ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៊ូ​យ៉ុ​ង​គ្រុប​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា (MOU) ដើម្បី​គាំទ្រ និង​ធ្វើ​សកម្មភាព​មនុស្សធម៌​នៅ​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

លោក Shin Hyun-Suk ទីប្រឹក្សា​ប៊ូ​យ៉ុ​ង​គ្រុប​(Booyoung Group) បាន​បរិច្ចាគ​ថវិកា និង​ចូលរួម​ធ្វើ​កិច្ចការ​មនុស្សធម៌​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ នៅ​ក្នុង​នោះ​ប៊ូ​យ៉ុ​ង​គ្រុប (Booyoung…

លោក Shin Hyun-Suk ទីប្រឹក្សា​ប៊ូ​យ៉ុ​ង​គ្រុប​(Booyoung Group) បាន​បរិច្ចាគ​ថវិកា និង​ចូលរួម​ធ្វើ​កិច្ចការ​មនុស្សធម៌​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ នៅ​ក្នុង​នោះ​ប៊ូ​យ៉ុ​ង​គ្រុប (Booyoung Group) ក៏​បាន​ចូលរួម​លើក​ស្ទួយ​សេដ្ឋកិច្ចជាតិ​របស់​កម្ពុជា​ផង​ដែរ ស្រប​ពេល​ដែល​សេដ្ឋកិច្ច​របស់​កម្ពុជា​មាន​លំនឹង និង​រីក​ចម្រើន​ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

លោក Shin Hyun-Suk បាន​បញ្ជាក់​ថា ដោយ​មើលឃើញ​ពី​ទស្សនវិស័យ និង​សកម្មភាព​មនុស្សធម៌​ដ៏​ល្អ​ប្រពៃ​របស់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ (TYDA) ប៊ូ​យ៉ុ​ង​គ្រុប (Booyoung Group) បាន​ចាប់អារម្មណ៍ និង​មាន​ទឹកចិត្ត​ចូលរួម​សកម្មភាព​មនុស្សធម៌​ជាមួយ TYDA ដើម្បី​ជួយ​សង្គ្រោះ និង​ផ្ដល់​ស្នាមញញឹម​ចំពោះ​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស តាម​រយៈ​ការ​ផ្ដល់​សេវា​ពិនិត្យ និង​ព្យាបាល​ប្រជាពលរដ្ឋ​ដែល​គិតថ្លៃ ។

លោក ហ៊ុន ម៉ា​ណែ​ត ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ (TYDA) បាន​លើក​ឡើង​ថា ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា (MOU) គឺ​បាន​បង្ហាញ​នូវ​ការ​គាំទ្រ និង​ចូលរួម​សកម្មភាព​មនុស្សធម៌​ជាមួយ TYDA ដែល​មាន​បេសកកម្ម​នៅ​ក្នុង​ការ​បន្ត​ផ្ដល់​នូវ​ការ​ពិនិត្យ និង​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥត​គិតថ្លៃ ដោយ​សហការ និង​គាំទ្រ​ដោយ​ក្រសួងសុខាភិបាល អង្គការ​ដៃគូ និង​សប្បុរសជន​ជា​ច្រើន ។

លោក​ប្រធាន​ក្រុមប្រឹក្សាភិបាល​បាន​បញ្ជាក់​ថា ការ​ពិនិត្យ និង​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥត​គិតថ្លៃ​នេះ​មិន​ត្រឹមតែ​ព្យាបាល​ជំងឺ​ជូន​ពួក​គាត់​ប៉ុណ្ណោះ​ទេ គឺ​ផ្ដល់​ទាំង​ស្នាមញញឹម និង​ក្តី​ស​ង្ឃឹ​សម្រាប់​គ្រួសារ​គាត់​ទាំងមូល ។

លោក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ ប៊ូ​យ៉ុ​ង​គ្រុប​(Booyoung Group) ដែល​មាន​ទំនុកចិត្ត​នៅ​ក្នុង​ការ​បណ្ដាក់ទុន​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​បាន​ចូលរួម​ចំណែក​ផ្ដល់​នូវ​អត្ថប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច និង​សង្គម​ជា​ច្រើន​សម្រាប់​ប្រជាជន​កម្ពុជា ។

សូម​បញ្ជាក់​ថា TYDA និង​ប៊ូ​យ៉ុ​ង​គ្រុប​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា (MOU) ដើម្បី​គាំទ្រ និង​ធ្វើ​សកម្មភាព​មនុស្សធម៌​ដោយ​ការ​ពិនិត្យ និង​ព្យាបាល​ប្រជាពលរដ្ឋ​ដោយ​បេះដូង​មនុស្សធម៌ និង​ដោយ​ឥត​គិតថ្លៃ ដែល​ពិធី​នេះ​បាន​រៀបចំ​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​ភ្នំពេញ ថ្ងៃ​ទី​០៣ ខែធ្នូ នេះ ក្រោម​វត្តមាន​លោក ហ៊ុន ម៉ា​ណែ​ត ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ​(TYDA) និង​លោក Shin Hyun-Suk ទីប្រឹក្សា​ប៊ូ​យ៉ុ​ង​គ្រុប​(Booyoung Group)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ