រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសម្នាក់បានជិះម៉ូតូធន់ធំក្នុងល្បឿនលឿន លុះមកដល់ផ្លូវកោងស្រាប់តែជ្រុលទៅបុករះចូលកន្លែងលក់មីឆា បាយឆា បណ្តាលឲ្យរងការខូចខាតម៉ូតូអស់១គ្រឿង និងរថយន្តមួយគ្រឿង រួមសម្ភារៈអស់មួយចំនួន បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង១២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ ជិតនឹងគល់ស្ពានអាកាសស្ទឹងមានជ័យ ផ្លូវ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បានជិះម៉ូតូធន់ធំម៉ាក BMW 1000CC ពណ៌ស អត់ស្លាកលេខ ធ្វើដំណើរតាមផ្លូវ២៧១ ពីត្បូងទៅជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ដែលជាផ្លូវកោង ក៏ស្រាប់តែបើកម៉ូតូមិនបន្ថយល្បឿន ទើបបណ្ដាលឲ្យម៉ូតូជ្រុលទៅបុករះកន្លែងលក់មីឆា បាយឆា បណ្ដាលឲ្យរងខ្ទេចខ្ទី ខ្ទាតរប៉ាត់រប៉ាយ ឥវ៉ាន់ពាសពេញផ្លូវ

ព្រមទាំងធ្វើឲ្យរងការខូចខាតម៉ូតូ ម៉ាកហុងដា ប៊ិត ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1HR 8012 ដែលឈប់ទិញមីឆាអស់មួយគ្រឿង និងរថយន្តហាយលែនដឺ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2X7982 ចតស្ងៀម រងការខូចខាតបន្តិចបន្តួច ព្រមទាំងធ្វើឲ្យអ្នកបើកម៉ូតូរងរបួសរយះដៃខាងឆ្វេងបន្តិចបន្តួចផងដែរ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅកន្លែងកើតហេតុ រួចហើយក៏បានឱ្យតំណាងភាគីទាំងសង្ខាង សម្របសម្រួល ដោយខាងម៉ូតូធំ សុខចិត្តចេញសងសំណងថ្លៃការខូចខាត ម៉ូតូ រថយន្ត ព្រមទាំងកន្លែងលក់មីឆាបាយទាំងអស់ផងដែរ ដើម្បីបញ្ចប់រឿង ។ (កែសម្រួលដោយ ៖ បុប្ផា)




ចែករំលែកព័តមាននេះ