ខេត្តបន្ទាយមានជ័យ ៖ គ្រួសារមួយបានបង្អួតក្រវិលកំប៉ុងស្រាបៀរមួយថង់ មានទម្ងន់ជិត២០គីឡូក្រាម ស្មើនឹងរាប់ម៉ឺនក្រវិល ក្រោយពីផឹករយៈពេលជិត១០ឆ្នាំ ប៉ុន្តែសម្រាប់រង្វាន់ធំមិនដែលបានសោះគិតត្រឹមឆ្នាំ២០១៩ សង្ស័យមកពីគ្មានសំណាង ឬយ៉ាងណា ?
ជួបសម្ភាសន៍ផ្ទាល់នារសៀលថ្ងៃទី៨ ខែធ្នូ គ្រួសារខាងលើសុំមិនប្រាប់អត្តសញ្ញាណ ប៉ុន្តែប្រាប់ថា រស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ គ្រួសារនេះនិយាយថាកន្លងមក ធ្លាប់ទទួលទានស្រាបៀរជាធម្មតាប៉ុន្តែមិនដែលគិតថា ចង់រក្សាទុកក្រវិលកំប៉ុងដែលទទួលទានឡើយ ។
ពួកគាត់បន្តថា ដោយសារកន្លងមកតែងតែឃើញគេផ្សព្វផ្សាយពីអ្នកត្រូវរង្វាន់ ដែលអ្នកខ្លះបានរថយន្ត ខ្លះបានប្រាក់លាន និងខ្លះទទួលបានរង្វាន់ម៉ូតូ ទើបគ្រួសារពួកគាត់តែងទទួលទានស្រាបៀរជារឿយៗ បើទោះជាដឹងថា បើផឹកច្រើននោះវាប៉ះពាល់ដល់សុខភាពក៏ដោយ ក៏នៅតែទិញផឹកដែរ ក្រែងមានសំណាងបានទទួលរង្វាន់ធំដូចគេ ប៉ុណ្ណឹងហើយនៅតែមិនបានជួប ។
ម្យ៉ាង មិត្តភក្តិមកលេងមានកម្មវិធីផឹកស៊ីញឹកញាប់ និងសំខាន់ចង់ដឹងថា តើក្រុមហ៊ុនស្រាបៀរទាំងនេះមានរង្វាន់ធំឬអត់ ក៏ចេះតែតាមដានក្រែងមានសំណាងនិងគេ ។ ប៉ុន្តែទីបំផុតនៅតែមិនដែលបានរង្វាន់ធំដដែល ។ គាត់គិតថាសង្ស័យមកពីមិនមានសំណាងក៏ថាបាន ឬក៏សំណាងធំមិនទាន់មកដល់ ។ គ្រួសារខាងលើលើកឡើងថា គាត់ព្រួយបារម្ភពីសុខភាពដែរតែព្រោះចង់ផ្សងសំណាងក៏ទទួលទានបន្ត និងរក្សាក្រវិលកំប៉ុងចាប់តាំងពីពាក់កណ្តាលឆ្នាំ២០០៩ រហូតមកទល់បច្ចុប្បន្នជិតដាច់ឆ្នាំ២០១៩ដែលគិតទៅសន្សំក្រវិលទុកជាង១០ឆ្នាំហើយ ។
ពួកគាត់ប្រាប់ថា ស្រាបៀរដែលទទួលទាននេះមាន២មុខ តែសុំមិនបញ្ចេញឈ្មោះ ព្រោះខ្លាចប៉ះពាល់ដល់ក្រុមហ៊ុន ព្រោះបានទិញផឹករាល់ថ្ងៃហើយថារយៈពេលជាង១០ឆ្នាំនេះ បានទទួលរង្វាន់ភាគច្រើនត្រឹមតែ១កំប៉ុងឬ៥ម៉ឺនរៀល តែមិនដែលបានរង្វាន់ធំដូចជារថយន្ត ម៉ូតូ ឬប្រាក់លានឡើយ ។ គាត់ថាមនុស្សយើងអាចប្រកួតប្រជែងអ្វីក៏បាន តែមិនអាចប្រកួតនឹងព្រេងវាសនាបានទេ ព្រោះខ្លះទិញផឹកតែ២-៣កំប៉ុងក៏ជួបប្រាក់លានដែរ ឯគាត់ផឹកជាង១០ឆ្នាំបានតែប្រាក់រាយ ៕
ចែករំលែកព័តមាននេះ