ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​មនុស្ស​៦​នាក់​បាត់បង់​ជីវិត​ជា​បន្តបន្ទាប់​អ្នកស្រុក​និមន្ត​ព្រះសង្ឃ​ប្រោះព្រំ​ដេញ​ឧបទ្រពចង្រៃ​ភ្លាម

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ លោក ទេព មុនី អភិបាលរង​ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា…

ខេត្ត​ព្រះ​សីហ​នុ ៖ លោក ទេព មុនី អភិបាលរង​ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ កន្លង​មកនេះ​បន្ទាប់​ពី​មាន​ឧប្បត្តិហេតុ​មាន​មនុស្ស​ចំនួន​០៦​នាក់​បាន​បាត់បង់​ជីវិត​ជា​បន្តបន្ទាប់​នៅ​ចុងខែ​វិច្ឆិកា ឆ្នាំ​២០១៩ ប្រជាពលរដ្ឋ​ក៏​បាន​សំណូមពរ​អាជ្ញាធរ​ស្រុក​ស្ទឹង​ហាវ​ឱ្យ​រៀបចំ​កម្មវិធី​តាម​បែប​អ​បី​យ៍​ជំនឿ និមន្ត​ព្រះសង្ឃ​ចំនួន​០៧​អង្គ​សូត្រ​មន្ត​នៅ​សាលាស្រុក​ស្ទឹង​ហាវ បន្ទាប់​មក​និមន្ត​ព្រះសង្ឃ​តាម​រថយន្ត​ប្រោះព្រំ​ទឹកមន្ត​តាម​ផ្លូវ តាម​ទីប្រជុំ​ផ្សារ និង​ឃុំ​ទាំង​០៣​នៅ​ក្នុងស្រុក​ស្ទឹង​ហាវ​ដើម្បី​ដេញ​ឧបទ្រពចង្រៃ​ចេញពី​ភូមិ ឃុំ ស្រុក កុំ​ឲ្យ​មាន​ហេតុ​ការ​បាត់បង់​ជីវិត​មនុស្ស​បន្ត​ទៀត ។

លោក​អភិបាលរង​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា កម្មវិធី​សូត្រ​មន្ត​ខាងលើ​រដ្ឋបាល​ស្រុក​ស្ទឹង​ហាវ​បាន​រៀបចំ​ឡើង​តាម​ការ​ស្នើរ​សុំ​តាម​ពេលវេលា​ខាងលើ និង​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ ។

ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្ទឹង​ហាវ​ខេត្ត​ព្រះ​សីហ​នុ​ជា​ច្រើន​នាក់​បានឱ្យ​ដឹង​ដូច​ៗ​គ្នា​ថា មុន​មាន​ហេតុ​ការ​មាន​មនុស្ស​បាត់បង់​ជីវិត​អស់​ចំនួន​០៦​នាក់​ដែល​កើតឡើង​ក្នុង​ហេតុ​ការ​ផ្សេង​ៗ​ពី​គ្នា មាន​ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្ទឹង​ហាវ​បាន​យល់សប្តិ​ឃើញ​មាន​គេ​បើករថយន្ត​តូ​រី​ស​មួយ​គ្រឿង និង​មាន​រថយន្ត​ធុន​តូច​មួយ​គ្រឿង​ទៀត​មាន​មនុស្ស​ម្នាក់​ឈរ​នៅ​លើ​រថយន្ត​មាន​ភិនភាគ​ជា​លោក​ម្ចាស់​ប៉ាវ​នៅ​ក្នុង​រឿង​ភាគ​ចិន​មក​ស្រែក​រក​មនុស្ស​ប្រុស​ដឹក​យក​ទៅ តែ​មិន​បញ្ជាក់​ថា​យក​ទៅ​ធ្វើការ​អ្វី​នោះ​ទេ ។ បន្ទាប់​មក​ក៏​មាន​ហេតុ​ការ​មនុស្ស​បាត់បង់​ជីវិត​ជា​បន្តបន្ទាប់​នៅ​ចុងខែ​វិច្ឆិកា​តែ​ម្តង ។

ប្រភព​ខាងលើ​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា ប្រជាពលរដ្ឋ​នៅ​ក្នុងស្រុក​ខាងលើ​មានការ​ភ័យ​ខ្លាច​គ្រប់​ៗ​គ្នា​ហើយ​បាន​នាំ​គ្នា​ធ្វើ​រូប​ទីងមោង​ដាក់​តាម​មុខ​ផ្ទះ​រៀ​ៗ​ខ្លួន​តាម​បែប​អ​បី​យ៍​ជំនឿ​ដើម្បី​បញ្ចៀស​គ្រោះ​ចង្រៃ និង​បណ្តេញ​ខ្មោច​ព្រាយ​បី​សាច ។

ប្រភព​ខាងលើ​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា នេះ​ជា​ករណី​លើក​ទី​០២​ហើយ​បន្ទាប​ពី​ហេតុ​ការ​ខាងលើ​បាន​កើតឡើង​នៅ​អំឡុង​ឆ្នាំ​១៩៨០-១៩៨១​កន្លង​មក​ដែល​មាន​មនុស្ស​បាត់បង់​ជីវិត​អស់​ជា​ច្រើន​នាក់​ក្រោយ​ពី​មាន​សត្វ​ឈ្លូស​មួយ​ក្បាល​រត់​ចូល​មក​ក្នុងភូមិ​នៅ​ក្នុងស្រុក​ស្ទឹង​ហាវ​បន្ទាប់​មក​ប្រជាពលរដ្ឋ​ក៏​បាន​និមន្ត​ព្រះសង្ឃ​សូត្រ​មន្ត​ប្រោះព្រំ​រំដោះគ្រោះ​ទើប​ស្ងប់ស្ងាត់​ទៅ​វិញ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ