រដ្ឋមន្ត្រី ថោង ខុន ៖ ភ្ញៀវទេសចរដើរលេងទូទាំងប្រទេសជាង៥.៨លាននាក់
- ភ្នំពេញ
រាជធានីភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបញ្ជាក់ថា នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០-១២ ខែវិច្ឆិកា មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋប្រមាណជាង ៥.៨លាននាក់ បានចេញដើរទស្សនាកម្សាន្តនៅទូទាំងប្រទេស កើនឡើងជាង ៧%។

លោករដ្ឋមន្ត្រីថា សម្រាប់ថ្ងៃឈប់សម្រាក នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃនេះ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ដែលដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានានៅទូទាំង២៥រាជធានី-ខេត្ត មានចំនួនសរុប ៥,៨១៦,៧១១នាក់ ក្នុងអត្រាកំណើនប្រមាណ ៧.២៦%។
ក្នុងចំណោមភ្ញៀវទេសចរ និងប្រជាពលរដ្ឋខាងលើ រួមមាន ៖
១- ភ្ញៀវជាតិមានប្រមាណ ៥,៧២៧,១៦៣នាក់ ក្នុងអត្រាកំណើន ៧.២១%។
២- ភ្ញៀវអន្តរជាតិមានប្រមាណ ៨៩,៥៤៨នាក់ ក្នុងអត្រាកំណើន ១០.៦១%។

ដោយឡែកក្នុងតួលេខក្នុងរាជធានីភ្នំពេញ ដែលជាទីតាំងប្រារព្ធព្រះរាជពិធីបុណ្យអុំទូក ទទួលបានភ្ញៀវមកកម្សាន្តប្រមាណ ៤,៧៨១,៤៤៦នាក់ កើនឡើង ៥.១៦% ក្នុងនោះរួមមាន
១- ភ្ញៀវជាតិមានប្រមាណ ៤,៧៥០,០០០នាក់ កើនឡើង ៥.១១%។
២- ភ្ញៀវអន្តរជាតិមានប្រមាណ ៣១,៤៤៦នាក់ កើនឡើង ១៣.៩៤ %៕ (កែសម្រួលដោយ ៖ បុប្ផា)

ចែករំលែកព័តមាននេះ