ខេត្តបន្ទាយមានជ័យ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា យុវជនប្រុស-ស្រីដែលកំពុងស្តារនិតិសម្បទាបន្សាបថ្នាំញៀននៅក្នុងមជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់ ប្រមាណជាង១៥០នាក់មានអការៈក្អួតចង្អោរ ក្នុងនោះក៏មានអ្នកបាត់ជីវិតផងដែរ ដោយសង្ស័យថា ពុលផ្លែត្រសក់ខ្ចី បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង២រសៀល ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ។
តាមប្រភពបឋមពីមណ្ឌលជីវិតថ្មីភ្នំបាក់ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ថ្ងៃទី៣០ វិច្ឆិកា មានម៉ូយបន្លែដែលតែងទិញបន្លែយកមកស្លហូប ហើយគាត់បានឲ្យផ្លែត្រសក់បន្ថែមប្រមាណជា៣-៤ថង់ គឺព្រីឲ្យ ក្រៅពីទិញបន្លែផ្សេង ។ ហើយត្រសក់នោះបានទុកដាក់ខាងក្រៅ ពេលនោះមានក្រុមយុជនកំពុងស្តារនិតិសម្បទាបន្សាបគ្រឿងញៀន បាននាំគ្នាយកមកហូបជ្រលក់ជាមួយអំបិលបុកម្ចេស ខ្លះបានលាងទឹកសំអាត និងខ្លះក៏អត់បានលាងនោះទេ ។
ប្រភពដដែលបន្តថា ក្រោយពីហូបរួច នៅយប់នោះស្រាប់តែមានអ្នករាគ ក្អួតចង្អោរ ហើយចាប់ផ្តើមខ្លាំងទៅៗនៅរសៀលម៉ោង២ ថ្ងៃ០១ ខែធ្នូនេះ ហើយក៏មានរថយន្តរបស់មណ្ឌល ក្នុងនោះលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត បានបញ្ជាឲ្យកម្លាំងនគរបាលនាំយករថយន្តរបស់ស្នងការដ្ឋាន មកជួយដឹកនាំជញ្ជូនវជនប្រុស-ស្រីដែលកំពុងស្តារនិតិសម្បទាបន្សាបថ្នាំញៀនយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី ចំនួន៧៣នាក់ ក្នុងនោះស្រី១៣នាក់ និងប្រុសម្នាក់បានបាត់ជីវិតផងដែរ។
លុះដល់ម៉ោងប្រមាណជា៤រសៀល ក៏មានយុវជនប្រមាណជាង៩០នាក់ផ្សេងទៀតបានក្អួតចង្អោរបន្តបន្ទាប់ ក៏ត្រូវបានដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ ខណៈពេលនេះគឺកំពុងមានអ្នកសម្រាកនៅមន្ទីរពេទ្យចំនួន៨១នាក់ ដោយមានអ្នកចេញត្រឡប់ទៅវិញខ្លះហើយ ។
តាមប្រភពព័ត៌មានដដែលបន្តទៀតថា ពេលនេះក្រុមគ្រូពេទ្យបង្អែកក្រុងសិរីសោភ័ណ បានចុះទៅពិនិត្យ និងព្យាបាលជំងឺផ្ទាល់នៅក្នុងមជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់តែម្តង ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងស្ថានភាព។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ