ ឧទាហរណ៍ដូចជាការ Post លើ Facebook ជាដើម។ អ្នកមិនចាំបាច់អង្គុយរករូបភាព ឬគិតពីអ្វីដែលត្រូវសរសេរជារៀងរាល់ថ្ងៃទេ។ ផ្ទុយមកវិញ អ្នកអាចគិតម្តងឲ្យបានគ្រប់ ៧ Post សម្រាប់ ៧ថ្ងៃ រួចកំណត់ថ្ងៃលើ Facebook ឲ្យវាផូសខ្លួនឯងដោយស្វ័យប្រវត្តិ។ ដូច្នេះប្រសិនបើអ្នកជាអ្នកលក់អនឡាញ អ្នកអាចដើរចោលប្រព័ន្ធសង្គមអ្នកពីរទៅបីម៉ោងចោលមុននឹងត្រលប់មកវិញដើម្បីឆ្លើយតបនឹងសារ ឬ Comment របស់អតិថិជនក៏មិនមានបញ្ហាដែរ។
២. ចែករំលែកចំណេះដឹងដែលមិនចេះផុតថ្ងៃកំណត់
ប្រសិនបើអ្នកចង់ក្លាយជាមនុស្សដែលជោគជ័យ អ្នកមិនត្រូវចាំតែយកពីអ្នកដទៃទេ តែអ្នកក៏គួរចែករំលែកអ្វីដែលអ្នកមានទៅអ្នកដទៃដែរ។ ហើយនៅពេលដែលអតិថិជនមើលឃើញសមត្ថភាពរបស់អ្នកនោះ ពួកគេនឹងកាន់តែជឿទុកចិត្តអ្នក និងចាប់ផ្តើមស្មោះត្រង់នឹងអាជីវកម្មអ្នកផងដែរ។
ឧទាហរណ៍ ប្រសិនបើអ្នកជាអ្នកលក់សម្លៀកបំពាក់អនឡាញដែលស្រលាញ់ការតុបតែងខ្លួន អ្នកអាចឧស្សាហ៍ចែករំលែកពីគន្លឹះក្នុងការស្លៀកពាក់សម្រាប់កម្មវិធីខុសៗគ្នាជាដើម។ ឬប្រសិនបើអ្នកជាអាជីវកម្មរកស៊ីថតរូបសម្រាប់កម្មវិធីពិសេសៗ អ្នកក៏អាចបង្កើតវីឌីអូបង្រៀនអ្នកដទៃពីវិថីថតរូបតាមទូរស័ព្ទឲ្យបានស្អាតដែរ។
៣. យល់ដឹងពីចំណុចពិសេសរបស់អ្នក
ប្រាកដណាស់ អាជីវកម្មក្នុងប្រទេសកម្ពុជាដែលលក់ផលិតផល ឬផ្តល់សេវាកម្មតែមួយមានរាប់រយ និងរាប់ពាន់ ប៉ុន្តែតើមានកត្តាអ្វីដែលធ្វើឲ្យអាជីវកម្មរបស់អ្នកមានលក្ខណៈខុសប្លែកពីអាជីវកម្មអ្នកដទៃ? តើវាជាភាពរួសរាយរាក់ទាក់របស់អ្នកលក់? ភាពរហ័សទាន់ចិត្ត? គុណភាពទំនិញ? ឬបទពិសោធន៍ដ៏កម្សត់របស់អ្នកដែលធ្វើឲ្យអតិថិជនចង់គាំទ្រអ្នក? ពេលដែលអ្នកដឹងពីចំណុចពិសេសនេះហើយ អ្នកត្រូវតែពង្រឹងវាបន្ថែមដើម្បីធ្វើឲ្យអាជីវកម្មកាន់តែលេចធ្លោ ហើយពេលនោះ អតិថិជននឹងមករកអ្នកដោយខ្លួនឯង៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ