ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​​ឌី​ជី​ថល​ពិត​ជា​បាន​​ដើរ​តួ​នាទី​សំខាន់​សម្រាប់​ទេសចរ​ណ៍​កម្ពុជា​

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ លោក ថោ​ង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បាន​ថ្លែង​ថា ការ​ពង្រឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ពិសេស​តាម​រយៈ​ប្រព័ន្ធ​ឌី​ជី​ថ​លពិតជា​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ចូលរួម​ផ្សព្វ ផ្សាយ​ពី​សក្តានុពល​ទេសចរណ៍​កម្ពុជា ក៏​ដូច​ជា​រួមចំណែក​ជំរុញ​កំណើន​និង​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍…

ខេត្តសៀមរាប ៖ លោក ថោ​ង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បាន​ថ្លែង​ថា ការ​ពង្រឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ពិសេស​តាម​រយៈ​ប្រព័ន្ធ​ឌី​ជី​ថ​លពិតជា​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ចូលរួម​ផ្សព្វ
ផ្សាយ​ពី​សក្តានុពល​ទេសចរណ៍​កម្ពុជា ក៏​ដូច​ជា​រួមចំណែក​ជំរុញ​កំណើន​និង​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ ដោយ​បាន​ចូលរួម​អប់រំ​ប្រជាជន​ឱ្យ​បាន​យល់​ដឹង​អំពី​វិស័យ​ទេសចរណ៍ ។

លោក​រដ្ឋមន្ត្រី ថោ​ង ខុន បាន​ថ្លែង​យ៉ាង​ដូច្នេះនៅ​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តី​ពី​គេហទំព័រ និង
កម្មវិធី​ទូរស័ព្ទ​វៃឆ្លាត​នៃ​ទេសចរណ៍​ក្នុងស្រុក Visit Cambodia និង​ការ​អនុវត្ត​ការ​ចុះបញ្ជី​ស្នាក់​នៅ​ទេសចរណ៍​អន​ឡាញ​សម្រាប់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍ ដែល​បាន​រៀបចំ​ឡើង​នៅ​សណ្ឋាគារ​សុខា សៀមរាប នា​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៩​។ លោក ថោ​ង ខុន បាន​បញ្ជាក់​ថា សេដ្ឋកិច្ច​ឌី​ជី​ថ​ល​បាន​និង​កំពុង​ធ្វើ​ឱ្យ​របៀបរបប​ធ្វើ​ការងារមាន​ភាព​ផ្លាស់​ប្តូរ​ជា​ច្រើន​នៅ​តាម​បណ្តា​ឧស្សាហកម្ម​នានា ដូច​ជា​សេវាកម្ម​ហិរញ្ញវត្ថុ សេវាកម្ម​សុខភាព សេវាកម្ម​ទេសចរណ៍ សេវាកម្ម​កម្សាន្ត ម​ធ្យោបាយ​ដឹក​ជញ្ជូន និង​បច្ចេកវិទ្យា​ព័ត៌មាន​និង​ទំនាក់ទំនង ។

ផ្អែក​លើ​ស្មារតី​នេះ វិស័យ​ទេសចរណ៍​ក៏​ត្រូវ​ធ្វើការ​សិក្សា និង​ពង្រីក​បន្ថែម​ទីផ្សារ​ទេសចរណ៍​ឱ្យ​កាន់តែ​ទូលាយ តាម​រយៈ​ការ​ជំរុញ​ឱ្យ​មានការ​បង្កើត​ផលិតផល​ទេសចរណ៍​ដែល​មានគុណ​ភាព
និង​ទាក់ទាញ ពិសេស​ជំរុញ​ការ​ផ្សព្វផ្សាយ​ទេសចរណ៍​តាម​រយៈ​ប្រព័ន្ធ​ឌី​ជី​ថ​ល ដែល​ផ្តល់​ភាព​ងាយស្រួល​ដល់​ភ្ញៀវ​ទេសចរ ក្នុង​ការ​ស្វែងរកព័ត៌មាន​អំពី​គោលដៅ​ទេសចរណ៍​នានា​នៅ​កម្ពុ
ជា​ឱ្យ​កាន់តែ​ប្រសើរ ។លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ ក៏​បាន​ចូលរួម​អប់រំ​ដល់​ប្រជាជន​កម្ពុជា​ឱ្យ​បាន​យល់​ដឹង​អំពី​អត្ថប្រយោជន៍​ដ៏​មាន​តម្លៃ​នៃ​វិស័យ​ទេសចរណ៍ ពោល​គឺ​អត្ថប្រយោជន៍​នេះមិន​ត្រឹមតែ​បាន​ផ្សព្វផ្សាយ​ទៅ​ដល់​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​ក៏​បាន​ទៅ​ដល់​ភ្ញៀវ​ទេសចរ​ដទៃទៀត តាម​រយៈ​ការ​ទទួល​បាន​បទ​ពិសោធន៍ ការ​ទទួល​ស្វាគមន៍ ពិសេស​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយនឹង​ប្រជាជន​មូលដ្ឋាន​កាន់តែ​ប្រសើរ ។

លោក​រដ្ឋមន្ត្រី ថោ​ង ខុន ក៏​បាន​ដាក់​ចេញ​នូវ​អនុសាសន៍​គន្លឹះ​ចំនួន​៥​ចំណុច រួម​មាន ៖ ទី​១-​ពាក់ព័ន្ធ​នឹង​គេហទំព័រ​និង​កម្មវិធី​ទូរស័ព្ទវៃឆ្លាត​«Visit Cambodia» លោក​បាន​ស្នើ​ឲ្យ ផ្នែក​ឯកជន​ដែល​ជា​ប្រតិបត្តិ​ករ​ទេសចរណ៍​ចូល រួម​ផ្តល់​ព័ត៌មាន ក៏​ដូច​ជា​កម្មវិធី​បញ្ចុះតម្លៃ​ពិសេស​ណាមួយ ក្នុង​គោលបំណង​ពង្រឹង​និង​ពង្រីក​សក្តានុពល​ទេសចរណ៍​នៅ​ខេត្តសៀមរាប​ឱ្យ​បាន​ល្អ​ប្រសើរ និង​បង្កើន​កំណើន​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​ឱ្យ​បាន​កាន់តែ​ច្រើន ក្នុង​ន័យ​ធ្វើ​យ៉ាងណា​ជំរុញ​ការ​ស្វែងរក​គោលដៅ​និង​សេវាកម្ម​ទេសចរណ៍​នានា​នៅ​ក្នុង​ខេត្តសៀមរាប សំដៅ​បំផុស​ចលនា​ទេសចរ​ទៅ​កាន់​ខេត្តសៀមរាប ដែល​ជា​គោលដៅ​ទេសចរណ៍វប្បធម៌ និង​ប្រវត្តិសាស្ត្រ​ដ៏​ល្អ​របស់​កម្ពុជា ។

ទី​២-​ពាក់ព័ន្ធ​នឹង​កញ្ចប់​ទស្សនកិច្ច​ក្នុងស្រុកពិសេស​ខេត្តសៀមរាប ដើម្បី​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​កញ្ចប់​ទស្សនកិច្ច​ទេសចរ និង​ជំរុញ​កំណើ​ន​ភ្ញៀវ​ទេសចរ​ទៅ​កាន់​គោលដៅ​ខេត្ត​សៀមរាប ។ លោក​បាន​ស្នើ​ឲ្យ​មានការ​ចូលរួម​ពី​សំណា​ក់​ប្រតិបត្តិ​ករ​ទេសចរណ៍ ពិសេស​ម្ចាស់​គ្រប់គ្រង​អាជីវកម្ម​ទេសចរណ៍ និង​មូលដ្ឋាន​អាជីវកម្ម​ថ្មី​ៗ ក្នុង​កម្មវិធី​បង្កើត​កញ្ចប់​ទស្សនកិច្ច​ពិសេស​នេះ​តាម​រយៈ​កម្មវិធី​នានា ឬ​ការ​បញ្ចុះតម្លៃ​ពិសេស​ទៅ​លើ​សេវាកម្ម​របស់​ខ្លួន ដើម្បី​ងាយស្រួល​ដល់​ការ​ជ្រើសរើស​គោលដៅ ក៏​ដូច​ជា​កញ្ចប់​ទស្សនកិច្ច​របស់​ភ្ញៀវ​ទេសចរ ។

ទី​៣-​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​ចុះបញ្ជី​ស្នាក់​នៅ​ទេសចរណ៍​អន​ឡាញ លោក​បាន​ស្នើ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ រដ្ឋបាល​រាជធានី​-​ខេត្ត មន្ទីរ​ទេសចរណ៍ ពិសេស​ប្រតិបត្តិ​ករ​ទេសចរណ៍ នៅ​ក្នុង​ផ្នែក​សេវា
កម្ម​ស្នាក់​នៅ​ទេសចរណ៍ ចូលរួម​អនុវត្ត​រាល់​ភារកិច្ច​ដែល​ពាក់ព័ន្ធ​នឹង​ដំណើរ​ប្រតិបត្តិការ​របស់​ប្រព័ន្ធ​ចុះបញ្ជី​ស្នាក់​នៅ​ទេសចរណ៍​សម្រាប់​មូលដ្ឋា​ន​អាជីវកម្ម​ទេសចរណ៍​(www.accommodationregistrar.net) ។ ទី​៤-​លោក​បាន​អំពាវនាវ​ដល់​អាជ្ញាធរ និង​រដ្ឋ
បាល​ខេត្តសៀមរាប សូម​យកចិត្តទុកដាក់​បន្ថែមលើ​ការងារ​សម្អាត និង​ថែរក្សា​អនាម័យ​ទីក្រុង
«​សៀមរាប​ផ្ទះ​ខ្ញុំ​» ក៏​ដូច​ជាទី​ប្រជុំជន និង​គោលដៅទេសចរណ៍​សំខាន់ ។ កន្លង​មក រដ្ឋបាល​ខេត្ត និង​អាជ្ញាធរ​ជាតិ​អប្សរា បាន​ខិតខំ​ស្តារ​និង​អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ជុំវិញ​ខេត្ត និង​គោល
ដៅ​ទេសចរណ៍​សំខាន់​ៗ ។ លោក​ក៏​បាន​អំពាវនាវដល់​ប្រតិបត្តិ​ករ​ទេសចរណ៍ និង​ផ្នែក​ឯកជន​ពាក់ព័ន្ធ​នានា មេត្តា​ចូលរួម​និង​បន្ត​ផ្តល់​សេវាកម្ម​ប្រកបដោយ​ការ​ទទួលខុសត្រូវ និង​ចូលរួម​ដល់​គ្រប់យុទ្ធនាការ​ថែរក្សា​អនាម័យ​ស្អាត​របស់​ខេត្ត​សៀមរាប ដើម្បី​ជា​ទុន​បន្ថែម​ក្នុង​ការ​ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរ​មក​ទស្សនា​ខេត្តសៀមរាប និង​តំបន់​អង្គរ ។

ទី​៥-​អំពាវនាវ​ដល់​រដ្ឋបាល​ខេត្ត អាជ្ញាធរ​ពាក់ព័ន្ធ ផ្នែក​ឯកជន និង​ប្រជាពលរដ្ឋ​ចូលរួម​ក្នុង
យុទ្ធនាការ​ពិសេស ក្នុង​ការ​ពង្រឹងគុណភាព​សេវាកម្ម​ទេសចរណ៍​ទាំងអស់ រាប់​ទាំង​សេវា​ដឹក​ជញ្ជូន ស្នាក់​នៅ ហូប​ចុក មគ្គុទ្ទេសក៍​ទេសចរណ៍ ហាង​លក់​វត្ថុ​អនុស្សាវរីយ៍ ។ យុទ្ធនាការ​ពិសេស​នេះ​អាច​ជា​ការ​ប្រឡងប្រណាំង​ពិសេស​ដោយឡែក​សម្រាប់​ខេត្តសៀមរាប ក្នុង​គោលដៅ​ជំរុញ​ការ​អភិវឌ្ឍ និង​កំណើន​ភ្ញៀវ​ទេសចរ​មក​ទស្សនា​តំបន់​បេតិកភណ្ឌ​ដ៏​វិសេសវិសាល​មួយ​នេះ ៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ