រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បងប្អូន២នាក់ ត្រូវបាននគរបាលខណ្ឌទួលគោក ឃាត់ខ្លួន បន្ទាប់ពីទំនាស់គ្នាបន្តិចបន្តួច ហើយប្រើហិង្សាយ៉ាងសាហាវ ដោយហៅបងប្អូនទាំងគ្រួសារមកព្រួតគ្នាវាយទៅលើអ្នកជិតខាងដែលជាអ្នកសារព័ត៌មាន ដែលមានតែម្នាក់ឯង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោងប្រមាណ១២និង៤៥នាទីថ្ងៃត្រង់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះលេខ២១៩ ផ្លូវលេខ២១៧ ភូមិ១៧ សង្កាត់បឹងសាឡាងខណ្ឌទួលគោក។

សេចក្តីរាយការណ៍បន្តថា អ្វីដែលធ្វើឱ្យមានការចាប់ភ្ញាក់ផ្អើលនៅក្នុងអំពើហិង្សា គឺកូនស្រីជនរងគ្រោះបានស្រែកទ្រហោយំ ខណៈពេលដែលឪពុករបស់ខ្លួនត្រូវបានមនុស្ស១ហ្វូងបាននាំគ្នាចាប់វាយ ទាត់ ធាក់តាមចិត្តដូចបាវសាក់។

សេចក្តីរាយការណ៍បន្តទៀតថា ជនសង្ស័យខាងលើដែលត្រូវឃាត់ខ្លួន ១-ឈ្មោះ អុល ភារិទ្ធ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ ២១៩Eoz កន្លែងកើតហេតុខាងលើ និង២-ឈ្មោះ អុល សំអាត ភេទប្រុស អាយុ៣៩ឆ្នាំ មានលំនៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌទួលគោក អ្នកទាំង២នាក់ជាបងប្អូនបង្កើត ។ ចំណែកជនរងគ្រោះឈ្មោះ សែម ប៊ុណ្ណា ភេទប្រុស អាយុ៣៤ឆ្នាំ ជាអ្នករត់ម៉ូតូឌុប និងជាបុគ្គលិកទូរទស្សន៍អនឡាញ TNM ស្នាក់នៅផ្ទះលេខ២២៥ កន្លែងកើតហេតុខាងលើ រងរបួសបែកមាត់ និងមុខ ។

តាមព័ត៌មាននៅកន្លែងកើតហេតុឱ្យដឹងថា ការឈានទៅដល់ប្រើហិង្សានេះ ដោយសារតែមានទំនាស់គ្នាបន្តិចបន្តួច ហើយជនសង្ស័យក៏បានទៅហៅបងប្អូននាំគ្នាព្រួតវាយទៅលើអ្នកជិតខាងដែលជាអ្នកព័ត៌មាន បណ្តាលឱ្យរងរបួសតែម្តង ។

ប្រភពដដែលឱ្យដឹងទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូកង់៣ មកចតមុខផ្ទះ ក៏ចូលទៅក្នុងផ្ទះបាត់ទៅ។ លុះក្រោយមក ជនសង្ស័យឈ្មោះអុល ភារិទ្ធ ក៏ជិះម៉ូតូចេញប្រុងប៉ះ និងម៉ូតូកង់៣ ហើយក៏មានទំនាស់ពាក្យសំដីគ្នា រួចជនសង្ស័យក៏ជិះម៉ូតូចេញទៅ។

ប្រភពដដែលឱ្យដឹងបន្តថា ប្រហែលប្រមាណ៥នាទីក្រោយ ស្រាប់តែជនសង្ស័យឈ្មោះអុល ភារិទ្ធ បានហៅបងប្អូនប្រមាណ៤នាក់ ប្រុស២, ស្រី២នាក់ ក្នុងនោះមានមន្ត្រីប៉ូលីសស្រីម្នាក់ផងដែរ ហើយបានស្រែកដាក់ជនរងគ្រោះថា «អាញៀនថ្នាំ» ។ ភ្លាមៗក៏មានទំនាស់ពាក្យសំដីគ្នា ហើយក្រុមជនសង្ស័យក៏នាំគ្នា ព្រួតវាយទៅលើជនរងគ្រោះតែម្តង។

ប្រភពដដែលឱ្យដឹងទៀតថា នៅក្នុងហេតុការណ៍នោះ គេឃើញជនសង្ស័យដែលជាបងប្អូនប្រុសៗ២នាក់ ក៏បានព្រួតគ្នាទាត់ ធាក់ ទៅលើជនរងគ្រោះរហូតដល់ដេកដួល ។ នៅពេលដួល សន្លប់ហើយ ក្រុមជនសង្ស័យក៏បានៃទាត់ ធាក់បន្ថែមទៀត។

ភ្លាមៗនគរបាលប៉ុស្តិ៍ និងនគរបាលខណ្ឌទួលគោក ក៏បានទៅអន្តរាគមន៍ឃាត់ខ្លួនបានជនសង្ស័យ២នាក់ ដែលជាបងប្អូនបង្កើត ។ ហើយជនសង្ស័យ២នាក់នេះ ត្រូវបាននគរបាលកសាងសំណុំរឿងចាត់ការតាមច្បាប់៕ (កែសម្រួលដោយ ៖ បុប្ផា)








ចែករំលែកព័តមាននេះ