ខេត្តស្វាយរៀង ៖ មានករណីអគ្គីភ័យឆាបឆេះចំការអំពៅអស់ចំនួន២២ហិកតា ត្រូវបានសមត្ថកិច្ចដាក់ការសង្ស័យថា មានមនុស្សលួចដុត ។

ហេតុការណ៍ខាងលើនេះកើតឡើងកាលពីវេលាម៉ោង៦និង៤៥នាទីយប់ថ្ងៃទី២ ធ្នូ ឆ្នាំ២០១៩ នៅចំណុចចម្ការអំពៅជាកម្មសិទ្ធិរបស់ក្រុមហ៊ុនសុផាតសំណាង ស្ថិតក្នុងភូមិសង្គម ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា អគ្គិភ័យបានឆាបឆេះចំការអំពៅខាងលើមានរយៈពេលជាង២ម៉ោង គឺឆេះចាប់ពីម៉ោង៦និង៤៥នាទីយប់រហូតដល់វេលាម៉ោង៨និង៥៩នាទីយប់ថ្ងៃដដែលទើបពន្លត់បានរលត់។

បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចគឺមូលហេតុមានជនមិនស្គាល់មុខលួចដុត បន្ទាប់ពីសមត្ថកិច្ចចុះទៅពិនិត្យកន្លែងកើតហេតុ រួមមានកម្លាំងនគបាលប៉ុស្តិ៍រដ្ឋបាលឃុំគគីរសោមសហការជាមួយនគបាលវរៈការពារព្រំដែនប៉ុស្តិ៍ព្រៃតាអីចុះស្រាវជ្រាវដើម្បីចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងទៀតថា អំពៅដែលត្រូវភ្លើងឆេះអស់ទាំង២២ហិកតាខាងលើនេះ គឺនឹងត្រូវកាប់ប្រមូលផលនៅថ្ងៃទី៥ ធ្នូ ឆ្នាំ២០១៩ខាងមុខនេះ ដោយក្រុមហ៊ុនបានយករថយន្តធុនធំមកដាក់នៅក្បែចំការអំពៅសម្រាប់ត្រៀមដឹកអំពៅចេញទៅប្រទេសវៀតណាម ។

ទាក់ទិននឹងករណីអគ្គិភ័យឆាបឆេះចំការអំពៅខាងលើនេះដែរ មន្ត្រីនគបាលរវៈការពារព្រំដែនម្នាក់សុំមិនបញ្ចេញឈ្មោះបានបង្ហើបឲ្យដឹងថា ករណីភ្លើងឆេះចំការអំពៅ២២ហិកតានេះគឺសង្ស័យជាល្បិចណាមួយរបស់ក្រុមហ៊ុនវៀតណាម គឺរាល់ឆ្នាំនៅពេលអំពៅដល់ពេលប្រមូលផល ហើយក្រុមហ៊ុនកំណត់ថ្ងៃប្រមូលផលគឺតែងតែមានករណីមនុស្សលួចដុតអំពៅ ហើយការដុតនេះទៀតសោធគឺដុតចំតែឡូតិ៍ដែលបម្រុងកាប់ប្រមូលផល។
សមត្ថកិច្ចដដែលសង្ស័យថាជាល្បិចដើម្បីងាយស្រួលក្នុងការសុំច្បាប់អនុញ្ញាតពីអាជ្ញាធរខេត្តនាំអំពៅចេញទៅប្រទេសវៀតណាម ដោយអំពៅដែលឆេះទុកបានតែ៧ថ្ងៃវានឹងធ្លាក់កម្រិតស្ករបាត់ទិន្នផលស្ករ ។ ដូច្នេះអាជ្ញាធរត្រូវតែចេញច្បាប់អនុញ្ញាតជាបន្ទាន់ដើម្បីកុំឲ្យខូចអំពៅ ហើយនេះគ្រាន់តែការសន្និដ្ឋានក្រៅផ្លូវការទេ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ