រាជធានីភ្នំពេញ ៖ គណៈបញ្ជាការដឹកនាំអនុវត្តផែនការសកម្មភាពបង្ការ ទប់ស្កាត់ បង្ក្រាបអំពើលួច ឆក់ នៅរាជធានីភ្នំពេញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នាព្រឹកថ្ងទី៩ ខែធ្នូ បានបើកកិច្ចប្រជុំវាយតម្លៃសភាពការណ៍បទល្មើសលួច ឆក់ ប្រចាំខែវិច្ឆិកា និងលើកទិសដៅបន្ដ ។
កិច្ចប្រជុំនេះដឹកនាំដោយលោកនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិដោយមានការចូលរួមពីអនុប្រធានសេនាធិការប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ ប្រធាននាយកដ្ឋាននគរបាលបច្ចេកទេសនិងវិទ្យាសាស្ដ្រ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ម ស្នងការរងនគរបាលរាជធានីទទួលផែនព្រហ្មទណ្ឌ នាយការិយាល័យជំនាញនិងអធិការនគរបាលខណ្ឌទាំង១៤ ។
យោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ ស៊ុយ សុគន្ធា ប្រធានលេខាធិការដ្ឋាននៃគណៈបញ្ជាការដឹកនាំការអនុវត្តផែនការសកម្មភាពបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើលួច ឆក់ ក្នុងរាជធានីភ្នំពេញ បានឲ្យដឹងថា សម្រាប់ខែវិច្ឆិកាឆ្នាំនេះ ដោយមានការខិតខំប្រឹងប្រែងពីកងកម្លាំងគ្រប់អង្គភាពទាំងអស់ ធ្វើការបង្ក្រាបបានចំនួន៥២ករណីលើ៥៤ករណី និងចាប់បានជនសង្ស័យ៧០នាក់ ក្នុងនោះបទល្មើសលួច
២៦ករណីលើ២៨ករណី បទល្មើសឆក់២៦ករណី លើ២៦ករណី បើប្រៀបធៀបនឹងខែមុន ។ ដោយ
ឡែក ករណីនៅសេសសល់មានចំនួន២ករណី គឺខណ្ឌជ្រោយចង្វា១ករណី និងខណ្ឌកំបូល១ករណី ។
ជាការកត់សម្គាល់ ជនសង្ស័យដែលបង្ក្រាបបាន ក្រោយពីធ្វើតេស្ដធ្លាប់ប្រើសារធាតុញៀន មាន៥៣នាក់ស្មើនឹង៧៦ភាគរយ ។ ថ្លែងក្នុងឱកាសនោះ លោកនាយឧត្តមសេនីយ៍ហ៊ឹម យ៉ាន បានថ្លែងនូវការកោតសរសើរកងកម្លាំងជំនាញទាំងអស់ ដែលបានខិតខំរួមគ្នាបង្ការ ទប់ស្កាត់ និងបង្ក្រាបទទួលបានលទ្ធផលខ្ពស់ និងបានដាក់បទបញ្ជាឲ្យកងកម្លាំងពាក់ព័ន្ធ និងតាមបណ្ដាខណ្ឌ ត្រូវបង្កើនការផ្សព្វផ្សាយអប់រំដល់ប្រជាពល រដ្ឋ និងភ្ញៀវទេសចរបរទេសឲ្យប្រុងប្រយ័ត្នរក្សាទ្រព្យសម្បត្តិ និងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការវែកមុខមុខសញ្ញាសង្ស័យជាដើម ។
លោកអគ្គស្នងការរង ក៏បានជំរុញឲ្យខិតខំពង្រឹងការងារគ្រប់គ្រងមុខសញ្ញា និងនីតិវិធីកសាងសំណុំរឿង ដើម្បីមានភ័ស្ដុតាងរឹងមាំដាក់បន្ទុកផ្ដន្ទាទោសឲ្យបានកម្រិតខ្ពស់(បទឧក្រិដ្ឋ) ស្របតាមក្រមព្រហ្មទណ្ឌ និងត្រូវពិនិត្យឡើងវិញករណីមុខសញ្ញាឆក់ ដែលត្រូវបានដោះលែង ហើយធ្វើសកម្មភាពឡើងវិញ ដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំមានវិធានការបន្ដ ។
អ្វីដែលលោកនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ានបានសង្កត់ធ្ងន់ដល់កងកម្លាំងព្រហ្មទណ្ឌនោះ គឺបង្កើនការល្បាតប្រទាក់ក្រឡាក្នុងភូមិសាស្ដ្រងាយរងគ្រោះ ដើម្បីបង្ការ និងឈានដល់ការបង្ក្រាបជនដៃដល់ដែលប្រព្រឹត្តបទល្មើស យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ