មុននេះ ចាប់ពីផ្លូវជាតិលេខ៥ ដល់ផ្លូវបត់ចូលទៅផ្លូវលីហូវ ត្រូវរឹតបណ្តឹង
- បន្ទាយមានជ័យ
ក្រុងប៉ោយប៉ែត ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា តាមដងផ្លូវជាតិលេខ៥ ចាប់ពីចំណុចផ្លូវបំបែក បត់ចូលទៅផ្លូវលីហូវ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត ហើយច្រកទ្វារអន្តរជាតិមួយនេះ ត្រូវបានរឹតបណ្តឹងដោយសមត្ថកិច្ចដាក់កម្លាំងការពារទប់ស្កាត់មិនឲ្យយានយន្ត និងអ្នកដំណើរឆ្លងកាត់ឡើយ នៅព្រឹកព្រលឹមថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

សេចក្តីរាយការណ៍បន្តថា ច្រកទ្វារអន្តរជាតិនេះ មិនថាអ្នកដំណើរទេ សូម្បីបុគ្គលិកកាស៊ីណូក៏ខកខានមិនបានទៅធ្វើការតាមក្រុមហ៊ុនដែរ។ គេមិនដឹងថា ការបិទផ្លូវនេះនឹងមានរយៈពេលប៉ុន្មានម៉ោង ឬរហូត១ថ្ងៃពេញ ឬយ៉ាងណាទេ ព្រោះមិនអាចសុំការបំភ្លឺពីសមត្ថកិច្ចជំនាញបាន ខណៈសមត្ថកិច្ចតាមដងផ្លូវមិនហ៊ានធ្វើការបំភ្លឺឡើយ។

សេចក្តីរាការណ៍បន្តទៀតថា ប៉ុន្តែសមត្ថកិច្ចបានប្រាប់អ្នកដំណើរថា ទ្វារព្រំដែនខាងថៃក៏បានបិទដែរ ហើយការបំពេញបែបបទឯកសារខ្មែរ និងថៃ ត្រូវផ្អាកដំណើរកាមួយរយៈហើយពេលនេះ។

សេចក្តីរាយការណ៍បន្តទៀតថា លុះរហូតមកដល់ម៉ោង៨និង៤០នាទីព្រឹកនេះ ស្ថានការណ៍បានវិវត្តន៍ជាប្រក្រតីឡើងវិញ ដោយសមត្ថកិច្ចបានអនុញ្ញាតឱ្យភ្ញៀវជាតិ និងអន្តរជាតិបានឆ្លងកាត់ច្រកទ្វារអន្តរជាតិដូចដើម ប៉ុន្តែមិនអនុញ្ញាតឱ្យយានយន្តឆ្លងកាត់នោះទេ ៕ (កែសម្រួលដោយ ៖ បុប្ផា)
















ចែករំលែកព័តមាននេះ