ពួកអសប្បុរសជាប្រភេទមនុស្សខ្វះខាតផ្នែកគុណសម្បត្តិទាំងឡាយដែលពួកសប្បុរសមានដូចជួយឧបត្ថម្ភមនុស្សដទៃដែលជាជនល្ងិតល្ងង់ឲ្យមានប្រាជ្ញា ជួយជនរងទុក្ខឲ្យមានសេរីភាព ជួយជនក្រីក្រស្រេកឃ្លានឲ្យទទួលបានអាហារបរិភោគជាដើម ។
បើពិនិត្យមើលពីទ្រព្យសម្បត្តិ ទោះបីពួកអសប្បុរសមានទ្រព្យច្រើនសន្ធឹកយ៉ាងណា ក៏មនុស្សនៅក្នុងក្រុមនេះមិនអើពើចែករំលែកទ្រព្យរបស់ខ្លួនធ្វើជាប្រយោជន៍ដល់មនុស្សដទៃ ដូចជាការចែកទានដោយផ្ទាល់ដល់ជនក្រីក្រ ឬការបង្កើតមូលនិធិសម្រាប់ជួយសិស្សនិស្សិតក្រីក្រ កសាងសាលារៀន មន្ទីរពេទ្យ ឬផ្លូវថ្នល់ ដែលជាប្រយោជន៍ដល់ជាតិទាំងមូលនោះទេ ។
កុំថាឡើយដល់ទៅការចែករំលែកទ្រព្យសម្បត្តិរបស់ខ្លួនដល់មនុស្សដទៃ ពួកអសប្បុរសមិនរវល់អើពើចំណាយពេលវេលាស្ម័គ្រចិត្តជួយកិច្ចការសង្គម ដូចជាការជួយបង្ហាត់បង្រៀនជនល្ងិតល្ងង់ ការជួយកិច្ចការវត្តអារាម សាលារៀន ឬសាងមន្ទីរពេទ្យជាដើម ។ ពួកអសប្បុរសសម្រេចចិត្តធ្វើអ្វីមួយតែងឈរលើមូលដ្ឋានទាញយកប្រយោជន៍មកដល់ខ្លួនឬបក្សពួករបស់ខ្លួនជាមុន ។
ជនជាអសប្បុរសតែទាញយកគ្រប់ហេតុផលដើម្បីបន្តអំពើរើសអើងវណ្ណៈ និងពណ៌សម្បុណ៌របស់មនុស្សដទៃដែលមិនមែនស្ថិតនៅក្នុងវណ្ណៈរបស់ពួកគេទៀតផង ។ (ដោយសាន សារិន)
ចែករំលែកព័តមាននេះ