កម្ពុជាត្រៀមស្វាគមន៍គម្រោងវិនិយោគថ្មីៗ ដែលមានទុន ១១០លានដុល្លារ បង្កើតការងារ ៤.៥០០កន្លែង
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ឱកាសការងារថ្មីៗប្រមាណ ៤.៥០០កន្លែង ត្រៀមលេចរូបរាងឡើងនៅក្នុងខេត្តចំនួន ៧ នៃប្រទេសកម្ពុជា បន្ទាប់ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបើកកិច្ចប្រជុំពិនិត្យលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគធំៗចំនួន ៧ ដែលមានទុនសរុបរហូតដល់ប្រមាណ ១១០លានដុល្លារអាមេរិក ។

គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង ក្រោមវត្តមាន ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលខេត្តពាក់ព័ន្ធ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៦ នេះ ។

គណៈកម្មាធិការវិនិយោគកម្ពុជា បានឱ្យដឹងថា គម្រោងវិនិយោគទាំងនេះមានទុនវិនិយោគសរុបប្រមាណ ១១០លានដុល្លារអាមេរិក ដែលអាចបង្កើតការងារបានប្រមាណ ៤.៥០០កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន ៦គម្រោង រួមមាន ៖ អាជីវកម្មរ៉ែមាស និងសាងសង់រោងចក្រកែច្នៃ, រោងចក្រផលិតផលិតផលធ្វើពីប្លាស្ទិក (កាបូបក្លាសេ, ធុងក្លាសេ, ធុងទឹក, ធុងដាក់សម្ភារ, ប្រដាប់ប្រដារក្មេងលេង និងសម្ភារបន្ទាប់បន្សំ), រោងចក្រផ្គុំដំឡើងម៉ូតូ និងម៉ូតូកង់បី, រោងចក្រផលិតម្សៅម្នាងសិលា និងបន្ទះម្នាងសិលា, រោងចក្រផលិតក្តារបន្ទះ និងគ្រឿងសង្ហារិមគ្រប់ប្រភេទ និងរោងចក្រផលិតឱសថ និងវិស័យកសិកម្ម-កសិឧស្សាហកម្មចំនួន ១គម្រោង ៖ កសិដ្ឋានចិញ្ចឹមត្រី គ្រំ និងសាងសង់រោងចក្រកែច្នៃគុជខ្យង-ត្រី ។
សូមបញ្ជាក់ថា គម្រោងវិនិយោគទាំង ៧ ដូចបានរៀបរាប់ខាងលើនេះបានបោះទីតាំងនៅខេត្តកំពង់ធំ ក្រចេះ កណ្តាល កំពង់ស្ពឺ កំពត ស្វាយរៀង និងកំពង់ឆ្នាំង ៕



ចែករំលែកព័តមាននេះ