តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា កំពូលតារាឆ្នើមប្រចាំក្រុម FC Barcelona កីឡាករ Lionel Messi បានឈ្នះពានរង្វាន់ Ballon d’Or លើកទី៦ របស់ខ្លួនកាលពីយប់ថ្ងៃចន្ទ ហើយឥឡូវនេះបានធ្វើការបកស្រាយអំពីការផ្តួលគូប្រជែងដ៏យូរអង្វែងរបស់គាត់ Cristiano Ronaldo។

Messi បានឈ្នះពានបាល់មាសទី ៦ របស់ខ្លួន បន្ទាប់ពីឈ្នះពានរង្វាន់នេះ៥ដងរួចទៅហើយ នៅក្នុងឆ្នាំ ២០០៩, ២០១០, ២០១១, ២០១២ និង ២០១៥ ខណៈដែល Ronaldo មិនបានចូលរួមក្នុងពិធីនោះទេ។ កីឡាករវ័យ៣២ឆ្នាំរូបនេះបាននិយាយថា គាត់នឹងរីករាយនៅមុនពេលផ្តោតលើការងារនាពេលអនាគត ។
នៅពេលទទួលបានពានរង្វាន់លោកបានមានប្រសាសន៍ថា៖ «ខ្ញុំនឹងរីករាយជាមួយគ្រួសារនៅពេលនេះ ពីព្រោះពេលវេលាដូចនេះមិនសូវជាមានច្រើនដងប៉ុន្មានទេ។ ចាប់ពីថ្ងៃស្អែកខ្ញុំនឹងត្រូវផ្តោតអារម្មណ៍ម្តងទៀតលើគោលដៅផ្សេងទៀត។ ខ្ញុំកំពុងផ្តោតអារម្មណ៍លើអនាគតហើយ។ ខ្ញុំមានមោទនភាពណាស់ ព្រោះវាផ្តល់ឱ្យខ្ញុំនូវកម្លាំងជាច្រើនដើម្បីបន្តការងាររបស់ខ្ញុំ»។

បន្ទាប់មក Messi ក៏បាននិយាយអំពី Ronaldo ថា៖«នៅពេលដែល Cristiano Ronaldo បានឈ្នះវា គឺដោយសារតែគាត់បានធ្វើបានយ៉ាងល្អរដូវកាល ដោយឈ្នះពានរង្វាន់ក្របខ័ណ្ឌ Champions League។ គាត់សមនឹងទទួលបានវានៅពេលនោះ។ តើខ្ញុំមានអារម្មណ៍អយុត្តិធម៌ទេ? វាអាស្រ័យលើអ្នក ដើម្បីប្រាប់ខ្ញុំថាតើពានរង្វាន់ Ballon d’Or ត្រូវបានផ្តល់ជូនកីឡាករល្អបំផុត ឬ អ្នកដែលលេងបានល្អក្នុងរដូវកាល»។

លោកបានបន្តថា៖«វាក៏អាស្រ័យលើការចូលចិត្តរបស់មនុស្សម្នាក់ៗដែរ។ អ្នកខ្លះចូលចិត្ត Cristiano អ្នកផ្សេងទៀតចូលចិត្តខ្ញុំ ឬ Neymar ឬ (Kylian) Mbappe ។ អ្នកទាំងអស់គ្នាមានសិទ្ធិជ្រើសរើសអ្វី ដែលអ្នកទាំងអស់គ្នាចូលចិត្តជាងគេ»៕
ប្រភព ៖ soccerladuma , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ