រាជធានីភ្នំពេញ ៖ អស់រយៈពេលជាច្រើនឆ្នាំមកហើយ រមណីយដ្ឋានកោះដាច់បានស្ថិតនៅក្រោមការគ្រប់គ្រងរបស់ឈ្មួញឈរចាំលក់សំបុត្រដល់ប្រជាពលរដ្ឋដែលនាំក្រុមគ្រួសារមកសម្រាក និងងូតទឹកទន្លេដ៏ថ្លាឆ្វង់ ក៏ប៉ុន្តែអ្វីដែលសំខាន់នោះ គឺរមណីយដ្ឋាននេះមិនមានការអភិវឌ្ឍន៍ឡើយ ទាំងផ្លូវចូល និងទីតាំងអង្គុយតាមខ្យូសជាប់មាត់ទឹកក្តី ។
រមណីយដ្ឋានកោះដាច់ស្ថិតនៅតាមបណ្តោយដងទន្លេមេគង្គ ស្ថិតនៅក្នុងភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដែលមានទីតាំងមិនឆ្ងាយជាង១៥ គ.ម ពីទិសខាងជើងនៃរាជធានីភ្នំពេញ ។
លោកយាង គន្ធា អ្នករាជធានីភ្នំពេញដែលនាំក្រុមគ្រួសារមកលេងរមណីយដ្ឋានកោះដាច់ បាននិយាយថា ៖ យ៉ាងហោចណាស់ ក្នុងមួយខែគាត់តែងតែនាំក្រុមគ្រួសារគាត់មកងូតទឹកទន្លេ និងហូបបាយនៅតូបមាត់ទន្លេកោះដាច់ ។ ក៏ប៉ុន្តែពីមួយខែទៅមួយខែក៏ដូចជា រដូវបុណ្យទាននៅទីនេះការលក់ ម្ហូបបាយតម្លៃនៅលើមាត់ម្ចាស់តូបអ្នកថា តែម្តង ។ កន្លងមកនេះគាត់បានមកលេងកម្សាន្តនៅកោះដាច់ ហើយកម្មង់ទិញមាន់ស្រែមួយ និងត្រីដុតមួយ ។ ពេលនោះម្ចាស់តូបប្រាប់តម្លៃមាន់ស្រែមួយតម្លៃ១០ម៉ឺនរៀល មាន់បីសាសន៍៦ម៉ឺនរៀល រីឯត្រីដុតមួយ៥ម៉ឺនរៀល គ្រាន់ឮតម្លៃម្ហូបភ្លាម ប្រពន្ធរបស់គាត់យកដៃរឹតទ្រូងតែម្តង ។
លោក គន្ធា ក៏បាននិយាយាទៀតថា ៖ តម្លៃម្ហូបអាហារនៅទីនេះពិតជាថ្លៃមិនអាចទទួលយក បានឡើយ តែបើភ្ញៀវណាយកម្ហូបមកខ្លួនឯង គឺគេគិតថ្លៃតូបមួយ២ម៉ឺន ទៅ៣ម៉ឺនរៀល ។ បើមានបញ្ហាអ្វីកើតឡើង រកមុខម្ចាស់ម៉ៅការកោះដាច់មិនដែលឃើញឡើយ ទុកឲ្យអតិថិជនឈ្លោះប្រកែកគ្នាបែកផ្សែកតាមដំណើរ ។
ជារឿយៗឲ្យតែនៅពេលបុណ្យទានម្តងៗ ម្ចាស់តូបទាំងអស់កាប់ឆៅភ្ញៀវតែម្តង ទើបមានរឿងកើតឡើងមិនដែលខានឡើយ ។ ដោយឡែកយុវជនមួយក្រុមមានប្រហែលជា១០នាក់បានលើកឡើងថា ៖ ម្ហូបអាហារលក់នៅរមណីយដ្ឋានកោះដាច់នេះ មិនជាមានតម្លៃខ្ពស់មែនមិនថា ថ្ងៃធម្មតា ឬថ្ងៃបុណ្យទាននោះទេ ។ ប្អូនៗបានបញ្ជាក់ថា ៖ ពេលមកលេងកោះដាច់ម្តងៗពួកគេទិញសំបុត្រចូលតម្លៃ៣០០០រៀល ហើយនាំគ្នាងូតទឹកទន្លេម៉ាឆ្អែត ហើយក៏នាំគ្នាទៅហូបបាយនៅហាងមាត់ទន្លេព្រែកលាបវិញ ព្រោះទីនោះតម្លៃម្ហូបសមរម្យដែលអាចទទួលយកបាន ។
រមណីយដ្ឋានកោះដាច់នេះ មើលទៅគ្មានការអភិវឌ្ឍន៍អ្វីឲ្យប្លែកនោះឡើយ ក្រោមការគ្រប់គ្រងពីក្រុមហ៊ុនឯជននោះទេ ។ ក្រៅពីមានទឹកទន្លេសម្រាប់ឲ្យប្រជាពលរដ្ឋងូតទឹកលេង គេមិនឃើញមានអ្វីគួរឲ្យកត់សម្គាល់នោះឡើយ ។
លោកតាកឹម លន ស្ថិតក្នុងវ័យប្រហែលជាង៧០ឆ្នាំឈរឃ្វាលគោនៅក្បាលកោះក្បែរ រមណីយដ្ឋានកោះដាច់បានរៀបរាប់ឲ្យដឹងថា ៖ កោះដាច់ គឺជាឈ្មោះកោះមួយដែលត្រូវបានហៅតាំងពីសម័យបុរាណមក ព្រោះសណ្ឋានរបស់កោះនេះនៅដាច់ដោយឡែកពីគេមិនមានផ្លូវដីណាដែលតភ្ជាប់ទៅដីលើកោះនេះទេចំពោះទំហំផ្ទៃដីកោះដាច់ប្រមាណជា១០គីឡូម៉ែត្រ ។ ទីតាំងកោះដាច់ទៅតាមបណ្តោយផ្លូវជាតិលេខ៦A ត្រូវធ្វើដំណើរឆ្លងកាត់តាមទូកដពីកំពង់ចម្លងបាក់ខែងឆ្ពោះទៅកោះដាច់ ។
ជាទូទៅកោះដាច់ត្រូវបានអ្នកទីក្រុងភ្នំពេញ ជាពិសេសយុវជនយុវនារីស្គាល់ថា ជាកន្លែងកម្សាន្ត និងងូតទឹកលេងតាមឆ្នេរខ្សាច់ទន្លេមេគង្គនារដូវប្រាំងនៅចុងសប្តាហ៍ ។ ម្ចាស់គ្រប់គ្រងកោះដាច់ដែលជិតផុតអាណិត្តបានបង្ហើបឲ្យដឹងថា ៖ ក្រសួងអភិវឌ្ឍន៍ជនបទ និងមានគម្រោងយករមណីដ្ឋានកោះដាច់ពីក្រសួងទេសចរណ៍មកគ្រប់គ្រងវិញ និងមានផែនការនៅពេលខាងមុខឲ្យក្រុមហ៊ុនចិនធ្វើការអភិវឌ្ឍន៍វិ ទំនងជានៅឆ្នាំ២០២២ ពេលក្រុមហ៊ុនរបស់គាត់ផុតអាណិត្ត ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ