ត្រី​ប្រហុក​ចាប់ផ្តើម​សំបូ​រហើយ ពលរដ្ឋ​មាន​បំណង​ធ្វើ​ប្រហុក សូម​រួសរាន់​ទាន់​ត្រី​សំបូរ


ខេត្តកំពង់ឆ្នាំង ៖ មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តកំពង់​ឆ្នាំង បាន​បញ្ជាក់​ថា ត្រី​សម្រាប់​ធ្វើ​ប្រហុក​បាន​ត្រូវជា​បណ្ដើរ​ៗ​ហើយ ក្នុង​ខ្នើត​ខែ​មិគសិរ​នេះ ។ ចំណែក​ត្រី​ច​ង្កែ​ង ដែល​ជា​ត្រី ត្រូវ​មង​ក្រឡា​៣​ហ៊ុន កន្លះ ក៏​ត្រូវ​ច្រើន​ណាស់​ដែរ ពេល​នេះ​ប្រជា​ពលរដ្ឋ កំពុង​បណ្តែត​មក​ចាប់​ត្រី នៅ​តាម​បណ្តា​ស្រុក​ក្រុង​ចំនួន​៤ ជាប់​ដង​ទន្លេសាប ។

លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជលផល នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ នៅ​រសៀល​ថ្ងៃ​ទី ៥ ខែធ្នូ ឆ្នាំ ២០១៩ បាន​បញ្ជាក់​តាម​ទូរស័ព្ទ​ថា សម្រាប់​ខេត្តកំពង់ឆ្នាំង ត្រី​បាន​ត្រូវជា​បណ្ដើរ​ៗ​​ហើយ ក្នុង​នោះ​មាននៅ​ក្នុង​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ នៅ​សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់​ឆ្នាំង ឃុំ​សែ​ប ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ។ ត្រី​បាន​ចាប់ផ្តើម​ត្រូវ​នៅ ក្នុង​ខ្នើត​ខែ​មិគសិរ​នេះ ហើយ​បាន​សំបូរ​ខ្លាំង​នៅ​ថ្ងៃ ៨​កើត​ម្សិល​មិ​ញ​ត្រូវ​នឹង​ថ្ងៃ​ទី ៤ ខែធ្នូ ។

លោក​បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​បណ្ដែត​ម៉​ង​ចាប់​ត្រី​នៅ​ទីកន្លែង​ដែល​ពួក​គាត់​រក ដូច​ជា​នៅ ស្រុក​បរិ​បួរ​ណ៌ ក្រុង​កំពង់ឆ្នាំង ស្រុក​កំពង់លែង និង​ស្រុក​កំពង់ត្រឡាច​។ បើ​គិត​ជា​មធ្យម​ក្នុង​ទូក​មួយ​គ្រឿង បណ្តែត​មក ដោយ​ប្រើ​ក្រឡា​២ ហ៊ុន ចាប់​ត្រី​ប្រហុក គឺ​ចាប់​ត្រី​បាន ពី​៨០ ទៅ​១២០​គីឡូក្រាម ក្នុង​១​ថ្ងៃ​។

ចំណែក​ទូក​បណ្តែត មង​ក្រឡា​៣​ហ៊ុន កន្លះ ចាប់​ត្រី​ច​ង្កែ​ង គឺ​បាន​ពី​៣០ គីឡូ​ទៅ ៥០​គីឡូក្រាម ក្នុង​ទូក​មួយ​គ្រឿង ។ តាម​ការប្រមាណ នៅ​សែន​ខ្នើត​ខែ​ក្រោយ (​ខែ​បុស្ស​) ត្រី​នឹង​ត្រូវ​ច្រើន​ជាង​នេះ ។ ហេតុនេះ​ហើយ​ក្នុង​នាម​លោក​ជា​មន្ត្រី​ជលផល សូម​អំពាវនាវ​ប្រជាពលរដ្ឋ​ដែល​មាន​បំណង​មក​កាត់​ក្បាល​ត្រី​ប្រហុក នៅ​ខ្នើត​នេះ និង​ខ្នើត​ខែ​ក្រោយ​ក្តី សូម​រួសរាន់​មក​ធ្វើ​ត្រី​ប្រហុក​ឱយ​បាន​គ្រប់​ៗ​គ្នា ។

នាយ​ខណ្ឌ​រដ្ឋបាល​ជលផល បាន​បន្ថែម​ថា ត្រី​ប្រហុក និង​ត្រី​ស្លឹក​ឬ​ស្សី ១​គីឡូក្រាម​ថ្លៃ​ពី​៨​រយ ទៅ ១​ពាន់​រៀល (​សម្រាប់​តម្លៃ​ថ្ងៃ​ទី​៤ និង​ទី​៥ ខែធ្នូ ) ចំណែក​ត្រី​ច​ង្កែ​ង ថ្លៃ​៤​ពាន់​ទៅ​៥​ពាន់​រៀល ក្នុង​១​គីឡូក្រាម​។

សូម​បញ្ជាក់​ថា សម្រាប់​ត្រី​ប្រហុក​ក្នុង​ខេត្តកំពង់ឆ្នាំង គឺ​ចាប់ផ្ដើម​ត្រូវ​នៅ​ខែ​មិគសិរ ខែបុស្ស និង​ខែមាឃ ទើប​អស់ ។ សម្រាប់​ពេល​នេះ គឺជា​ខ្នើត​ខែ​ទី​មួយ ដែល​ត្រី​ប្រហុក​ចាប់ផ្ដើម​ត្រូវ ។ ប្រជា​ពលរដ្ឋ​អាច​មក​ធ្វើ​ត្រី​ប្រហុក​បាន​មាន​ទីតាំង​ដូច​ជា​នៅ​ស្រុក​បរិបូណ៌ នៅ​ក្រុង​កំពង់ឆ្នាំង និង​ស្រុក​កំពង់ត្រឡាច​ជាដើម ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ