ខេត្តកំពត ៖ តាមការស្រាវជ្រាវដោយផ្ទាល់ពីកោះសន្តិភាព រោងភាពយន្តនៅក្នុងក្រុងកំពត ដែលកើតមានយ៉ាងរស់រវើក កាលពីសម័យសង្គមរាស្ត្រនិយម ពេលនេះរលំរលាយបាត់ឈ្មោះបោះសំឡេងអស់ទៅហើយ ។ តាមការកត់សម្គាល់សម័យមុនមានរោងភាពយន្តចំនួន៤ រោងទាំង៤នេះមានឈ្មោះផ្សេងៗគ្នា ។

រោងទី១ មានឈ្មោះរោងភាពយន្ត«រ៉ូយ៉ាល់» ក្រោយថ្ងៃ៧ មករា បានប្ដូរឈ្មោះជារោងភាពយន្តជ័យជំនះ ក្រោមការគ្រប់គ្រងរបស់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត ។ រោងភាពយន្តនេះស្ថិតក្នុងភូមិ១ ឧសភា សង្កាត់កំពង់កណ្ដាល ក្រុងកំពត ។ រោងភាពយន្តទី២ មានឈ្មោះរោងភាពយន្ត «មានគង» ក្រោយថ្ងៃ៧ មករាបានប្ដូរឈ្មោះជារោងភាពយន្ត «៧មករា»វិញ ។ រោងទី៣ រោងភាពយន្តសន្តិភាព មិនបានប្ដូរឈ្មោះទេ ។រោងទាំងបីនេះ ស្ថិតក្នុងភូមិសង្កាត់ជាមួយគ្នាហើយនៅក្រោមការគ្រប់គ្រងរបស់មន្ទីរវប្បធម៌និងវិចិត្រសីល្បៈខេត្តដូចគ្នា ។
រោងភាពយន្ត ទី៤មានឈ្មោះ«សែនមនោរម្យ»ក្រោយថ្ងៃ៧មករា ប្ដូរឈ្មោះរោងភាពយន្ត«២ធ្នូ» ស្ថិតក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ក្រោមការគ្រប់គ្រងរបស់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តដូចគ្នា ។ រោងភាពយន្តទាំងបួននេះបច្ចុប្បន្នក្លាយជារបស់កម្មសិទ្ធិឯកជនទាំងអស់ឡើងម៉ដ្ឋដូចអាចម៍ទីទុយ ។ រោងភាពយន្តខ្លះម្ចាស់កម្មសិទ្ធិបច្ចុប្បន្ន វាយកម្ទេចរូបភាពដើមចោលកសាងថ្មី ជាសណ្ឋាគារខ្ពស់ៗ ដូចជារោងភាពយន្តសែនមនោរម្យឬរោងភាពយន្ត«២ធ្នូ»ជាដើម ។

រីឯរោងភាពយន្តសន្តិភាពក៏ដូចគ្នាដែរ ប៉ុន្តែគេកែខ្លះនិងនៅរូបភាពដើមខ្លះ រោងភាពយន្តមានគងឬរោងភាពយន្ត៧មករា ក៏ម្ចាស់កម្មសិទ្ធិគ្រប់គ្រងថ្មីកែច្នៃពីខាងក្នុងទាំងអស់ គេទុកតែរូបភាពខាងមុខទេ គឺខាងមុខរោងភាពយន្តនៅដូចពីដើមដដែល ព្រោះនេះជាសិទ្ធិរបស់ឯកជនទោះចង់វ៉ៃចោលសង់ថ្មីក៏គ្មានបញ្ហាអ្វីត្រូវទប់ស្កាត់ដែរ ។
ប្រភពនៃការស្រាវជ្រាវបានឲ្យដឹងថា រោងភាពយន្តទាំង៤ ពេញនិយមខ្លាំងនៅឆ្នាំ១៩៦៧ រហូតដល់ឆ្នាំ១៩៧៣ ដោយរោងភាពយន្តទាំង៤នេះម្ចាស់ក្រុមហ៊ុនរោងនិមួយៗ យករឿងមកបញ្ចាំងជូនទស្សនិកជនមិនឲ្យជាន់គ្នាទេ គឺចែកសាច់រឿងដោយឡែកពីគ្នា ដោយគោរពសិទ្ឋិបញ្ញាមិនឲ្យប៉ះពាល់លើការធ្វើអាជីវកម្មបញ្ចាំងភាពយន្តនោះឡើយ គឺចេះចែករំលែកសេវាកម្មដោយរលូន ។
តាមការកត់សម្គាល់ពីអតីតកាលរោងភាពយន្តទី១ «រ៉ូយ៉ាល់» បញ្ចាំងតែសាច់រឿងភាពយន្តឥណ្ឌា និយាយភាសារខ្មែរ ហើយអ្នកចូលទស្សនាភាគច្រើន បងប្អូនចាមឬខ្មែរអ៊ិស្លាមចូលមើលច្រើនជាងបងប្អូនខ្មែរ ។
រោងភាពយន្តទី២ឈ្មោះរោងភាពយន្ត «មានគង» រោងនេះបញ្ចាំងរឿងចិនហុងកុងដូចជារឿងកាប់ដាវ ប្រដាល់ក្បាច់គុនចិនហុងកុងឬរឿងព្រេងចិនហុងកុង ។ រោងភាពយន្តទី៣ឈ្មោះសន្តិភាព រោងនេះបញ្ចាំងតែរឿងខ្មែរ ទាំងបុរាណ ទាំងសម័យ ។ រីឯរោងភាពយន្តទី៤ គឺរោងភាពយន្ត«សែនមនោរម្យ»រោងនេះបញ្ចាំងតែខ្សែភាពយន្ត បរទេសដូចជា ខ្សែភាពយន្តអាមេរិក ខ្សែភាពយន្តបារាំងជាដើម ។

ប្រភពបានឲ្យដឹងពីការធ្វើអាជីវកម្មរបស់ម្ចាស់រោងភាពយន្តនិងការពេញនិយមនៃការចូលទស្សនារបស់ទស្សនិកជននាសម័យនោះ គ្រប់រោងភាពយន្តទាំងអស់បញ្ចាំងមួយថ្ងៃ៣លើក គឺពេលព្រឹកចាប់ពី៩ដល់ម៉ោង១១ ។ ពេលរសៀលចាប់ពីម៉ោង២និង៣០នាទីដល់ម៉ោង៤និង៣០នាទី ។ ពេលយប់ចាប់ពីម៉ោង៧ ដល់ម៉ោង៩យប់ ។ ការចូលទស្សនាតាមរោងភាពយន្តនីមួយៗ មនុស្សមិនក្រោមពី៥០នាក់ឡើងទៅនោះទេ។
បើតាមអ្នកវិភាគនិងតាមដានការវិវឌ្ឍរីកចម្រើនផ្នែកសេដ្ឋកិច្ច និងវប្បធម៌ ប្រជាពលរដ្ឋភាគច្រើនអ្នកប្រកបមុខរបរកសិកម្ម ធ្វើស្រែចម្ការ ហើយជីវភាពនៃការរស់នៅរបស់ប្រជាជននាសម័យនោះហាក់ដូច
ជាមិនមានបញ្ហាចោទឡើងផ្នែកខាងសេដ្ឋកិច្ចគ្រួសារប៉ុន្មាននោះទេ ។
រីឯផ្នែកវប្បធម៌និងបច្ចេកវិទ្យានាសម័យនោះ ពុំសូវមានការរីកចម្រើនដូចបច្ចុប្បន្ននេះទេ គឺគ្មានវីដេអូមើលទេ(ហើយមិនទាន់ស្គាល់វីដេអូទៀតផង) ។ នៅតាមជនបទប្រជាជន១០គ្រួសារ មិនមានទូរទស្សន៍ស-ខ្មៅមួយគ្រួសារផង ប៉ុន្តែអាចមានវិទ្យុ ក្នុងចំណោម១៥ទៅ២០គ្រួសារ មានវិទ្យុឯកជនមួយគ្រឿងតែប៉ុណ្ណោះ ។ ដូច្នេះ ការកម្សាន្តផ្នែកអារម្មណ៍ គឺតែងតែនាំគ្នាក្នុងក្រុមគ្រួសារឬមិត្តភក្តិទៅមើលកុន(ភាពយន្ត)នៅឯផ្សារកំពត តាមពេលវេលាដែលពួកគេសម្រាកពីការងារ ខ្លះពេលថ្ងៃ ខ្លះពេលយប់ ។

លុះដល់សម័យបច្ចុប្បន្ន ដោយបច្ចេកវិទ្យាកាន់តែរីកចម្រើនខ្លាំងឡើង ដូចពេលនេះ ជីវភាពប្រជាជនក៏មានការរីកចម្រើនជាលំដាប់ ពីមួយថ្ងៃទៅមួយថ្ងៃផងនោះ ភាពយន្តដែលពេញនិយមនាពេលកន្លងមកក៏គេឈប់ចង់មើលទៅហើយ ។ បើចង់មើលរឿងអ្វី ឬព័ត៌មានអ្វីមួយ គឺមើលតាមទូរទស្សន៍ផ្កាយរណប ឬចុចកម្មវិធីតាមទូរស័ព្ទដៃរបស់គេអាចមើលឃើញផុតជើងមេឃ ។
ដូច្នេះហើយទើបការធ្វើអាជីវកម្មបញ្ចាំងភាពយន្តនៅតាមរោង គេឈប់ធ្វើអាជីវកម្មបញ្ចាំងដោយសារគ្មានមនុស្សចូលទស្សនាដូចកាលពីសម័យមុននោះទៀតឡើយ ។ ប៉ុន្តែទោះបីសិល្បៈភាពយន្ត ឈប់ធ្វើអាជីវកម្មបញ្ចាំងនៅក្នុងរោងបែបនេះក្តីនាពេលបច្ចុប្បន្ននេះក៏នៅមានឃើញពេលបុណ្យនៅតាមវត្តខ្លះនៅមានបញ្ចាំងខ្សែភាពយន្តជូនប្រជាពលរដ្ឋទស្សនាជាហូរហែផងដែរ ៕
ចែករំលែកព័តមាននេះ