ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱកាស​អ្នក​ចង់​រៀន​ច្រៀង​អា​យ៉ៃ ព្រហ្ម ម៉ា​ញ ស្ម័គ្រ​បង្រៀន​មិន​យក​ប្រាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​លោក​ព្រហ្ម ម៉ា​ញ បាន​ប្រកាស​ជា​ថ្មី​ម្តងទៀត​បើក​បង្រៀន​សិល្បៈ​ចម្រៀង​អា​យ៉ៃ ដោយ​មិន​គិតថ្លៃ ព្រមទាំង​រ៉ាប់រង​ការ​ហូប​ចុក និង​ស្នាក់​នៅ​ផង​ដែរ សម្រាប់​សិស្ស​ដែល​មាន​បំណង​ចង់​ហាត់រៀន និង​មក​ពី​បណ្តា​ខេត្ត​ឆ្ងាយ ។…

រាជធានី​ភ្នំពេញ ៖​លោក​ព្រហ្ម ម៉ា​ញ បាន​ប្រកាស​ជា​ថ្មី​ម្តងទៀត​បើក​បង្រៀន​សិល្បៈ​ចម្រៀង​អា​យ៉ៃ ដោយ​មិន​គិតថ្លៃ ព្រមទាំង​រ៉ាប់រង​ការ​ហូប​ចុក និង​ស្នាក់​នៅ​ផង​ដែរ សម្រាប់​សិស្ស​ដែល​មាន​បំណង​ចង់​ហាត់រៀន និង​មក​ពី​បណ្តា​ខេត្ត​ឆ្ងាយ ។ ការ​ប្រកាស​របស់​លោក ព្រហ្ម ម៉ា​ញ ពី​ការ​បើក​បង្រៀន​អា​យ៉ៃ​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ឱកាស​ដែល​លោក​សម្តែង​នៅ​ក្នុង​កម្មវិធី​សោភ័ណ​តន្ត្រី​របស់​ស្ថានីយទូរទស្សន៍​CTN កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ ។ ដំណឹង​នេះ​លោក​ធ្លាប់​បាន​ប្រកាស​ម្តង​រួច​មក​ហើយ​កាលពី​ពេល​កន្លង​ទៅ ។

លោក​ព្រហ្ម ម៉ា​ញ បាន​ឲ្យ​ដឹង​ថា គោលបំណង​តែ​មួយ​គត់​នៅ​ក្នុង​ការ​បើក​បង្រៀន​សិល្បៈ​អា​យ៉ៃ គឺ​ចង់​អភិរក្ស​សិល្បៈ​បុរាណ​ដ៏​ចំណាស់​មួយ​នេះ​មិន​ឲ្យ​បាត់បង់ គ្មាន​អ្នក​បន្តវេន ក្នុង​ពេល​ដែល​លោក​មាន​វ័យ​កាន់តែ​ចាស់ ។ សិល្បៈ​អា​យ៉ៃ​នេះ​ហាក់​មិនសូវ​មាន​អ្នក​ចាប់អារម្មណ៍​ហាត់រៀន​នោះ​ឡើយ ដោយសារ​តែ​ភាគច្រើន​យុវវ័យ​ងាក​ទៅ​រក​សិល្បៈ​ចម្រៀង​សម័យ ដែល​សិល្បៈ​មួយ​នេះ​ហាក់​មាន​ទីផ្សារ​ខ្ពស់ និង​មានការ​គាំទ្រ​ច្រើន ។

លោក​ព្រហ្ម ម៉ា​ញ ថា ដល់​រដូវ​បុណ្យកឋិន និង​បុណ្យ​ផ្សេង​ទៀត​ចូល​មក​ដល់ សិល្បៈ​អា​យ៉ៃ​គឺ​ពិបាក​ជួល​ណាស់ ដោយ​មិន​មាន​អ្នក​សម្តែង​ច្រើន ហើយ​លោក​ក៏​មានការ​មមាញឹក​ច្រើន​ជា​មួយនឹង​ការ​ច្រៀង​ភ្លេង​ការ និង​ជាប់​បេសកកម្ម​ភាព​នៅ​ក្រៅប្រទេស​មួយ​រយៈ ។

បើ​តាម​លោក​ព្រហ្ម ម៉ា​ញ ដោយ​ឃើញ​បញ្ហា​នេះ​លោក​ក៏​សម្រេចចិត្ត​បើក​បង្រៀន​ដល់​ក្មេង​ជំនាន់​ក្រោយ​ដោយ​មិន​ឲ្យ​បង់ថ្លៃ ព្រមទាំង​ផ្តល់​ជូន​ការ​ស្នាក់​នៅ និង​ហូប​ចុក​ថែម​ទៀត​សម្រាប់​សិស្ស​ដែល​មក​ពី​ឆ្ងាយ ដោយសារ​តែ​លោក​ទទួល​បាន​មូលនិធិ​ពី​សប្បុរសជន​នានា ។ ប្រសិនបើ​មាន​អ្នក​ចង់ទៅ​រៀន​នោះ​សូម​ទៅ​តាម​អាសយដ្ឋាន​ក្នុង​បុរី​មួយ​នៅ​ម្តុំ​ពោធិ៍​ចិន​តុង ជាប់​វត្ត​សំរោង​អណ្តែត ដោយ​លោក​នឹង​ធ្វើតេស្ត​សាកល្បង​អ្នក​ដែល​អាច​មាន​ទេព​កោសល្យ​ហាត់រៀន​លើ​ផ្នែក​អា​យ៉ៃ​នេះ ។

ការ​ហាត់រៀន​នេះ​មិន​ស​ម្ដៅ​តែ​អ្នកមាន​និស្ស័យ​នោះ​ឡើយ ពោល​ឲ្យ​តែ​អ្នកមាន​ទេព​កោសល្យ​លើ​កំណាព្យ និង​មាន​វោហារ​ស័ព្ទ ចំណែក​ការ​ច្រៀង​តាម​បែប​អា​យ៉ៃ​នោះ​លោក​នឹង​បង្ហាត់​បង្រៀន​បន្ថែម​ទៀត ។ ការ​ហាត់រៀន​នេះ​គឺ​មួ​យស​ប្តា​ហ៍ មិន​ហាត់​ពេញ​នោះ​ឡើយ ដោយសារ​វា​អាស្រ័យ​ទៅ​លើ​ពេលវេលា​ដែល​លោក​មាន ប៉ុន្តែ​លោក​នឹង​ផ្តល់​ដំណឹង​ជា​មុន​ពី​ពេល​នៃ​ការ​ហាត់រៀន ដោយ​លោក​យល់​ថា ទំនេរ​ពេល​ណា​ហាត់​ពេល​ហ្នឹង ។

ក្នុង​នាម​ជា​អ្នក​ប្រកប​អាជីព​សិល្បៈ​ចម្រៀង​អា​យ៉ៃ​អស់​ជា​ច្រើន​ឆ្នាំ​មកនេះ លោក​ព្រហ្ម ម៉ា​ញ បាន​ត្រៀម​ផ្តល់​បទ​ពិសោធន៍​លើ​សិល្បៈ​មួយ​នេះ​ដល់​អ្នក​ជំនាន់​ក្រោយ ដើម្បី​ជា​ការ​បន្តវេន ខណៈ​ពេល​ដែល​លោក​កំពុង​ព្រួយបារម្ភ​ដោយសារ​វ័យ​របស់​លោក​កាន់តែ​ជ្រេ និង​មាន​ជំងឺ​ប្រចាំ​កាយ ។ លោក​បញ្ជាក់​ថា​«​ខ្ញុំ​កាន់តែ​ចាស់ បើ​មិន​បង្រៀន​ខ្លាច​វា​បាត់បង់​ទៅ​តាម​ពេល​ដែល​យើង​បាត់​ទៅ​ដែរ ដូច្នេះ​បើ​សុខភាព​កាន់តែ​ទ្រុឌទ្រោម​នោះ​យើង​កាន់តែ​ប​ង្រៀ​ង ព្រោះ​វា​មិន​មាន​ពេល​ច្រើន​សម្រាប់​ការ​បង្រៀន​នេះ​ឡើយ »​។

ការ​ប្រកាស​ពី​ការ​បង្ហាត់​ប្រៀ​ង​ចម្រៀង​អា​យ៉ៃ​ដោយ​មិន​យក​កម្រៃ​ពី​លោក​ព្រហ្ម ម៉ា​ញ នា​ពេល​នេះ​បាន​ទទួល​ការ​សាទរ​យ៉ាង​ខ្លាំង​ពី​មហាជន ហើយ​វា​ជា​ការ​ល្អ​មួយ​សម្រាប់ ក្មេង​ៗ​ជំនាន់​ក្រោយ​សម្រាប់​ការ​ហាត់រៀន​ពី​អ្នកជំនាញ​ដ៏​ល្អ និង​ល្បីល្បាញ​តែ​មួយ​គត់​នៅ​ក្នុង​ប្រទេស​សម្រាប់​សិល្បៈ​បុរាណ​មួយ​នេះ ។

អា​យ៉ៃ​ជា​ឈ្មោះ​សិល្បៈ​ប្រជាប្រិយ​ខ្មែរ​មួយ​បែប ដែល​តាម​ឯកសារ​ខ្លះ​បង្ហាញ​ថា គឺជា​ការ​ហៅ​តាម​ឈ្មោះ​អ្នក​ច្រៀង​ចម្រៀង​នេះ ឈ្មោះ​តា​យ៉ៃ ដែល​មានស្រុក​កំណើត​នៅ​ភូមិ​ឈើ​នាង ឃុំ​ព្រះ​និព្វាន ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ និង កើត​នៅ​ឆ្នាំ​១៨៧៨ ។ តា​យ៉ៃ​ស្លាប់​នៅ​ឆ្នាំ​១៩៥៨ ។ គាត់​មាន វោហារ​ស័ព្ទ​ពូកែ​ណាស់ ហើយ​តាំងពី​ពេល​នោះ​មក គេ​ក៏​លែង​ហៅ​គាត់​ថា​តា​យ៉ៃ​ៗ និង ប្តូរ​មក​ហៅ​ថា​ទៅ​មើល​អា​យ៉ៃ​ៗ​ច្រៀង តាម​ចាស់​ហៅ​វិញ ។

សិល្បៈ​អា​យ៉ៃ ចែក​ចេញ​ជា​ពីរ​ប្រភេទ គឺ​មាន​អា​យ៉ៃ​ឆ្លើយឆ្លង និង​អា​យ៉ៃ​រឿង ។ តែ​ក្នុង​ការ​ច្រៀង​អា​យ៉ៃ​ឆ្លើយឆ្លង​នេះ ជួនកាល​គេ​មាន​ច្រៀង​ជា​ពីរ​គូ ឬ​បី​គូ​ដែរ ។ ពី​សម័យ​ដើម​ចម្រៀង​អា​យ៉ៃ​មិន​ត្រូវ​បាន​គេ​យក​មក​ច្រៀង​ក្នុង​ពិធីកាត់សក់ ហែ​កូនកំលោះ​នៃ​មង្គលការ​របស់​ខ្មែរ​ទេ ប៉ុន្តែ​ឥឡូវ​មានការ​កែប្រែ​ខ្លះ ដោយ​មាន​បទ​មួយ​ចំនួន​ត្រូវ​បាន​គេ​យក​មក​ច្រៀង​ដូច​ជា​បទ​បំពេ ជាដើម ។

ឧបករណ៍​សម្រាប់​ប្រគំ​សិល្បៈ​អា​យ៉ៃ​ជំនាន់​នោះ ចាស់​ៗ​បាន យក​ឧបករណ៍​តន្ត្រី​ប្រភេទ​មហោរី ដូច​ជា​ចាប៉ី​ដង​វែង​មួយ ប៉ីអ​មួយ ខ្លុយ​មួយ ស្គរ​ដៃ​មួយ និង​ក្រាប់​មួយគូ ប៉ុន្តែ​រហូត​មក​ដល់​ក្នុង​អំឡុង​ទសវត្សរ៍​៥០ និង​៦០ ជំនាន់​លោកតា​សង្ហា​ផ​ន និង​តា​ម៉ុ​ក ឧបករណ៍​តន្ត្រី​នៃ​សិល្បៈ​អា​យ៉ៃ​នេះ ត្រូវ​បាន​គេ​យក​ប្រភេទ​ឧបករណ៍​ប្រពៃណី​មក​ប្រគំ​ជំនួស​វិញ ដូច​ជា ទ្រអ៊ូ ទ្រសោ ឃឹម​តូច តាខេ ខ្លុយ ស្គរ​ដៃ និង ឆឹង​មួយគូ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ