ខេត្តកណ្តាលនៅជាប់នឹងរាជធានីភ្នំពេញ មានភ្នំមិនច្រើនទេ
- កណ្តាល
ខេត្តកណ្តាល ៖ ដោយសារជាខេត្តមួយដែល មានភូមិសាស្ត្រជាប់នឹងរាជធានីភ្នំពេញ និងមានផ្លូវជាតិ៦ខ្សែឆ្លងកាត់ គឺផ្លូវជាតិលេខ១ លេខ២ លេខ៣ លេខ៤ លេខ៥…
ខេត្តកណ្តាល ៖ ដោយសារជាខេត្តមួយដែល មានភូមិសាស្ត្រជាប់នឹងរាជធានីភ្នំពេញ និងមានផ្លូវជាតិ៦ខ្សែឆ្លងកាត់ គឺផ្លូវជាតិលេខ១ លេខ២ លេខ៣ លេខ៤ លេខ៥…
ខេត្តកណ្តាល ៖ ដោយសារជាខេត្តមួយដែល មានភូមិសាស្ត្រជាប់នឹងរាជធានីភ្នំពេញ និងមានផ្លូវជាតិ៦ខ្សែឆ្លងកាត់ គឺផ្លូវជាតិលេខ១ លេខ២ លេខ៣ លេខ៤ លេខ៥ និងលេខ៦ ជាហេតុធ្វើឲ្យខេត្តកណ្ដាលមានទេសចរទៅលេងកម្សាន្តច្រើននៅរៀងរាល់ចុងសប្តាហ៍ ដោយមិនមានការខកខាន ។ ចំពោះខេត្តនេះមិនមានភ្នំច្រើនទេ តែភ្នំទាំងអស់គឺមានសក្ដានុពល ។
ភ្នំដែលធំជាងគេនិងជារមណីយដ្ឋានប្រវត្តិសាស្ត្រ គឺភ្នំឧដុង្គ ឬភ្នំព្រះរាជទ្រព្យ ។ ភ្នំនេះមានរូប
រាងដូចជាសត្វនាគ លាតសន្ធឹងពីខាងជើងទៅខាងត្បូងប្រវែងប្រមាណ ១ ៥០០ម៉ែត្រ និងទទឹង ៧០០ម៉ែត្រ មានទេសភាពធម្មជាតិខៀវខ្ចីស្រស់ស្អាតព័ទ្ធជុំវិញភ្នំ ពោរពេញដោយខ្យល់អាកាសបរិសុទ្ធ ដែលជាការទាក់ទាញភ្ញៀវទេសចរឲ្យចង់ទៅកម្សាន្តលំហែកាយច្រើនកុះករ ។
ភ្នំឧដុង្គ គឺជាអតីតរាជធានីខ្មែរដែលរក្សាទុកស្លាកស្នាមប្រវត្តិសាស្ត្រជាច្រើន និងមានឈ្មោះដល់ទៅ៣ គឺភ្នំឧដុង្គ ឬភ្នំព្រះរាជទ្រព្យ ឬភ្នំអដ្ឋរស្ស ។
ដើម្បីទៅទស្សនាភ្នំឧត្តុង្គ ឬភ្នំព្រះរាជទ្រព្យ ភ្ញៀវទេសចរអាចធ្វើដំណើរចេញពីរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ៥ក្នុងចម្ងាយជាង ៣០គីឡូម៉ែត្រ ។ នៅលើកំពូលភ្នំនេះ មានព្រះសក្យមុនីចេតិយដែលជាទីតម្កល់ព្រះសារីរិកធាតុរបស់ព្រះពុទ្ធ ។
ភ្នំព្រះរាជទ្រព្យ គឺជារមណីយដ្ឋានទេសចរណ៍បែបវប្បធម៌ប្រវត្តិសាស្ត្រ និងជាបូជនីយដ្ឋានពេញនិយមមួយសម្រាប់ពុទ្ធសាសនិកជន ។ ភ្នំនេះមានទីតាំងស្ថិតនៅឃុំផ្សារដែក និងឃុំភ្នំបាត ស្រុក
ពញាឮ និងមានចម្ងាយផ្លូវប្រមាណជា ៥១គីឡូម៉ែត្រពីទីរួមខេត្តកណ្តាល ។ តាមសាវតារប្រវត្តិសាស្ដ្របញ្ជាក់ថា ភ្នំព្រះរាជទ្រព្យគឺជាអតីតរាជធានីខ្មែរនាសតវត្សរ៍ទី១៧(ពីឆ្នាំ១៦១៨ ដល់ឆ្នាំ១៨៦៦) ក្នុងរាជព្រះបាទជ័យជេដ្ឋាទី២ ដែលរាជធានីមានឈ្មោះថា ព្រះបរមរាជវាំងមហានគរឧដុង្គមានជ័យបុរីរម្យឧត្តមរាជនិវេសនដ្ឋាន ឬហៅខ្លីថា ក្រុងឧដុង្គមានជ័យ ។ លុះមកដល់ឆ្នាំ១៨៦៦ ក្រុងឧដុង្គមានជ័យត្រូវបានបោះបង់ដោយព្រះបាទនរោត្តម ក្រោយពីទ្រង់សព្វព្រះរាជហឫទ័យត្រឡប់មកកសាងរាជធានីចតុមុខមង្គលសាជាថ្មី ។
ចាប់ពីជើងភ្នំ ចង្កេះភ្នំ រហូតដល់កំពូលភ្នំ ភ្នំព្រះរាជទ្រព្យមានបេតិកភណ្ឌជាតិច្រើនសន្ធឹកសន្ធាប់ ពិសេសកំពូលភ្នំដ៏ខ្ពស់បានបង្ហាញនូវប្រាង្គទាំង៥នៃចេតិយផុសចេញពីទេសភាពដ៏វែងអន្លាយ ។
ភ្នំព្រះរាជទ្រព្យមានគោលដៅទេសចរណ៍ជាច្រើនចំណុច ដែលមានការរៀបរាប់ពីចេតិយនៃ
ស្ដេចអង្គមួយទៅអង្គមួយទៀត នៃសម័យលង្វែក ឧដុង្គ ព្រមទាំងព្រះរាជវង្សានុវង្ស ។ វិហារ
ខ្មែរនានា កន្លែងសក្ការបូជានៃអតីតមេទ័ពខ្មែរមានមហិទ្ធិឫទ្ធិ គឺតាដំបងដែក ។
ព្រះសក្យមុនីចេតិយកោដ្ឋមាសនៃសារីរិកធាតុព្រះពុទ្ធ មានតម្កល់ព្រះពុទ្ធបដិមាតូចៗចំនួន ១ ២៥០អង្គដែលជាតំណាងព្រះអរហន្ដ ដែលទ្រង់បំបួសធំជាងគេនៅថ្ងៃដាក់អាយុសង្ខារ ។ ចេតិយដែលត្រូវបានសាងសង់នៅលើកំពូលភ្នំ បានក្លាយជានិមិត្តរូបមួយដែលចែងចាំងនៃម្លប់ព្រះពុទ្ធសាសនា ប្រដូចនឹងជំនាន់អាណាចក្រខ្មែរនាព្រហ្មញ្ញសាសនា ដែលតែងតែកសាងប្រាសាទនៅទីខ្ពស់ដូចជាភ្នំតំណាងឱ្យឋាននៃអាទិទេពផងដែរ ។
ភ្នំប្រសិទ្ធិ៍ លាតសន្ធឹងមួយផ្នែកក្នុងឃុំម្កាក់ ស្រុកអង្គស្នួល និងមួយផ្នែកទៀត ស្ថិតក្នុងឃុំឈ្វាំង ស្រុកពញាឮ ។ ដើម្បីទៅដល់ទីនោះ គេត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៥ លុះដល់ គីឡូម៉ែត្រលេខ៣៨ ជិតដល់ផ្សារឧដុង្គ មានផ្លូវលេខ២៦ បែកចូលទៅខាងឆ្វេងដៃ ។ ចូលទៅតាមផ្លូវនេះក្នុងចម្ងាយ ១៦គីឡូម៉ែត្រទៀត ទើបបត់ចូលតាមផ្លូវលំមួយនៅខាងឆ្វេងដៃ បន្តទៅទៀតទើបដល់ភ្នំនេះ ។ ប៉ុន្តែបច្ចុប្បន្ន អ្នកទេសចរពុំនិយមធ្វើដំណើរតាមផ្លូវនេះទេ ព្រោះផ្លូវលេខ២៦ ផ្លូវខេត្តកណ្តាល និងខេត្តកំពង់ស្ពឺពុំសូវល្អ ។
ផ្លូវដែលគេនិយមធ្វើដំណើរគឺទៅតាមផ្លូវជាតិលេខ៥ លុះដល់ផ្សារព្រែកព្នៅ គីឡូម៉ែត្រលេខ១១ មានផ្លូវបំបែកចូលខាងឆ្វេងដៃចម្ងាយ ប្រមាណ១៣គីឡូម៉ែត្រ ។ សរុបចម្ងាយផ្លូវពីភ្នំពេញទៅភ្នំប្រសិទ្ធិ៍ គឺ ២៤គីឡូម៉ែត្រ បើគិតពីក្រុងតាខ្មៅគឺ ៣៥គីឡូម៉ែត្រ ។ បច្ចុប្បន្ននេះ ជាផ្លូវក្រាលបេតុងយ៉ាងល្អហើយ ក៏មានការអភិវឌ្ឍតាមដងផ្លូវនេះស្ទើរមិនគួរឱ្យជឿ ។
នាអនាគត ផ្លូវទៅកាន់ភ្នំនេះនឹងបានស្ទើរទាំងស្រុង ភ្ញៀវទេសចរអាចធ្វើដំណើរព័ទ្ធជុំវិញបាន ដោយចូលកម្សាន្តនៅភ្នំប្រសិទ្ធិ៍ជាដំបូង រួចចេញតាមផ្លូវលំ និងផ្លូវលេខ២៦ ទៅកម្សាន្តនៅភ្នំឧដុង្គ
ជាបន្ត ឬក៏ទៅទស្សនាភ្នំឧដុង្គជាដំបូង ហើយធ្វើដំណើរបញ្ច្រាសមកវិញក៏បាន ។បើនិយាយពីភ្នំប្រសិទ្ធិ៍ គឺទាក់ទងរវាងភ្នំទាំងពីរដែលនៅទន្ទឹមគ្នា ខណ្ឌដោយជ្រលងភ្នំនៅខេត្តកណ្តាល និងម្ខាងទៀតនៅខេត្តកំពង់ស្ពឺ ។ ក្នុងចំណោមភ្នំទាំង២នេះ ភ្នំខាងលិចពុំសូវមានប្រវត្តិរឿងរ៉ាវអ្វីទេ ។ ចំណែកឯភ្នំខាងកើតវិញ គឺមានរឿងរ៉ាវទាក់ទងទៅនឹងប្រវត្តិសាស្ត្រ ក្នុងរឿងសាសនា ដែលមានរូបសំណាកព្រះចូលនិព្វានមួយអង្គយ៉ាងធំ និងរឿងរ៉ាវដែលទាក់ទងទៅនឹងពង្សាវតារក្សត្រខ្មែរ ។
នៅភ្នំប្រសិទ្ធិ៍នេះ ក៏មាននៅសល់ប្រាសាទបុរាណមួយមុនសម័យអង្គរដែរ គឺប្រាសាទស្រីគ្រប់ល័ក្ខណ៍ ។
ភ្នំប្រសិទ្ធិបច្ចុប្បន្ននេះ ពុំសូវមានដើមឈើធំៗទេ ហើយការកែលម្អរមណីយដ្ឋានក៏មិនទាន់មានដែរ ។ ចំណែកឯភ្ញៀវទេសចរ បច្ចុប្បន្ននេះក៏គេពុំសូវទៅលេងនៅតំបន់នោះដែរ ព្រោះការរៀបចំការគ្រប់គ្រងពុំសូវល្អ ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ តំបន់រមណីយដ្ឋាននេះនៅមានទេសភាពល្អ និងប្រកបដោយខ្យល់អាកាសបរិសុទ្ធ ជាវត្ថុមួយដែលគួរជាទីរីករាយ ។
នៅចម្ងាយប្រមាណ ១គីឡូម៉ែត្រពីភ្នំប្រសិទ្ធិ៍ មានរមណីយដ្ឋានវប្បធម៌កែច្នៃមួយទៀតមានឈ្មោះថា ភ្នំរាប ឬប្រាសាទវិហារសួគ៌ ដែលកសាងនៅឆ្នាំ១៩៩៦-១៩៩៨ ធ្វើអំពីថ្ម និងស៊ីម៉ង់ត៍ ផ្ដួចផ្ដើមដោយលោក រស់ សារិន ដែលបានប្រមូលថវិកាពីសប្បុរសជនក្នុងនិងក្រៅប្រទេស សម្រាប់ការកសាងចំនួន ១លានដុល្លារសហរដ្ឋអាមេរិក តាមរចនាបថអង្គរ (គេនិយមហៅថាសំណង់អង្គរវត្តថ្មី) ។បច្ចុប្បន្ន ប្រាសាទវិហារសួគ៌ត្រូវបានអ្នកទេសចរជាតិ និងអន្តរជាតិទៅទស្សនាកម្សាន្តជាច្រើន ជាពិសេសការថតជាភាពយន្តរឿងបុរាណខ្មែរយើង ។
ភ្នំរាប ក៏ជារមណីយដ្ឋានទេសចរណ៍ វប្បធម៌មួយនៅជិតបង្កើយរាជធានីភ្នំពេញ ដែលធ្វើឱ្យពួក
គាត់អាចទៅសម្រាកលំហែកាយបានយ៉ាងងាយស្រួល ។ ភ្នំរាបស្ថិតនៅតំបន់ភ្នំប្រសិទ្ធិ៍ ក្នុងបរិវេណវត្តភ្នំរាប ជារមណីយដ្ឋានវប្បធម៌ដ៏ពេញនិយមមួយ ដែលត្រូវបានកសាងឡើងតាំង
ពីឆ្នាំ ១៩៨៨មកម្ល៉េះ ។នៅក្នុងបរិវេណវត្តនេះ មានសំណង់បែបវប្បធម៌ជាច្រើន ត្រូវបានកសាងឡើងតាមបែបសាសនា ។ ប៉ុន្តែអ្វីដែលធ្វើឱ្យមានការចាប់អារម្មណ៍ជាងគេនោះគឺ តួប្រាសាទភ្នំរាបតែម្តង ដែលមានកម្ពស់ខ្ពស់ស្កឹមស្កៃ មានកំពូល៣ បង្អួតរាងយ៉ាងស្រស់ស្អាត ដែលជាទីគោរពបូជាតាមជំនឿរៀងៗខ្លួន ។
ក្រៅពីបានទស្សនាទិដ្ឋភាពខាងក្នុងប្រាសាទរួចហើយ ភ្ញៀវទាំងឡាយអាចទៅសម្រាក និងហូបអាហារនៅតាមខ្យូសខាងត្បូងវត្តជាក្រុម ឬជាលក្ខណៈគ្រួសារ ដោយអាចកុម្មង់ម្ហូបគ្រប់ប្រភេទតាមតម្រូវការ ព្រមទាំងតម្លៃសរម្យទៀតផង ។ស្អាងភ្នំ ស្ថិតក្នុងឃុំស្អាងភ្នំ ចម្ងាយប្រមាណ ២៣គីឡូម៉ែត្រ ពីក្រុងតាខ្មៅ និងប្រហែល៣៤គីឡូម៉ែត្រពីរាជធានីភ្នំពេញ ។ ដើម្បីទៅកាន់ភ្នំនេះ គេត្រូវធ្វើដំណើរពីក្រុងតាខ្មៅតាមផ្លូវជាតិលេខ២១ថ្មី ដែលជាផ្លូវលើកថ្មី ។ ការធ្វើដំណើរនឹងកាត់តាមតំបន់វាលទំនាបទួលក្រសាំង ពីក្រុងតាខ្មៅតាមផ្លូវជាតិលេខ២១ថ្មី និងជួបផ្លូវជាតិលេខ២១ចាស់ ត្រង់ចំណុចវត្តឈូងលៀប ក្នុងឃុំរកាខ្ពស់ ដែលមានចម្ងាយប្រហែល១២គីឡូម៉ែត្រ ។
ពីវត្តឈូងលៀប ទៅដល់ផ្សារស្រុកស្អាង មានចម្ងាយប្រហែល៥គីឡូម៉ែត្រ ទើបមានផ្លូវលំបែកចូលខាងស្តាំដៃមួយ ។ ធ្វើដំណើរតាមផ្លូវនោះចម្ងាយ ២,៥គីឡូម៉ែត្រ ដល់ខ្លោងទ្វារវត្ត មាន ផ្លូវបំបែកចូលខាងស្ដាំចម្ងាយ២,៥គីឡូម៉ែត្រទៀតទើបដល់ភ្នំ ។វត្តស្អាងភ្នំ ជារមណីយដ្ឋានធម្មជាតិនិងវប្បធម៌ ដែលនៅទីនោះមានវត្តមួយសង់នៅលើកំពូលភ្នំខ្ពស់ជាងគេ ដែលមើលទៅឃើញទិដ្ឋភាពល្អ ប្លែកជុំវិញតំបន់នោះ ។
ភ្នំស្អាងនេះពុំសូវសម្បូរដើមឈើដូចនៅភ្នំធនមន្តទេ ប៉ុន្តែនៅជុំវិញវត្ត គឺមានបឹងយ៉ាងធំដែលដុះទៅដោយរំចង់ និងព្រលិត ។ លើសពីនេះទៀត នៅក្នុងបឹងជុំវិញភ្នំនេះ គឺសម្បូរត្រីណាស់ អ្នកទៅកម្សាន្ត ក្រៅពីជិះទូកលេង គឺពួកគេទៅស្ទូចត្រី ។នៅរដូវវស្សា ស្អាងភ្នំ គឺប្រៀបបីដូចជាកូនកោះដែលព័ទ្ធជុំវិញដោយផ្ទៃទឹកធំល្វឹងល្វើយ។ រលកនៃខ្យល់បោកបក់មកប៉ះជើងភ្នំគួរជាទីគយគន់ និងមិនចង់ឃ្លាត ។ នៅទីនេះមានលក្ខណៈត្រជាក់ប្រកបដោយខ្យល់បរិសុទ្ធ និងព្រៃល្បាស់នៅជុំវិញជើងភ្នំ ។
រមណីយដ្ឋាននេះ មានភ្ញៀវជាតិទៅកម្សាន្តច្រើននៅរដូវបុណ្យទានប្រពៃណីជាតិ និងថ្ងៃឈប់សម្រាក ។ បច្ចុប្បន្ននេះ មន្ទីរទេសចរណ៍ខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន បានដាំកូនឈើ និងកំណត់ធ្វើសណ្តាប់ធ្នាប់ អនាម័យ សន្តិសុខនៅតំបន់នេះឱ្យល្អប្រសើរ សម្រាប់ជូនភ្ញៀវលេងកម្សាន្ត ។ អ្វីដែលមានការចាប់អារម្មណ៍សម្រាប់ឆ្នាំនេះគឺមានការកសាងជណ្តើរយន្តឡើងទៅកាន់ព្រះវិហារ ដែលកាលពីមុនឡើងបានតែមនុស្សក្មេងៗឯយាយតាចាស់ៗមិនអាចឡើងតាមជណ្តើរបានទេ ៕
ចែករំលែកព័តមាននេះ