ក្រុងហុងកុង ៖ ផ្លូវថ្នល់សំខាន់មួយក្នុងចំណោមផ្លូវថ្នល់សំខាន់ៗនៅហុងកុង ដែលនៅតែបិទតាំងពីជិត២សប្ដាហ៍មកហើយ ក្រោយការរាំងខ្ទប់របស់ពួកបាតុករស្និទ្ធប្រជាធិបតេយ្យ បានបើកវិញកាលពីថ្ងៃទី២៧វិច្ឆិកា ខណៈការឡោមព័ទ្ធបរិវេណសាកលវិទ្យាល័យពហុបច្ចេកទេសហាក់បញ្ចប់។
អាជ្ញាធរសង្ឃឹមថា ភាពស្ងប់ស្ងាត់ដែលកត់សម្គាល់ឃើញនាចុងសប្ដាហ៍កន្លងទៅ សម្រាប់ការបោះឆ្នោតមូលដ្ឋាន នឹងនៅរក្សាក្នុងដែនដីពាក់កណ្ដាលស្វយ័តនោះ ដែលកើតមានបាតុកម្មហិង្សាចាប់តាំងពីជិត៦ខែមកហើយ។ នៅក្រុងប៉េកាំងអាជ្ញាធរគូសបញ្ជាក់ជាថ្មី ពីភាពចាំបាច់ បញ្ចប់អំពើហិង្សាហើយស្ដារឡើងវិញរបៀបរៀបរយ ក្រោយការបោះឆ្នោតដែលបណ្ដាបេក្ខជនស្និទ្ធប្រជាធិបតេយ្យដណ្ដើមបានជ័យជម្នះធំធេងជាប្រវត្តិសាស្ត្រ។
ប៉ុន្តែទោះបីយ៉ាងនេះក្ដីក៏បាតុកម្មថ្មីគ្រោងធ្វើទៀតនាចុងសប្ដាហ៍ខាងមុខ។ នាវេលាព្រឹកថ្ងៃទី២៧វិច្ឆិកា ផ្លូវរូងក្រោមដីដែលភ្ជាប់ឧបទ្វីបកាវលន់ទៅកោះហុងកុង បានបើកឡើងវិញ។ បណ្ដារូបភាពទូរទស្សន៍បង្ហាញរថយន្តជាច្រើនបើកកាត់ផ្លូវសំខាន់នោះ។
ពួកបាតុករបានរាំងខ្ទប់ផ្លូវរូងក្រោមដីនេះជិត២សប្ដាហ៍ ដោយគ្រវែងរបស់របរនានារាយពេញផ្លូវ ដុតភ្លើងនិងបំផ្លាញឧបករទាំងឡាយ មុនពេលលើកគ្នាចូលក្នុងបរិវេណសាកលវិទ្យាល័យដែលនៅមិនឆ្ងាយពីទីនោះ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ