ខេត្តកំពង់ឆ្នាំង ៖ ម្ចាស់សិប្បកម្មផលិតសេរ៉ាម៉ិចក្នុងភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ កាលពីព្រឹកថ្ងៃទី០៩ ធ្នូ បានឱ្យកោះសន្តិភាពដឹងថា បច្ចុប្បន្នមុខរបររបស់គាត់នេះ បាននិងកំពុងរីកចំរើនណាស់ ព្រោះមានអតិថិជនជួយគាំទ្រច្រើន ពិសេសគឺខាងក្រសួងពាណិជ្ជកម្ម ដែលតែងតែមកនាំផលិតផលគាត់ទៅតាំងលក់លើទីផ្សារ ការតាំងពិព័ណ៌នានា ធ្វើឱ្យកាន់តែបានស្គាល់នូវស្នាដៃកូនខ្មែរនូវផលិតសេរ៉ាម៉ិច ។

ស្ត្រីឈ្មោះ យុង សុខា ម្ចាស់សិប្បកម្មផលិតសេរ៉ាម៉ិច ស្ថិតនៅភូមិឃុំបានឱ្យដឹងថា បច្ចុប្បន្ន គឺមានអតិថិជនជាច្រើន ដូចនៅខេត្តបាត់ដំបង សៀមរាប និងរាជធានីភ្នំពេញជាដើម បានកុំម៉្មង់ទិញផលិតផលសេរ៉ាម៉ិចរបស់គាត់ ហើយគាត់បានវេចខ្ចប់ផ្ញើទៅស្ទើរាងរាល់ថ្ងៃ ។ ចំណែកខាងផ្ទះសំណាក់ សណ្ឋាគារ ក៏បានមកកុំម៉្មង់ទិញ ប្រដាប់ដាក់ដុតប្រេងក្រអូប និងខ្លះទៀតក៏បានមកកុំម៉្មងឱ្យគាត់ធ្វើប្រដាប់ដាក់អំពូលភ្លើងសម្រាប់ដាក់តាមផ្ទះសំណាក់តាមភោជនីយដ្ឋានផងដែរ ។

ដោយឡែក ក៏មានជនបរទេសមកកុំម៉្មង់អោយគាត់ធ្វើចាន ដាក់ពណ៌របៀបចានបុរាណ និងកែវដែលមានសរសេរអក្សរខ្មែរទៀតផង ព្រោះពួកគាត់ចូលចិត្តណាស់ ។ ក្រៅពីនោះមានអ្នកកុំម៉្មង់ធ្វើជារូបសត្វ ឬអ្វីផ្សេងទៀត គាត់ក៏អាចធ្វើបានដែរ អោយតែមានគំរូ គាត់ធ្វើបានទាំងអស់ ។

បុរសឈ្មោះសំ សំណាង ដែលត្រូវជាប្តីបានឱ្យដឹងថា ដើម្បីឱ្យផលិតផលពីដីឥដ្ឋ កើតជាសេរ៉ាម៉ិចបាន មុនដំបូងយើងយកវត្ថុដែលយើងធ្វើមានកែវ ចាន ថូ ពែង ប៉ាន់ ជាដើមទៅដុតលើកទី១ មានកំរិតកំដៅ៨០០អង្សារ ដូចជាការដុត ក្អម ឆ្នាំងដែរ ដោយបានក្លាយជា (ផតធឺរី ) ។ លុះដល់ដុតដំណាក់កាលទី២ ដែលត្រូវលាយថ្នាំពណ៌ផ្សេងៗដែលយើងចង់បានត្រូវប្រើភ្លើងកំដៅរហូតដល់១២០០អង្សា ទើបក្លាយជាសេរ៉ាម៉ិច ។ ចំពោះការដុតលើកទី២នេះ ជួបការលំបាកណាស់ ដូចជាការ លាយថ្នាំមិនត្រូវ ដុតទៅខូច ចេញពណ៌មិនល្អ ឬ ទឹកថ្នាំពណ៌ ដើរមិនសប់កន្លែងជាដើម នេះជាការខាតបង់ ។

បុរសម្ចាស់សិប្បកម្មបានបញ្ជាក់ចុងក្រោយថា ការផលិតសេរ៉ាម៉ិច ជួបការលំបាក់ច្រើនណាស់ មានដូចជាការវ៉ៃដី រែងយកដីហ្មត់ ការស្មូនឱយចេញរូបរាងដែលយើងចង់បាន និងការដុតដាក់ពណ៌ជាដើម ។ ទម្រាំគាត់បានសម្រេច និងទទួលជោគជ័យ ដូចសព្វថ្ងៃ គឺមានការខូចខាត និងចំណាយពេលច្រើនណាស់ ។






ចែករំលែកព័តមាននេះ