ឧបនាយករដ្ឋមន្ត្រី​ម៉ែ​ន សំ​អន ៖ រាជរដ្ឋាភិបាល​ដាក់​ចេញ​ផែនការ​យុទ្ធសាស្ត្រ អប់រំ​ជំរុញ​ការ​កសាង​សមត្ថភាព និង​អភិវឌ្ឍន៍​ធនធានមនុស្ស


រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ និង​ផែនការ​យុទ្ធសាស្ត្រ វិស័យ​អប់រំ ២០១៩-២០២៣ ដែល​ឯកសារ​ទាំង​ពីរ​នេះ​បាន​ជំរុញ​ឱ្យ​មានការ​កសាង​សមត្ថភាព និង​ការ​អភិវឌ្ឍ​ធនធានមនុស្ស ជា​ពិសេស​ការ​បណ្តុះបណ្តាល​យុវជន​ឱ្យ​មានគុណ​ភាព សមត្ថភាព ចំណេះដឹង​ចំណេះធ្វើ ។

លោក​ជំទាវ ម៉ែ​ន សំ​អន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច តំណាង សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែង​ក្នុង​ពិធី​ប្រគេន​ប្រគល់​សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​ថ្នាក់​គរុកោសល្យ​ដល់​សមណ​និស្សិត និស្សិត​គរុ​សមណ​និស្សិត គរុ​និស្សិត គរុ​សមណ​សិស្ស និង​គរុ​សិស្ស នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហ​នុ​រាជ នា​ព្រឹក​ថ្ងៃ​ទី​០៥ ខែធ្នូ​នេះ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​រាជធានី​ភ្នំពេញ ។

លោក​ជំទាវ​ក​ម៉ែ​ន សំ​អន បាន​បន្ត​ថា ការ​បណ្តុះបណ្តាល​យុវជន​ឱ្យ​មានគុណ​ភាព សមត្ថភាព ចំណេះដឹង ចំណេះធ្វើ សហគ្រិនភាព ការ​ច្នៃប្រឌិត និង​នវានុវត្តន៍ មានគុណ​ធម៌ សីលធម៌ ស្មារតី​ទទួលខុសត្រូវ និង​មាន​មនសិការ​ស្នេហា​ជាតិ ដែល​ជា​កត្តា​គន្លឹះ​សម្រាប់​ទ្រទ្រង់ និង​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ និង​ជា​សក្តានុពល​ក្នុង​ការ​ប្រកួតប្រជែង​ជា​អន្តរជាតិ ទាំង​ពេល​បច្ចុប្បន្ន និង​អនាគត ។

លោក​ជំទាវ​បាន​បន្ត​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​យ៉ាង​ច្បាស់​ថា វិស័យ​អប់រំ​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ជាតិ​លើ​គ្រប់​វិស័យ និង​ធានា​នូវ​និរន្តរភាព​ជាតិ ទាំង​សេដ្ឋកិច្ច សង្គម និង​វប្បធម៌ ។ ការ​ទទួល​បាន​អប់រំ គឺជា​ការ​ដុះខាត់​ផ្នែក​បញ្ញាញ្ញាណ​បាន​បង្កើត​ឲ្យ​មាន​សមត្ថភាព​វិជ្ជាជីវៈ មាន​សមត្ថភាព​ស្រាវជ្រាវ ក្នុង​ការ​បង្កើត​នូវ​គោលការណ៍​ទ្រឹស្ដី គំនិត និង​មូលដ្ឋាន​សម្ភារៈ​ថ្មី​ៗ ដើម្បី​បម្រើ​សេចក្ដី​ត្រូវការ​របស់​សង្គមមនុស្ស ក្នុង​បរិបទ​នៃ​អច្ឆរិយៈ​បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ​ទំនើប ។

លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន បាន​ថ្លែង​បន្ត​ថា ផលិតផល និង​សម្ភារៈ​គ្រប់​ប្រភេទ សុទ្ធតែ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ខួរក្បាល​របស់​មនុស្ស ដែល​មានការ​អប់រំ​បណ្តុះបណ្ដាល​ប្រកប ដោយ​គុណធម៌ គុណភាព និង​មានការ​ច្នៃប្រឌិត​ខ្ពស់ ។ ធនធានមនុស្ស​ជា​មូលដ្ឋាន​គ្រឹះ​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​ធ្វើ​ឱ្យ​អរិយធម៌​មនុស្សជាតិ​មានការ​អភិវឌ្ឍ និង​ផ្លាស់​ប្តូរ​ឥត​ឈប់​ឈរ ហើយ​ធនធានមនុស្ស​នេះ គឺ​បាន​មក​ពី​ការ​អប់រំ​បណ្ដុះបណ្ដាល​នេះឯង ។

លោក​ជំទាវ ម៉ែ​ន សំ​អន បាន​ថ្លែង​ថា ការ​អប់រំ​បណ្ដុះបណ្ដាល​ដែល​ធ្វើ​ឱ្យ​មនុស្ស​មាន​តម្លៃ និង​មាន​សមត្ថភាព​វិជ្ជាជីវៈ​ពិតប្រាកដ​នោះ គឺ​ការ​អប់រំ​ប្រកបដោយ​គុណភាព​ពោល គឺ «​ត្រូវ​រៀន ឲ្យ​ចេះ​មិនមែន​រៀន​ឱ្យ​ចប់​នោះ​ទេ​» ។ ក្នុង​ន័យ​នេះ​លោក​ជំទាវ ម៉ែ​ន សំ​អន ចង់​និយាយ​ថា អ្នក​ដែល​បញ្ចប់​ការ​សិក្សា​ដោយ​ទទួល​បាន​សញ្ញាបត្រ​នោះ​ត្រូវ​មាន​សមត្ថភាព​អាច​បំពេញការងារ​ក្នុង​ជំនាញ​របស់​ខ្លួន​បាន​ល្អ និង​មានការ​ពេញចិត្ត​ពី​និយោជក​ពី​ស្ថាប័ន​ដែល​ជា​កន្លែង​យើង​ត្រូវ​បម្រើ​ការងារ ៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:១០ | ក្នុងស្រុក

តើ​អ្នក​ត្រៀមខ្លួន​ហើយ​ឬ​នៅ​ដើម្បី​ស្តែង​ចេញ​​នូវ​ការ​តាំងចិត្ត​ដ៏​មោះមុត​របស់​អ្នក? ក្នុង​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដ៏​ធំ​បំផុត Tiger Street Football 2020 បាន​បើក​ឆាក​ប្រកួត​នៅ​ប្រទេស​កម្ពុជា​!

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ