រាជធានីភ្នំពេញ៖ បើតាមលោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានឲ្យដឹងថា ក្នុងរយៈពេល២ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅរាជធានីភ្នំពេញឆ្នាំ២០១៩នេះ មានមហាជនដែលបានចូលរួម ហើយមានអាការៈឈឺក្បាល វិលមុខ ចុកពោះ និងផ្តាសាយផ្សេងៗ ដែលបានចូលពិនិត្យ និងទទួលសេវាព្យាបាលជិត១ម៉ឺននាក់។

គឺថ្ងៃទី១ មានចំនួន ៤០៨៨នាក់ និងថ្ងៃទី២ មានចំនួន៤៩៤៨នាក់ ក្នុងនោះសម្រាប់ថ្ងៃទី២ ចំនួនអ្នករបួស 55 នាក់ និងអ្នកជំងឺត្រូវបញ្ជូនទៅមន្ទីរពេទ្យចំនួន៥ នាក់ ។
លោកបន្តថា ដោយមានការណែនាំពីក្រសួងសុខាភិបាល និងអភិបាលរាជធានីភ្នំពេញ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពង្រាយគោលដៅទីតាំងសេវាសុខាភិបាល (ស្តង់សុខាភិបាល) ដែលមានក្រុមគ្រូពេទ្យរង់ចាំជួយសង្គ្រោះប្រជាពលរដ្ឋ សម្រាប់ពិនិត្យ និងសង្គ្រោះបឋម ចំនួន៨ស្តង់ មានរថយន្តសង្គ្រោះប្រចាំការចំនួន១៣ក្រុម ដែលមានក្រុមគ្រូពេទ្យសរុបជិត៨០០នាក់ ប្រចាំការប្តូរវេនគ្នា ដើម្បីជួយពិនិត្យព្យាបាលជំងឺ ក្នុងនោះក្រុមគ្រូពេទ្យចល័ត ដើម្បីអប់រំផ្សព្វផ្សាយអនាម័យចំណីអាហារ និងផ្សព្វផ្សាយទប់ស្កាត់ជំងឺអេដស៍ដោយឥតគិតថ្លៃផងដែរ ។

គួររំលឹកថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅរាជធានីភ្នំពេញឆ្នាំ២០១៨កន្លងមកនេះ មានប្រជាពលរដ្ឋ ឈឺក្បាល វិលមុខ ផ្តាសាយ អស់កម្លាំង ចុករាគ និងខ្យល់ចាប់ មានប្រមាណ២ម៉ឺននាក់ ដែលទទួលសេវាពិនិត្យ និងព្យាបាលបឋមពីក្រុមគ្រូពេទ្យនៅតាមស្តង់ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ