ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​ទី​១​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក មាន​អ្នក​ឈឺក្បាល វិលមុខ ជាង​៤​ពាន់​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក​ឆ្នាំ​នេះ មាន​ប្រជាពលរដ្ឋ​ចូលរួម​ដើរ​លេង​កម្សាន្ត និង​ទស្សនាការ​ប្រណាំងទូក ង យ៉ាងច្រើន​កុះករ…

រាជធានី​ភ្នំពេញ ៖ ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក​ឆ្នាំ​នេះ មាន​ប្រជាពលរដ្ឋ​ចូលរួម​ដើរ​លេង​កម្សាន្ត និង​ទស្សនាការ​ប្រណាំងទូក ង យ៉ាងច្រើន​កុះករ ហើយ​ក៏​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​មាន​អាកា​រៈ​ឈឺក្បាល វិលមុខ ចុកពោះ និង​ជំងឺ​ផ្សេង​ៗ​ទៀត បាន​ទទួល​ពិនិត្យ និង​សង្គ្រោះ​បឋម​ជាង​៤​ពាន់​នាក់​ហើយ បើ​គិត​ត្រឹម​ថ្ងៃ​ទី​១ នៃ​ព្រះរាជ​ពិធីបុណ្យ​អុំ​ទុក តែ​ត្រូវ​នឹង​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ ។

បើ​តាម​លោក​វេជ្ជបណ្ឌិត ងី មាន​ហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​១​ថ្ងៃ នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ នៅ​រាជធានី​ភ្នំពេញ ឆ្នាំ​២០១៩​នេះ មាន​មហាជន​ដែល​បាន​ចូលរួម ហើយ​មាន​អាកា​រៈ ឈឺក្បាល វិលមុខ ចុកពោះ និង​ផ្តាសាយ​ផ្សេង​ៗ ដែល​បាន​ចូល​ពិនិត្យ និង​ទទួល​សេវា​ព្យាបាល​ចំនួន ៤០៨៨​នាក់ ។

លោក​បន្ត​ថា ដោយ​មានការ​ណែនាំ​ពី​ក្រសួងសុខាភិបាល និង​អភិបាល​រាជធានី​ភ្នំពេញ មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បាន​ពង្រាយ​គោលដៅ​ទីតាំង​សេវា​សុខាភិបាល (​ស្តង់​សុខាភិបាល​) ដែល​មាន​ក្រុម​គ្រូពេទ្យ​រង់ចាំ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ សម្រាប់​ពិនិត្យ និង​សង្គ្រោះ​បឋម ចំនួន​៨​ស្តង់ មាន​រថយន្ត​សង្គ្រោះ​ប្រចាំការ​ចំនួន​១៣​ក្រុម ដែល​មាន​ក្រុម​គ្រូពេទ្យ​សរុប​ជិត​៨០០​នាក់ ប្រចាំការ​ប្តូរ​វេន​គ្នា ដើម្បី​ជួយ​ពិនិត្យ​ព្យាបាល​ជំងឺ ក្នុង​នោះ​ក្រុម​គ្រូពេទ្យ​ចល័ត ដើម្បី​អប់រំ​ផ្សព្វផ្សាយ​អនាម័យ​ចំណីអាហារ និង​ផ្សព្វផ្សាយ​ទប់ស្កាត់​ជំងឺអេដស៍​ដោយ​ឥត​គិតថ្លៃ​ផង​ដែរ ។

គួរ​រំលឹក​ថា ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ នៅ​រាជធានី​ភ្នំពេញ ឆ្នាំ​២០១៨​កន្លង​មកនេះ មាន​ប្រជាពលរដ្ឋ ឈឺក្បាល វិលមុខ ផ្តាសាយ អស់កម្លាំង ចុក​រាគ និង​ខ្យល់ចាប់ មាន​ប្រមាណ​២០​ម៉ឺន​នាក់ ដែល​ទទួល​សេវា​ពិនិត្យ និង​ព្យាបាល​បឋម​ពី​ក្រុម​គ្រូពេទ្យ​នៅ​តាម​ស្តង់ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ