ខេត្តបន្ទាយមានជ័យ ៖ ក្មេងស្រីជំទង់អាយុ១៤ឆ្នាំ ២នាក់ អមដោយឪពុកម្តាយផង រស់នៅក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃទី២០ ឧសភា បានចេញមុខប្រកាសអះអាងនៅចំពោះមុខសមត្ថកិច្ចនិងអាជ្ញាធរថា ពួកនាងទាំង២នាក់ ត្រូវគេបោកយកទៅលក់ព្រហ្មចារីលើទឹកដីថៃនៅផ្សាររុងក្លឿ ស្រុកអារញ្ញា ខេត្តស្រះកែវ ហើយបានគំរាមសម្លាប់ប្រសិនបើហ៊ានប្រាប់គេឱ្យដឹង ។
រឿងរ៉ាវនេះ ត្រូវបានឱ្យដឹងថា បានកើតទ្បើងកាលពីពាក់កណ្តាលខែមីនា ឆ្នាំ២០១៤ កន្លងទៅ ។ ឪពុកម្តាយក្មេងស្រីទាំងនាក់ បាននិយាយប្រាប់អាជ្ញាធរនិងសមត្ថកិច្ចថា បញ្ហាខាងលើបានកើតទ្បើងតាំងពីថ្ងៃទី១៣និងទី១៥ មីនា ឆ្នាំ២០១៤ មកម៉្លេះ ។ ពួកគាត់និយាយដូចគ្នាថា អ្នកជិតខាងមួយគ្រួសារបានសុំកូនៗរបស់ពួកគាត់ ដោយកុហកថា យកទៅឱ្យជួយចែកបៀនៅវង់ល្បែងមួយកន្លែងក្នុងផ្សាររុងក្លឿ ស្រុកអារញ្ញ ។ ពួកគាត់មិនដឹងរឿងពិតពីគេយកកូនទៅលក់ព្រហ្មចារីនោះទេ រហូតទាល់តែថ្ងៃទី១៥ ឧសភា ទើបបែកធ្លាយដោយកូនៗរបស់ពួកគាត់ប្រាប់ថា ពួកនាងត្រូវគេនាំទៅលក់ព្រហ្មចារីនៅក្នុងផ្សាររុងក្លឿក្នុងម្នាក់តម្លៃ១០០០ដុល្លារអាមេរិក ប៉ុន្តែពួកនាងបានប្រាក់តែម្នាក់២០០០បាតប្រាក់ថៃ និងកុហកតាមការគំរាមថា បានពីការឈ្នះល្បែង ។
ស្ត្រីជាម្តាយក្មេងស្រីម្នាក់និយាយថា នៅព្រលប់ថ្ងៃទី១៣ មីនា ខណៈកូនស្រីគាត់វិលត្រទ្បប់ពីដីថៃជាមួយស្ត្រីអ្នកពាក់ព័ន្ធរូបនោះ ក៏បានយកប្រាក់២០០០បាតមកឱ្យគាត់ ។ ដោយគ្រួសារគាត់ក្រីក្រ កន្លងមកភ្លើងឆេះផ្ទះអស់ ពេលទទួលបានប្រាក់២០០០បាតពីគ្រួសារពាក់ព័ន្ធ និងកូនស្រីកុហកថា ឈ្នះល្បែងទៀតនោះ គាត់ក៏ជំរុញលើកទឹកចិត្តកូនឱ្យទៅទៀត ព្រោះមិនដឹងរឿង ប៉ុន្តែកូនស្រីរបស់គាត់ឆ្លើយថា ឈប់ទៅហើយ ។ ចំណែកឯស្ត្រីជាម្តាយក្មេងស្រីម្នាក់ទៀតនិយាយថា កូនរបស់គាត់ត្រូវគ្រួសារខាងលើ មកកុហកដោយសុំគាត់ថា យកទៅឱ្យជួយចែកបៀនៅផ្សាររុងក្លឿ ស្រុកអារញ្ញ ទឹកដីថៃដូចគ្នានៅរសៀលថ្ងៃទី១៥ មីនា ។ លុះពេលវិលត្រទ្បប់មកវិញនៅព្រលប់ថ្ងៃដដែល មិនបានឱ្យប្រាក់គាត់ទេ គឺកូនស្រីរបស់គាត់វិលវិញជាមួយសម្លៀកបំពាក់ដ៏ស្រស់ស្អាត និងត្រូវគេនាំទៅតុបតែងសក់និងមុខមាត់ស្អាតខុសពីធម្មតា ហើយស្ត្រីអ្នកពាក់ព័ន្ធនោះ ជាអ្នកចេញសោហ៊ុយឱ្យ ។
ក្មេងស្រីរងគ្រោះទាំង២នាក់ និយាយថា ពួកនាងពេលគេនាំទៅដល់ផ្សាររុងក្លឿនោះ គឺគេឱ្យនៅក្នុងបន្ទប់ ហើយនាងម្នាក់គេឱ្យទទួលភ្ញៀវជាជនជាតិថៃ ចំណែកនាងម្នាក់ទៀត គេឱ្យទទួលភ្ញៀវខ្មែរ ។ នាងនិយាយដោយឥតលាក់លៀមថា មុនពេលគេឱ្យទទួលភ្ញៀវខ្មែរនាងត្រូវគេវាយគំរាម បន្ទាប់មកក៏ឱ្យចូលងូតទឹកដោយស្លៀកក្រមា ហើយបង្ខំឱ្យទ្បើងលើគ្រែដោយស្ត្រីជាជនពាក់ព័ន្ធ បានចាក់សោបន្ទប់ទឹកនិងទ្វារខាងក្រៅមិនឱ្យនាងរត់ ។ បុរសខ្មែររូបនោះ ដោយឃើញនាងមិនព្រមប្រគល់ខ្លួនប្រាណ ក៏បានស្រែកសួរស្ត្រីអ្នកបោកប្រាស់ និងត្រូវបានប្រាប់ពីខាងក្រៅបន្ទប់ថា បានគិតគូរជាមួយម្តាយឪពុកក្មេងស្រីនេះហើយ ។ ភ្លាមនោះបុរសនោះក៏ចាត់ការធ្វើបាបនាងទាំងបង្ខំ ។
នាងនិយាយទៀតថា ក្រោយពីត្រូវគេធ្វើបាបបានសម្រេចហើយ ស្ត្រីពាក់ព័ន្ធរូបនោះ បានឱ្យប្រាក់នាង៨០០០បាតប្រាក់ថៃ ប៉ុន្តែពេលមកដល់ដីខ្មែរ បែរជាស្ត្រីនោះលួងខ្ចីប្រាក់នោះ៦០០០បាតវិញ នៅសល់តែ២០០០បាតយកមកឱ្យម្តាយឪពុកតែប៉ុណ្ណោះ ។ ក្មេងស្រីរងគ្រោះទាំង២នាក់ ត្រូវបានឪពុកម្តាយអះអាងថា ពេលនេះក៏នៅមានធ្លាក់ឈាមតាមទ្វារមាសផងដែរ ។ តាមស្ត្រីជាម្តាយពួកនាងនិយាយថា ដោយសាររឿងរ៉ាវខាងលើបែកធ្លាយ ហើយគាត់ក៏បានទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌នោះ កូនស្រីរបស់គាត់ក៏ត្រូវមនុស្សមួយក្រុមព្រួតវាយធ្វើបាបនៅព្រលប់ថ្ងៃទី១៧ ឧសភា រហូតសន្លប់ ហើយបានអ្នកស្រុកជួយនាំទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ។ គាត់អះអាងថា ក្រុមអ្នកព្រួតវាយកូនគាត់ គឺជាសាច់ញាតិរបស់គ្រួសារអ្នកពាក់ព័ន្ធខាងលើ ។ គាត់បន្តថា ក្រោយហេតុការណ៍ហិង្សានេះកើតទ្បើង សមត្ថកិច្ចបានមកឃាត់ខ្លួនបុរសម្នាក់ ប៉ុន្តែពេលគេបញ្ជូនជននោះទៅដល់ប៉ុស្តិ៍ ស្រាប់តែឃើញដោះលែងឱ្យមកផ្ទះវិញ ។
ជុំវិញព័ត៌មានខាងលើ លោក ចាន់ សុភី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ផ្សារកណ្តាល កោះសន្តិភាពមិនអាចសុំការបំភ្លឺបានទេ ដោយសារទូរស័ព្ទរបស់លោកចុចចូលតែលោកប្រាប់ថា ជាប់រវល់ប្រជុំបន្ទាប់មកក៏បិទទូរស័ព្ទ ។ ឯភាគីដែលរងការពាក់ព័ន្ធមិនអាចទាក់ទងសុំការបំភ្លឺបានទេ ដោយគ្រួសារពាក់ព័ន្ធនោះ ប្រភពព័ត៌មានប្រាប់ថា ស្ត្រីជាប្រពន្ធបានរត់គេចខ្លួនបាត់ទៅហើយ នៅសល់តែបុរសជាប្តីប៉ុណ្ណោះកំពុងដើេរហើរយ៉ាងមានសេរីភាពនៅទ្បើយ ។ គ្រួសាររងគ្រោះទាំង២ខាងលើ និយាយថា បើការប្តឹងរបស់ពួកគាត់មិនទទួលបានភាពយុត្តិធម៌ទេ ពួកគាត់នឹងទៅដាក់ពាក្យបណ្តឹងតាមអង្គការផ្សេងៗឱ្យជួយរកយុត្តិធម៌បន្ថែមទៀត ជុំវិញអំពើប្លន់ព្រហ្មចារីកូនស្រីរបស់ពួកគាត់ ៕
ចែករំលែកព័តមាននេះ