ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរ​ជិត​២០​ម៉ឺន​នាក់​មក​សម្រាកលំហែ​នៅ​​​ខេត្តកំពត​ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក​​​៣​ថ្ងៃ

1 នាទី មុន
  • កំពត

ខេត្តកំពត ៖ យោង​តាម​ព័ត៌មាន​ពី​មន្ត្រី​ជំនាញ​បាន​បញ្ជាក់​ថា ក្នុង​រយៈពេល​ឈប់​សម្រាក​៣​ថ្ងៃ​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ខេត្តកំពត​បាន​ទទួល​ទេស​ចរណ៍​ជិត​២០​ម៉ឺន​នាក់ ។ មន្ត្រី​ជំនាញ​ថា…

ខេត្តកំពត ៖ យោង​តាម​ព័ត៌មាន​ពី​មន្ត្រី​ជំនាញ​បាន​បញ្ជាក់​ថា ក្នុង​រយៈពេល​ឈប់​សម្រាក​៣​ថ្ងៃ​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ខេត្តកំពត​បាន​ទទួល​ទេស​ចរណ៍​ជិត​២០​ម៉ឺន​នាក់ ។ មន្ត្រី​ជំនាញ​ថា នេះ​ជា​ជោគជ័យ​មួយ​សម្រាប់​ខេត្តកំពត ហើយ​ចំពោះ​ដំណើរ​កម្សាន្ត​របស់​ពលរដ្ឋ​ដ៏​ច្រើន​បែប​នេះ ក៏​បាន​បង្ហាញ​អំពី​ភាព​ជឿជាក់​លើ​រាជរដ្ឋាភិបាល ក្រោយ​ពេល​មាន​កិច្ចព្រមព្រៀង​សន្តិភាព​កម្ពុជា​-​ថៃ ។ ក្រុម​អ្នកផ្តល់​សេវា​ទេសចរណ៍​បាន​ថ្លែងអំណរគុណ​ដល់​ឯកឧត្តម​អភិបាលខេត្ត ដែល​បាន​ធ្វើ​ឱ្យ​ខេត្តកំពត​មាន​ភ្ញៀវ​មក​លេង​កំសាន្ត​ច្រើន​នា​បុណ្យប្រពៃណី​ជាតិ​រយៈពេល​បី​ថ្ងៃនេះ​។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត លោក​សយ ស៊ី​ណុ​ល បាន​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា ថ្ងៃ​ឈប់​សម្រាក​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក រយៈពេល ៣​ថ្ងៃ​កន្លង​មកនេះ បាន​នាំ​មក​នូវ​ភាព​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​ចំពោះ​ពលរដ្ឋ​កម្ពុជា ។ ហើយ​ជា​ពិសេស ក្នុង​នោះ ខេត្តកំពត​ទទួល​បាន​ភ្ញៀវ​មក​សម្រាកលម្ហែ​សរុប​ចំនួន​១៩៥.៦៩១​នាក់ បាន​កើនឡើង​៥០.៩៧% បើ​ធៀប​នឹង​ឆ្នាំ​២០២៤ ក្នុង​នោះ​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន ១.៤៨៧​នាក់ ។ លោក​ថា វត្តមាន​ភ្ញៀវ​ដ៏​ច្រើន​បែប​នេះ ក៏​បាន​បង្ហាញ​អំពី​ភាព​ជឿជាក់ និង​សប្បាយ​រីករាយ​របស់​ពលរដ្ឋ ក្រោយ​ពេល​រាជ​រដ្ឋ​ភិ​បាល​បាន​ដោះស្រាយ​បញ្ហា​ព្រំដែន​ឱ្យ​មាន​ភាពល្អ​ប្រសើរ ក្រោម​កិច្ចព្រមព្រៀង​សន្តិភាព​កម្ពុជា​-​ថៃ ។

លោក​ប្រធាន​មន្ទីរ​បាន​បន្ត​ថា សម្រាប់​រយៈពេល​៣​ថ្ងៃនេះ​ដែរ សេវា​ស្នាក់​នៅ​ពុំ​មាន​សល់​បន្ទប់​នោះ​ទេ ហើយ​ការ​ផ្តល់​សេវាកម្ម​នានា​ក៏​ពុំ​មានការ​តម្លើង​ថ្លៃ​គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ​។ ទន្ទឹម​នឹង​នោះ ចំពោះ​ស្ថានភាព​ទូទៅ​នៅ​តាម​បណ្តា​រមណីយដ្ឋាន សហគមន៍ គោលដៅ​ទេសចរណ៍​នានា​ក្នុង​ខេត្ត ពុំ​មាន​បាតុភាព​អ្វី​កើតឡើង​គួរ​ឱ្យ​កត់សម្គាល់​នោះ​ទេ ។ រីឯ​បញ្ហា​កកស្ទះ ក៏​មិន​មានការ​កកស្ទះ​យូរ​ដែរ ដោយសារ​តែ​មានការ​សម្រួល​ចរាចរណ៍​នៅ​តាម​គោលដៅ​សំខាន់​ៗ​ក្នុង​ក្រុង ពី​សំណាក់​កងកម្លាំង​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត ដែល​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធិ ស្នងការ​នគរបាល​ខេត្តកំពត ក្នុង​រយៈពេល​៣​ថ្ងៃ​ពេញ ។

ចំណែក​អ្នក​ផ្តល់​សេវា​ទេសចរណ៍​បានឱ្យ​ដឹង​ថា ក្នុង​រយៈពេល​៣​ថ្ងៃនេះ កន្លែង​ពួក​គាត់​ពេញ​អស់ និង​សូម​អធ្យាស្រ័យ​ចំពោះ​ភ្ញៀវ​ដែល​មិន​បាន​ទទួល​សេវា​របស់​ពួក​គាត់ ឬ​មានការ​ខ្វះចន្លោះ​ត្រង់​ណាមួយ ដោយសារ​ចំនួន​ភ្ញៀវ​សម្រុក​មក​ច្រើន​ពេក ។ ទន្ទឹម​នឹង​នោះ​ពួក​គាត់​ក៏​បាន​ថ្លែ​អំណរ​គុណ​ដល់​ឯកឧត្តម អភិបាល​ខេត្តកំពត ដែល​បាន​ខិតខំ​រៀបចំ​ខេត្ត បាន​ល្អ​គ្រប់​ជ្រុងជ្រោយ ទាំង​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ពិសេស​ការ​រៀបចំ​តុបតែង​លម្អ និង​ការ​បង្កើត​សមិទ្ធផល​ថ្មី​ប្លែក​ៗ​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ដែល​មក​លេង​កំសាន្ត​ផង​ដែរ​។

ទោះជា​យ៉ាងណា​ក៏​ដោយ ទាំង​ភ្ញៀវ​ទេសចរ និង​អ្នក​ផ្តល់​សេវាកម្ម​ផ្នែក​ទេសចរណ៍​សុទ្ធតែ​រំពឹង​ថា​: ខេត្តកំពត​ក្រោម​ការ​ដឹកនាំ​ង​របស់​ឯកឧត្តម ម៉ៅ ធនិន នឹង​មាន​សមិទ្ធផល​ទេសចរណ៍​ថ្មី​ល្អ​ឯក លេច​ចេញ​ជា​រូបរាង​ជា​បន្តបន្ទាប់​ទៀត ដែល​នៅ​ពេល​ខាង​មុខ​ដ៏​ខ្លី​នេះ ស្ពាន​វាង​ក្រុង​ដែល​បំពាក់​ដោយ​កង្ហារ​ដ៏​ធំ និង​មាន​វ៉េ​រ៉​ង​ដា​សម្រាប់​គយគន់​ទេសភាព​សមុទ្រ និង​ជើងភ្នំ​បូកគោ​នឹង​ចាប់ផ្តើម​បុក​គ្រឹះ​សាងសង់ ហើយ​រយៈពេល​សាងសង់​គឺ​ត្រឹមតែ ១២​ខែ​ប៉ុណ្ណោះ​នឹង​រួចរាល់​ជា​ស្ថាពរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ