ម្ចាស់ឡាន​ចូលខ្លួន​មក​​ទទួល​​ខុស​ត្រូវ​!


ខេត្ត​កណ្តាល ​៖ ទីបំផុត ​ម្ចាស់​រថយន្ត​ដែល​​ធ្វើឱ្យមន្ដ្រី​នគរបាល​ចរាចរណ៍​ម្នាក់ ត្រូវរងរបួសធ្ងន់​​ធ្ងរន​នោះ គឺបាន​ចូលខ្លួន​មក​ទទួល​កំហុសហើយ នៅវេលាម៉ោង០៩​និង​៣០​នាទីព្រឹក​ថ្ងៃទី​២៩ វិច្ឆិកា នេះ ក្រោយពី​បង្កគ្រោះថ្នាក់ចរាចរណ៍រត់ចោលរថយន្ត ​​​ខណៈជនរងគ្រោះ​កំពុង​ឈរ​ការពារ​ក្បូន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់នៅ​ក្រុង​តា​ខ្មៅ ខេត្ត​កណ្ដាល ​។

សេចក្តីរាយការណ៍ឱ្យដឹងថា ម្ចាស់រថយន្តនិងជាអ្នកជន​បង្កគ្រោះថ្នាក់មាន​ឈ្មោះ សំ​ណា​ន សំណាង អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ស្រុក​ស្អាង ខេត្ត​កណ្តាល​ ។ ដោយឡែក ជន​រង​គ្រោះ​ឈ្មោះ ទូច សៅ​ហេង មាន​ឋានន្ដរ​​ស័ក្ដិថ្នាក់​អនុសេ​នីយឯក ​។ ​

​សូមបញ្ជាក់ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ​កាលពី​ល្ងាច​ថ្ងៃ​ទី​២៨ វិច្ឆិកា​ ក្នុង​ពេល​ដែល​កំពុង​មើលថែ​ទាំ​ម្តាយក្មេកនៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត សម្តេច​បាន​ឆ្លៀត​ចូល​ទៅសួរសុខទុក្ខ មន្ត្រី​នគរ​បាល​ចរាចរ​ណ៍ម្នាក់ (ជនរងគ្រោះខាងលើ) ​ដែល​​រង​របួសធ្ងន់ ​រហូត​ធ្វើការ​វះកាត់ ក្នុង​ពេល​កំពុង​បំពេញ ភារកិច្ច​បញ្ជារ​ចរាចរណ៍​ជូន​ថ្នាក់ដឹកនាំ​។ ក្នុង​ឱកាស​នោះ​ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​ឧបត្ថម្ភ​ថវិកា​មួយ​ចំនួន សម្រាប់​ការ​ព្យាបាល​ផង​ដែរ​ ។

លោក​ឧត្តម​សេនី​យ៍​ទោ អ៊​ាវ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាលបាន​ចាត់​ទុក​ថា នេះ​ជា​កាយវិកា​រមិន​អាច​បំភ្លេច​បាន​ឡើយ ចំពោះ​ការ​យកចិត្តទុកដាក់​ពី​សំណាក់​មេដឹកនាំ​របស់​យើង ចំពោះ​កង​កម្លាំងប្រដាប់​អាវុធ ដែល​ជួប​បញ្ហា​ផ្សេង​ៗ និង​ផល​លំបាក​ចំពោះ​មុខ ​។

​ប្រភពបន្តថា ក្នុងហេតុការណ៍​គ្រោះថ្នាក់ខាងលើ គឺនៅមុន​ពេល​កើតហេតុ ​គេ​ឃើញមន្ដ្រី​នគរបាល​រង​គ្រោះ​ខាងលើ កើតឡើង​កាលពីវេលា​ម៉ោង​៨​យប់ថ្ងៃ​ទី​២៧ ​វិច្ឆិកា ​ នៅ​ចំណុច​គោលដៅ P213 ស្ដុ​ប​ព្រែក​ហូរ ស្ថិត​ក្នុង​ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ខណៈកំពុង​ឈរ​នៅ​តាម​ដងផ្លូវ ​ដើម្បី​បញ្ជា​ចរាចរ​សម្រួល​ដល់​ក្បូន​ថ្នាក់ដឹកនាំដែល​ត្រូវ​ឆ្លងកាត់ ។ ប៉ុន្ដែ​ពេល​​នោះ​ក៏មានរថយន្ត Tacoma ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​2S-3669 មិន​ស្តាប់​ការ​បញ្ជា​របស់​នគរបាល​ចរាចរណ៍​ដែល​ឲ្យ​អែប​ខាង ប៉ុន្តែ​ម្ចាស់​រថយន្ត​មិន​ព្រម​ស្ដាប់ ហើយ​បើក​បំ​បុក​ពេញទំហឹង​បណ្តាល​ឲ្យ​ប៉ើង​ខ្ទាត​ចម្ងាយ​៥​ម៉ែត្រ ។

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ